នាយករដ្ឋមន្ត្រី​ព្រមានពីការ​​​ខ្វះ​អគ្គិសនី​​ចាប់​ពីពេល​នេះ​រហូត​ដល់​ខែ​ឧសភា​ឆ្នាំ​ក្រោយ

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ ២០១៩នេះ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីនៅក្នុងពិធីប្រកាសផ្សព្វផ្សាយឲ្យប្រើប្រាស់ជាផ្លូវការនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៩-២០២៣ ដែលកម្មវិធីនេះប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។ រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ស្នើ​សុំ​ដល់​ពល​រដ្ឋ​មាន​ការ​យោគ​យល់​ដោយ​ថា ​ចាប់​ពី​ពេល​នេះ​រហូត​ដល់​ខែ​ឧសភា​ឆ្នាំ​ក្រោយ ​កម្ពុជា​អាច​ប្រឈម​នឹង​បញ្ហា​ខ្វះ​អគ្គិសនី​ប្រើប្រាស់​ដូច​ខែ​ប្រាំង​ឆ្នាំ​នេះទៀត។

ថ្លែងក្នុង​​ពិធីប្រកាសប្រើប្រាស់ផែនការអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៩-២០២៣ នៅ​ព្រឹក​នេះ​ លោក ហ៊ុន សែន​ ថ្លែង​ថា សុំ​ទោស​ពល​រដ្ឋ​ជា​មុន​លើ​ការ​ផ្គត់​ផ្គង់អគ្គសនី ដោយ​ថា​ ចាប់​ពី​ពេល​នេះ​ទៅ​ ស្ថានភាព​ទឹក​មិន​អាច​ផ្ដល់​គ្រប់គ្រាន់​ក្នុង​ការ​បង្វិល​តួប៊ីន​វារី​អគ្គិសនី​បាន​គ្រប់គ្រាន់​នោះ​ទេ។ លោក​បន្ថែម​ថា ​បញ្ហា​ នេះ​អាច​អូស​បន្លាយដល់​ខែ​ឧសភា ​ឆ្នាំ​២០២០​ខាង​មុខ​ គឺពេលនោះ​​កម្ពុជា​ដំឡើង​ម៉ាស៊ីន​ភ្លើង​ចំនួន​២​​ដែល​មាន​កម្លាំង​៤០០មេហ្គាវ៉ាត់​នៅ​ក្បែ​ភ្នំពេញ​រួច។ លោក​ថា៖

« ហើយ​ក៏សូម​អំពាវ​នាវ​ចំពោះ​ម្ចាស់​សណ្ឋាគារ​ទាំង​ឡាយ​ដែល​មាន​ម៉ាស៊ីន​ភ្លើង​ខ្លួន​ឯង​ នៅ​ពេល​ដែល​​មាន​ការ​ចាំ​បាច់​ហើយ​ត្រូវ​ការ​កាត់​ភ្លើង​ហ្នឹង​ក៏​ត្រូវ​ការ​ប្រើប្រាស់​ម៉ាស៊ីន​ហ្នឹង​បណ្ដោះ​អាសន្ន​សិន​ ទំរាំ​រដ្ឋ​រឹង​ដៃ​រឹង​ជើង​ដំឡើងអា​នេះ (ម៉ាស៊ីនភ្លើង២ នៅ​ជាយ​ក្បែរក្រុង)​ បាន​​គឺ​យើង​ផ្គត់​ផ្គង់​បាន​ហើយ ចាប់​ពី​ខែ​ឧសភា​ទៅ » ។

បើ​តាម​លោក​នាយករដ្ឋមន្ត្រី​ ​បើ​ទោះ​បី​កម្ពុជាមាន​លទ្ធភាព​ផ្គត់ផ្គង់​ភ្លើង​បាន​ ១៣២៨​មេហ្គាវ៉ាត តែ​បច្ចុប្បន្ន ​ខ្លួន​​អាចផលិតភ្លើង​បាន​​ចន្លោះ​ពី​ ១៨០មេហ្គាវ៉ាត់ ដល់ ​៦៨៧​មេហ្គាវ៉ាត់​ប៉ុណ្ណោះ ដោយ​សារ​ការ​ខ្សត់ខ្សោយ​ទឹក។

សកម្មជន​ចលនាមាតា​ធម្មជាតិ​ លោក ហ៊ុន វណ្ណៈ មាន​ប្រសាសន៍​ថា ​​បញ្ហាអគ្គិសនី​​ដែល​កម្ពុជា​ជួបប្រទះ​អគ្គិសនី​នេះ វា​បង្ហាញ​​ពី​ភាព​អសមត្ថភាព​របស់​រដ្ឋាភិបាល ខណៈ​ការ​កសាង​ទំនប់​វារី​អគ្គិសនី និង​រោង​ចក្រ​ធ្យូង​ថ្ម​ជាច្រើន​​ហាក់​គ្មាន​ឆ្លើយ​តប​ចំពោះ​បញ្ហា​នេះ។ លោក​ជំរុញ​ឱ្យ​រដ្ឋាភិបាល​គិត​ពី​ប្រភព​ថាម​ពល​ថ្មី​វិញ​ជាជាង​ពឹង​ផ្អែក​តែ​លើ​វារីអគ្គិសនី និង​ធ្យូង​ថ្ម។ លោក​ថា៖

« យើង​ឃើញ​ថា ​នៅ​ខ្មែរ​យើង​ទំនប់​វារី​អគ្គិសនី​ចាប់ផ្ដើម​សាងសង់​ជា​បន្តបន្ទាប់ ហើយ​ថាមពល​ធ្យូង​ថ្ម​ដែល​ប្រទេស​គេ​ឈប់​ប្រើ​អស់​ហើយ ក៏​យើង​មិន​ត្រឹម​តែ​សង់​បាន​មួយ​ ក៏​គម្រោង​គេ​កសាង​ថ្មី​ទៀត​នៅ​ក្រុង​ព្រះ​សីហនុ ហើយ​លទ្ធផល​នៅ​តែ​មាន​ខ្វះ​អគ្គិសនី​ដដែល។ ដល់​អញ្ចឹង ​ខ្ញុំ​យល់​ថា​ រដ្ឋាភិបាល​គួរ​តែ​ចាប់​ផ្ដើម​គិត​គូរ​ពី​ជម្រើស​ដែល​អ្នក​វិទ្យាសាស្ត្រ​ផ្ដល់​ឱ្យទាក់​ទង​នឹង​ថាម​ពល​ព្រះអាទិត្យ ឬ​ថាម​ពលជីវម៉ាស់​ជាជាង​ផ្ដោត​ទៅ​លើ​ថាម​ពល​វារី​អគ្គិសនី​ ឬ​ធ្យូង​ថ្ម​» ។

ក្នុង​រដូវ​ប្រាំង​ឆ្នាំ​នេះ​ ពលរដ្ឋ​កម្ពុជា​ជាច្រើន​គ្រួសារ​រង​ការ​ប៉ះពាល់​ពីការ​ដាច់​ចរន្ត​អគ្គិសនី​ ដោយ​រដ្ឋាភិបាល​ថា​បណ្ដាល​មក​ពី​កង្វះ​ថាម​ពល​ ដោយ​សារ​ខ្វះ​ទឹក​សម្រាប់​បង្វិល​តួប៊ីន​ទំនប់​វារី​អគ្គិសនី ទោះ​ជាយ៉ាង​ណា ​ខ្លួន​នឹង​ខិត​ខំ​ធ្វើ​ការ​ដោះស្រាយ​មិន​ឱ្យ​មាន​បញ្ហា​នេះ​កើត​ឡើង​ឡើយ​នៅ​ខែ​ប្រាំង​ឆ្នាំ​២០២០៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ