ក្រសួងសុខាភិបាលបានចាត់ទុកព្រឹត្តិការណ៍ឆ្លងរាលដាលនៅក្នុងសហគមន៍«២០កុម្ភៈ»ជាព្រឹត្តិការណ៍ដែលប្រឈមធ្ងន់ធ្ងរ ដោយសារចំនួនអ្នកឆ្លងមានច្រើន និងមេរោគបានវិវត្តមួយកម្រិតទៀតដែលមានលក្ខណៈគ្រោះថ្នាក់ជាងមុន។
ក្រោយព្រឹត្តិការណ៍នេះ រដ្ឋាភិបាលបានសម្រេចបិទទីតាំងមួយចំនួនជាបន្តបន្ទាប់ទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តមួយចំនួន។ ជាមួយគ្នានេះ ពិធីមង្គលការនិងការកម្សាន្តផ្សេងទៀតខ្លះត្រូវបិទ និងខ្លះត្រូវរឹតបន្តឹង។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឱ្យសាធារណជនចូលរួមសហការទប់ស្កាត់ការឆ្លងរាលដាលមេរោគកូវីដ១៩ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយលោកចាត់ទុកថា នេះជាហេតុការណ៍អាក្រក់សម្រាប់កម្ពុជា។
អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន លើកឡើងថា ស្ថានភាពពេលនេះគ្រោះថ្នាក់ ដោយសារតែការឆ្លងមានចំនួនច្រើន និងមេរោគមានការវិវត្តថ្មី។
លោកស្រី ឱ វណ្ណឌីន៖ «ខ្ញុំទើបជម្រាបជូនថា វីរុសនេះអត់ដឹងនៅកន្លែងណាទេ ហើយឥលូវទើបមានអាបំប្លែងថ្មីទៀតហើយ។ អ៊ីចឹងយើងមិនដឹងលទ្ធភាពនៃការចម្លងហ្នឹងមានលក្ខណៈធំធេងបែបណា។ ឥលូវនេះស្ថានភាពមិនជាល្អសម្រាប់យើងទេ ខ្ញុំសូមគោរពអនុញ្ញាតជម្រាបជូន ស្ថានភាពជាការឆ្លងក្នុងទ្រង់ទ្រាយមួយដ៏លំបាកហើយមានភាពសាំញ៉ាំ»។
លោក ហ៊ុន សែន បញ្ជាក់ថា មិនមានគម្រោងរឹតបន្តឹងទេ បើមានការសហការទប់ស្កាត់ការឆ្លង ប៉ុន្តែលោកបញ្ជាក់ថា បើមិនមានការសហការពីសាធារណជននោះទេ លោកនឹងអនុវត្តការរឹតបន្តឹង។
លោក ហ៊ុន សែន៖ «បើសិនជាមិនអាចធ្វើបានទេ ខ្ញុំនៅសល់ជម្រើសសេសសល់ណាមួយ ត្រូវរឹងបន្តឹងបន្ថែម ដូចជា ការហាមឃាត់មិនឱ្យមានការជួបជុំ រៀបការកូនចៅ ដូចដែលបានធ្វើក្នុងរយៈពេលមុន»។
កាលពីឆ្នាំ២០២០ ក្រៅពីការបិទកន្លែងកម្សាន្តនិងអាជីវកម្មមួយចំនួនទៀតនោះ ក៏មានការបិទការធ្វើដំណើរឆ្លងកាត់រាជធានីខេត្តនៅក្នុងអំឡុងពេលចូលឆ្នាំខ្មែរក្នុងខែមេសាផងដែរ។ ក្រោយពីប្រកាសពីថ្នាក់ដឹកនាំអំពីព្រឹត្តិការណ៍ឆ្លងរាលដាលសហគមន៍២០កុម្ភៈនោះ ទីតាំងកម្សាន្តមួយចំនួនហាក់ស្ងប់ស្ងាត់ជាងមុន ទន្ទឹមនឹងនេះ អ្នកលក់ដូរនិងអ្នកផ្តល់សេវាផ្សេងៗក៏បង្ហាញក្តីបារម្ភពីបញ្ហាជីវភាព។
អ្នកលក់ដូរឬម្ចាស់អាជីវកម្មខ្លះបានត្អូញត្អែរតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក អ្នកខ្លះបានបង្ហាញពីការខឹងសម្បារចំពោះសន្តិសុខសណ្ឋាគារ២នាក់ដែលបានអនុញ្ញាតជនជាតិចិនដែលសង្ស័យមានមេរោគកូវីដ១៩ ធ្វើដំណើរទៅកន្លែងផ្សេងៗ នាំឱ្យមានការឆ្លងរាលដាលមេរោគកូវីដនៅក្នុងសហគមន៍ ប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋទូទាំងប្រទេស។
ជុំវិញបញ្ហាសេដ្ឋកិច្ចនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏សុំការយោគយល់ពីម្ចាស់អាជីវកម្ម ដែលត្រូវបិទទាំងស្រុងនិងដោយផ្នែក ដោយលោកថា មិនមានជម្រើសអ្វីល្អជាងនេះក្នុងការទប់ស្កាត់ការឆ្លងរាលដាលមេរោគកូវីដ១៩នោះទេ។
របាយការណ៍ធនាគារពិភពលោកបង្ហាញថា នៅឆ្នាំ២០២០ សេដ្ឋកិច្ចរបស់កម្ពុជាបានធ្លាក់ចុះដល់ចំណុចក្រោមសូន្យ គឺដក២ភាគរយ។
របាយការណ៍នេះបញ្ជាក់ថា សេដ្ឋកិច្ចរបស់កម្ពុជាអាចនឹងកើនឡើង៤ភាគរយនៅឆ្នាំ២០២១ ប្រសិនបើស្ថានភាពធូរស្រាលពីមេរោគកូវីដ១៩ ប៉ុន្តែក្នុងកុម្ភៈនេះ បែរជាមានការផ្ទុះឆ្លងរាលដាលនៅក្នុងសហគមន៍ជាថ្មីម្តងទៀតដែលមានលក្ខណៈធ្ងន់ធ្ងរជាងពេលមុនៗ។
នៅក្នុងឆ្នាំ២០២០ រដ្ឋាភិបាលត្រូវទទួលបន្ទុកផ្គត់ផ្គង់លើបុគ្គលិកឬកម្មករដែលបាត់បង់ការងារ រួមទាំងកម្មកររោងចក្រ អ្នកធ្វើការងារលើវិស័យទេសចរណ៍ ជាដើម។ ទន្ទឹមនោះ ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រស្រាប់ ក៏ត្រូវឧត្ថម្ភពីរដ្ឋាភិបាលបន្ថែមដែរ ដោយសារតែឥទ្ធិពលនៃមេរោគកូវីដ១៩នេះ។
ចំពោះពលករខ្មែរនៅក្នុងប្រទេសថៃរាប់សែននាក់ ក៏វិលត្រឡប់មកប្រទេសកំណើតវិញដោយសារតែមិនមានការងារធ្វើនៅទីនោះ ហើយពួកគេមកស្រុកខ្មែរវិញមិនមានការងារធ្វើជាក់លាក់ ដើម្បីបានចំណូលចិញ្ចឹមជីវិតនិងបង់សងធនាគារនោះទេ។
កាលពីខែកក្កដា ឆ្នាំ២០២០ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញពីមោទកភាពដែលកម្ពុជាអាចពង្រឹងវិស័យកសិកម្មក្នុងការដើរតួយ៉ាងសំខាន់ជួយសេដ្ឋកិច្ចអំឡុងពេលកូវីដ១៩ អាចដោះស្រាយបញ្ហាពលដ្ឋមិនមានការងារធ្វើ។
លោក ហ៊ុន សែន៖ «ប្រទេសផលិតស្បៀងជាប្រទេសត្រូវប៉ាន់ គឺឱកាសវាបានមកដល់។ យើងត្រូវប្រែក្លាយវិបត្តិនេះឱ្យទៅជាឱកាសសម្រាប់កម្ពុជា ដើម្បីពង្រីកទីផ្សារនាំចេញនូវប្រភេទស្បៀងទាំងឡាយ មិនមែនតែអង្ករទេ។ យើងនាំចេញទាំងម្សៅមី ទាំងដំឡូងមី យើងនាំចេញទាំងស្វាយ នាំចេញទាំងចេក នាំចេញទាំងអ្វីៗដែលជាប្រភេទស្បៀង»។
ទោះយ៉ាងណា គម្រោងនានាក្នុងការពង្រឹងវិស័យកសិកម្ម រួមទាំងធ្វើឱ្យកម្ពុជាក្លាយជាអធិរាជត្រីអណ្តែង ដែលលោកថាងាយស្រួលក្នុងការចិញ្ចឹមដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុកនោះ ក៏មិនបានឃើញលទ្ធផលលេចធ្លោដែរ។
ការប្រឈមនៃសេដ្ឋកិច្ចរបស់កម្ពុជាក្នុងស្ថានភាពនៃការឆ្លងរាលដាលមេរោគកូវីដ១៩នេះ ក៏ត្រូវរងសម្ពាធថែមមួយកម្រិតទៀតនៅក្នុងឆ្នាំ២០២០ ដែលសហភាពអឺរ៉ុបសម្រេចដក «ប្រព័ន្ធអនុគ្រោះពន្ធ» ចំនួន២០ភាគរយ ដោយសារតែបញ្ហារំលោភសិទ្ធិមនុស្ស និងធ្វើឱ្យដំណើរការលទ្ធិប្រជាធិបតេយ្យដើរថយក្រោយវិញ។
ការទប់ស្កាត់ការឆ្លងរាលដាលមេរោគកូវីដ១៩ និង ការដោះស្រាយបញ្ហាសេដ្ឋកិច្ច ហាក់ដូចជា ជញ្ជីងដាក់ថ្លឹងដែលត្រូវការលំនឹងមួយស្មើគ្នា។ បើរឹតត្បិតគ្រប់វិស័យដើម្បីធានាដល់ការទប់ស្កាត់មេរោគកូវីដ១៩ ឱ្យបាន១០០ភាគរយនោះ បញ្ហាសេដ្ឋកិច្ចនឹងផ្ទុះឡើង ជាពិសេសអ្នកដែលរកចំណូលបានតិចតួច ដែលហៅថា រកមួយថ្ងៃរស់មួយថ្ងៃ ហើយបញ្ហាបង់សងបំណុលក៏ចោទឡើងជាថ្មីទៀតដែរ។
ប៉ុន្តែបើបើកទូលាយ មិនបានថ្លឹងថ្លែងពីបញ្ហាមេរោគកូវីដ១៩ នោះបញ្ហាវិបត្តិសុខភាពនឹងកើតឡើងធំ ដោយមិនអាចមានគ្រូពេទ្យឬថ្នាំគ្រប់គ្រាន់សម្រាប់ការព្យាបាល។
នៅប៉ុន្មានថ្ងៃចុងក្រោយនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសារជាបន្តបន្ទាប់ ដោយដោះស្រាយទាំងបញ្ហាសេដ្ឋកិច្ច និងការឆ្លងរាលដាលមេរោគកូវីដ១៩។ លោកណែនាំឱ្យក្រសួងមហាផ្ទៃពិនិត្យឡើងវិញចំពោះវិធានការបិទព្រំដែនក្រោយព្រឹត្តិការណ៍២០កុម្ភៈដែលប៉ះពាល់ដល់ដំណើរការសេដ្ឋកិច្ច។
លោក ហ៊ុន សែន៖ «កូវីដវាបានបំផ្លាញយើងហើយ មិនអាចឱ្យមានការបំផ្លាញសេដ្ឋកិច្ចបន្ថែមទៀតទេ។ ខ្ញុំស្នើសុំឱ្យសម្តេចក្រឡាហោម បញ្ជាក់ឱ្យខ្ញុំ តើអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានចេញបញ្ជាបែបនេះទៅកាន់កន្លែងណាខ្លះ សូមឱ្យដកថយនូវបទបញ្ជានោះវិញ»៕