អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាថា ក្រសួងមិនបានទំនាក់ទំនងបន្ថែមទៅកាន់ប្រទេសម៉ាឡេស៊ីដើម្បីអន្តរាគមន៍ឃាត់ខ្លួនលោក សម រង្ស៊ី និងមន្ត្រីអតីតបក្សប្រឆាំងនៅទីនោះទេ ដោយថាកម្ពុជាគោរពសិទ្ធិសម្រេចរបស់ប្រទេសដទៃ។
អ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង បានឱ្យ VOD ដឹងនៅរសៀលនេះថា កម្ពុជាមិនបានស្នើសុំបន្ថែមទៀតដើម្បីឱ្យប្រទេសម៉ាឡេស៊ីអន្តរាគមន៍លើមន្ត្រីអតីតបក្សប្រឆាំងនៅទីនោះឡើយ ក្រៅពីជូនដំណឹងអំពីសេចក្តីសម្រេចរបស់តុលាការដែលផ្ញើជូនប្រទេសនានានៅតំបន់អាស៊ានកាលពីកន្លងទៅ។ លោកកុយ គួង៖
« អត់មានសេចក្តីថ្លែងការណ៍អីផ្សេងទៀតទេ ហើយរឿងព័ត៌មានអ្នកទាំងនោះនៅទីណាអីហ្នឹងក៏យើងមិនបានទទួលព័ត៌មានច្បាស់ទេ។ គ្រាន់តែយើងបានឭទៅតាមបណ្ដាញព័ត៌មានផ្សេងៗទៀតដែរ ហើយយើងគោរពនូវនីតិវិធីផ្ទៃក្នុងរបស់ប្រទេសដទៃ យើងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់គេទេ » ។
សារព័ត៌មាន Reuters បានឱ្យដឹងនៅរសៀលនេះថា លោក សម រង្ស៊ី បានចុះដល់ប្រលានយន្តហោះកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីហើយ។
ក្រៅពីលោក សម រង្ស៊ី នៅពេលនេះមានលោកស្រី មូ សុខហួរ និងសកម្មជនមួយចំនួនរបស់អតីតបក្សសង្គ្រោះជាតិក៏កំពុងស្ថិតនៅប្រទេសម៉ាឡេស៊ីដែរ។
កាលពីថ្ងៃ៧ ខែវិច្ឆិកា អង្គការលើកលែងទោសអន្តរជាតិបានជំរុញដល់អាជ្ញាធរកម្ពុជាឱ្យបញ្ឈប់ការដាក់សម្ពាធទៅលើរដ្ឋាភិបាលប្រទេសក្នុងតំបន់អាស៊ាន ដើម្បីរំខាន និងចាប់ឃាត់ខ្លួនថ្នាក់ដឹកនាំអតីតបក្សសង្គ្រោះជាតិ និងពលរដ្ឋកម្ពុជាដែលពាក់ព័ន្ធនឹងការគាំទ្របក្សនេះ នៅលើទឹកដីប្រទេសទាំងនោះ ដោយថា វាជារឿងដែលហួសចិត្តមួយសម្រាប់ប្រទេសមួយដាក់សម្ពាធប្រទេសដទៃឱ្យធ្វើតាមខ្លួន៕