តំណាងពលរដ្ឋ២៤៤គ្រួសារ នៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានចេញតវ៉ាដោយស្នើប្រមុខរដ្ឋាភិបាលធ្វើបណ្ណកម្មសិទ្ធិដីធ្លីជូនពួកគាត់ ដោយពួកគេអះអាងថា អាជ្ញាធរចេះតែគេចវេះម្ដងហើយម្ដងទៀត មិនព្រមដោះស្រាយ និងប្រាប់ឱ្យពលរដ្ឋដោះដូរដីក្នុងក្រុងទៅរស់នៅកន្លែងផ្សេងវិញ។
ពលរដ្ឋម្នាក់ដែលអះអាងថាជាតំណាងអ្នកភូមិមានជម្លោះដីធ្លីរស់នៅភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ អ្នកស្រី ហ៊ី សុខហ៊ុយ មានប្រសាសន៍នៅថ្ងៃទី៨ ខែវិច្ឆិកានេះថា ពួកគាត់ភាគច្រើនរស់នៅលើដីនេះចម្លោះពី២០ទៅ៣០ឆ្នាំមកហើយ ប៉ុន្តែស្រាប់តែនៅដើមខែកុម្ភៈ ឆ្នាំ២០២១នេះ អាជ្ញាធរបែរជាចោទពួកគាត់ថា រស់នៅលើដីចំណីផ្លូវទៅវិញ។
អ្នកស្រីបន្តថា កន្លងមក ពួកគាត់ធ្លាប់បានស្នើសុំធ្វើបណ្ណកម្មសិទ្ធិដីធ្លីជាច្រើនដងដែរ តែអាជ្ញាធរមិនអើពើ ហើយរហូតមកទល់ពេលនេះ អាជ្ញាធរបែរជាប្រាប់ឱ្យពលរដ្ឋដោះដូរដីទៅរស់នៅតំបន់ដែលគ្មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ទៅវិញ។
អ្នកស្រីលើកឡើងថា៖ «ពួកយើងចង់បានប្លង់កម្មសិទ្ធិ ដោយសារតែអាជ្ញាធរ គាត់អត់មានដំណោះស្រាយឱ្យខ្ញុំសមរម្យ គិតតែពីដូរដីៗ! ដូរឱ្យពួកខ្ញុំទៅនៅឯណា? បើគ្នានៅហ្នឹងយូរហើយ ឱ្យគ្នាទៅនៅឯណា? តំបន់ចុងកាត់មាត់ញកហ្នឹង គ្មានទឹក គ្មានភ្លើង ហើយឱ្យគ្នាទៅនៅម៉េច?»
ទោះជាយ៉ាងណា អ្នកស្រី ហ៊ី សុខហ៊ុយ មិនច្បាស់ថា អាជ្ញាធរយកដីនោះទៅអភិវឌ្ឍអ្វីនោះទេ។ តែគាត់ថា គាត់មិនជំទាស់នឹងការអភិវឌ្ឍនោះទេ ប៉ុន្តែគាត់ចង់ឱ្យអាជ្ញាធរពាក់ព័ន្ធធ្វើយ៉ាងណាឱ្យមានយុត្តិធម៌ ខណៈម្ចាស់សំណង់ធំៗអាចបន្តអភិវឌ្ឍបាននៅភូមិឡកំបោរ តែពលរដ្ឋបែរជាមិនអាចរស់នៅលើដីរបស់ខ្លួនក្នុងភូមិដូចគ្នានេះបាន។
ពលរដ្ឋម្នាក់ទៀត អ្នកស្រី សេង សំ ប្ដេជ្ញាបន្តការទាមទារប្លង់កម្មសិទ្ធិ និងបន្តរស់នៅលើដីនេះដដែល ដោយថា ការផ្លាស់ប្ដូរកន្លែងថ្មីពិបាកក្នុងការប្រកបមុខរបរចិញ្ចឹមជីវិត។ លោកស្រីបន្តថា នឹងមិនទទួលយកបានទេ ប្រសិនបើអាជ្ញាធរឱ្យទៅរស់នៅទីតាំងដែលមិនច្បាស់លាស់នោះ។
អ្នកស្រីលើកឡើងថា៖ «ខ្ញុំមកហ្នឹងចង់បានប្លង់កម្មសិទ្ធិរស់នៅកន្លែងនេះ ហើយអាជ្ញាធរឱ្យដូរទៅណា ខ្ញុំអត់ទៅ! បើអត់ដោះស្រាយឱ្យ ចេះតែតស៊ូទៅ តវ៉ារហូតទៅ ព្រោះយើងរស់នៅយូរហើយតាំងពីក្មេងរហូតដល់សក់ស្កូវអាយុ៦០ជាង ព្រោះនៅនេះ វាមានកន្លែងរកស៊ី ទៅឆ្ងាយរកស៊ីមិនដឹង ឱ្យទៅនៅកណ្ដាលបឹងអីក៏មិនដឹង»។
ពលរដ្ឋដែលចេញមកតវ៉ាផ្សេងទៀត អ្នកស្រី គង់ វណ្ណា បញ្ជាក់ថា នឹងមិនចាកចេញពីភូមិកំណើតនោះទេ ព្រោះជារឿងអយុត្តិធម៌ដែលឱ្យអ្នកស្រីចេញពីលំនៅដ្ឋានដោយមិនមានសំណងសមរម្យ។
អ្នកស្រីលើកឡើងថា៖ «ដំណោះស្រាយធ្វើម៉េចធ្វើឱ្យស័ក្តិសមទាំងអស់គ្នាបានៗ។ ដំបូងគេកត់ថាជំរឿនខ្នងផ្ទះ ដល់មួយអាទិត្យបានផ្ដិតមេដៃនិងរូបថត ហើយអត់ឱ្យឃើញទាំងអស់ដល់សព្វថ្ងៃ។ ដល់ចុងក្រោយមក ឱ្យកូនចៅចេញពីដី។ អ៊ីចឹងអយុត្តិធម៌ណាស់! ហើយធ្វើផ្លូវហ្នឹងក៏មិនប៉ះដល់ដី [ដីផ្ទះពលរដ្ឋ] ហ្នឹងដែរ ម៉េចបានដេញឱ្យចេញពីដីហ្នឹងទាំងអស់»។
តំណាងពលរដ្ឋម្នាក់ទៀត លោក ណំ អ៊ុល អះអាងថា ដីលំនៅដ្ឋានរបស់លោកមិនប៉ះពាល់ដល់ការកសាងផ្លូវទេ។ តែយ៉ាងណា លោកបង្ហាញជាចម្ងល់ថា ហេតុអ្វីអាជ្ញាធរតម្រូវឱ្យគ្រួសារលោកចាកចេញពីទីតាំងភូមិបច្ចុប្បន្នទៅវិញ?
បុរសមានពិការភាព វ័យ៥២ឆ្នាំរូបនេះ ថ្លែងថា លោកនឹងមិនចាកចេញពីរាជធានីភ្នំពេញ ហើយទៅរស់នៅកន្លែងដែលមិនច្បាស់ថានៅឯណានោះទេ។
លោកលើកឡើងថា៖ «ពលរដ្ឋខ្ញុំមិនពេញចិត្តទេនឹងការដោះដូរហ្នឹងទេ ព្រោះដីខ្ញុំនៅសល់យ៉ាងតិចក៏១០ម៉ែត្រដែរ [គិតជាទទឹង ក្រោយធ្វើផ្លូវរួច]។ រួចដីខ្ញុំនៅនឹងក្រុង ហើយឱ្យទៅនៅកន្លែងចង្អុលៗៗ [គឺ]ខ្យល់ដី [ទីតាំងដីមិនច្បាស់លាស់ មិនប្រាកដប្រជា]។ ផ្លូវនេះ វាសមតែប្រជាពលរដ្ឋដែលរស់នៅនឹងប្រឡាយនេះ សមតែមានសំណង មិនគួរណាឱ្យគាត់រស់នៅវេទនាតទៅទៀតនោះទេ»។
យ៉ាងណា លោក ណំ អ៊ុល បញ្ជាក់ថា គាត់នឹងពិភាក្សាបន្តទៀតជាមួយសហគមន៍ បើសិនអាជ្ញាធរផ្ដល់សំណងសមរម្យជាថ្នូរនឹងការចាកចេញ។
អភិបាលរងខណ្ឌឫស្សីកែវ លោក ប្រាជ្ញ សីហា សុំមិនបកស្រាយផ្ទាល់ប្រាប់ វីអូឌី ទេ ដោយលោកមានប្រសាសន៍ថា តួនាទីបកស្រាយគឺនឹងធ្វើឡើងដោយអភិបាលខណ្ឌឫស្សីកែវ លោក ជា ពិសី នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។
លោកលើកឡើងថា៖ «បងប្អូនយើង ថ្ងៃព្រហស្បតិ៍ចូលរួមដោះស្រាយ ប្រជុំជាមួយខណ្ឌ។ ជជែកគ្នាជាមួយអភិបាលខណ្ឌទៅ បើខ្ញុំឆ្លើយច្រើន ខុស! យល់ទេ? ឱ្យអភិបាលខណ្ឌមកជជែកជាមួយពលរដ្ឋទៅ ព្រោះគាត់ជាមេ។ ថ្ងៃព្រហស្បតិ៍ ម៉ោង៨ [ព្រឹក]។ ជជែកគ្នាទៅ ប្រជាពលរដ្ឋជាមួយអាជ្ញាធរ ជជែករកដំណោះស្រាយ»។
អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្ស របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សូផាត ថ្លែងថា ជាទូទៅ ពលរដ្ឋមិនចង់ផ្លាស់ប្ដូរទីលំនៅតាមរយៈការដោះដូរដីបែបនេះនោះទេ ដោយសារតាមបទពិសោធន៍ដែលពួកគាត់ធ្លាប់ឃើញ គឺពលរដ្ឋដែលដោះដូរដី ច្រើនតែមានជីវភាពយ៉ាប់យ៉ឺនជាងមុន។
លោកមានប្រសាសន៍ថា៖ «ជាទូទៅ យើងឃើញថា ពលរដ្ឋដែលត្រូវគេបណ្ដេញចេញ ឬក៏ដោះដូរដីធ្លីហ្នឹង ឃើញថា ជីវភាពរបស់ពួកគាត់មិនបានប្រសើរដូចកន្លែងដើមទេ។ អ៊ីចឹងគាត់ម៉េចចង់ទៅ! តើអាជ្ញាធរហ្នឹងចង់យកដីពួកគាត់ទៅធ្វើអី បានជាចង់ឱ្យពួកគាត់រើទៅកន្លែងផ្សេងចឹង?»
លោកបានជំរុញដល់អាជ្ញាធរធ្វើបណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋនៅនឹងកន្លែង។ លោកបន្ថែមថា កន្លងមក តាមបទពិសោធន៍ជាក់ស្ដែង ពលរដ្ឋដឹងថា ពេលដែលពួកគាត់ចាកចេញ ដីរបស់គាត់នឹងបានទៅលើអ្នកមានឥទ្ធិពល ខណៈបច្ចុប្បន្ន បញ្ហាដីធ្លីបានកក្រើកជាថ្មី បញ្ហាវិសមភាពក៏កើតឡើង ជាពិសេសពលរដ្ឋសាមញ្ញនិងក្រីក្រ ច្រើនជាអ្នករងគ្រោះ។
បើតាមតំណាងពលរដ្ឋនៅភូមិឡកំបោរ ពួកគាត់មិនច្បាស់ពីទំហំដីសរុបរបស់អ្នកភូមិថាមានប៉ុន្មានហិកតានោះទេ ប៉ុន្តែដីរបស់អ្នកភូមិក្នុងគ្រួសារនីមួយៗ ភាគច្រើនមានទទឹងចន្លោះពី៧ទៅ១០ម៉ែត្រ និងបណ្ដោយពី១០ទៅ២០ម៉ែត្រ៕