ប្រជាពលរដ្ឋប្រមាណ១០០នាក់ មកពីឃុំចំនួន៤ ក្នុងខេត្តកណ្ដាល និងតាកែវ ដែលមានបញ្ហាដីធ្លីក្រោមគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី (OCIC) បាននាំគ្នាប្រមូលផ្ដុំនៅមុខរដ្ឋសភា នៅថ្ងៃសុក្រនេះ ដើម្បីស្នើឱ្យស្ថាប័នមួយនេះជួយអន្តរាគមន៍ទៅរដ្ឋាភិបាលដោះស្រាយសំណងសមរម្យដល់ពួកគាត់។
កាលពីខែកក្កដា ឆ្នាំ២០២១ ក្រុមពលរដ្ឋបានចេញលិខិតចំហមួយច្បាប់ដោយបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី នៃក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) របស់លោកឧកញ៉ា ពុង ឃាវសែ បានធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋ៣៣០គ្រួសារ មកពីឃុំចំនួន៤ រួមមាន ឃុំបឹងខ្យាង ឃុំអំពៅព្រៃ ឃុំព្រែកស្លែង ក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងឃុំពត់សរ នៅស្រុកបាទី ខេត្តតាកែវ ដែលមានក្បាលដីទំហំជាង១លានម៉ែត្រការ៉េ។
អ្នកស្រី អៀង សារី អះអាងជាតំណាងពលរដ្ឋមកពីឃុំព្រែកស្លែង បានលើកឡើងថា ការដែលពួកគាត់នាំគ្នាមកតវ៉ានិងដាក់ញត្តិសុំការអន្តរាគមន៍ពីរដ្ឋសភានេះ ដោយសារពួកគាត់អស់ជំនឿលើអាជ្ញាធរខេត្តនិងរដ្ឋាភិបាលដែលមិនបានផ្ដល់ដំណោះស្រាយសមរម្យដល់ពួកគាត់។ អ្នកស្រីបន្តថា ពលរដ្ឋដែលរងផលប៉ះពាល់ ស្នើឱ្យរដ្ឋសភាជួយអន្តរាគមន៍ទៅរដ្ឋាភិបាល ធ្វើយ៉ាងណាដោះស្រាយសំណងដីធ្លីទៅតាមតម្លៃទីផ្សារ។
បើតាមក្រុមពលរដ្ឋដែលប្រមូលផ្ដុំតវ៉ានោះ ផលប៉ះពាល់នៃគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះ ក្រុមហ៊ុននិងអាជ្ញាធរផ្ដល់សំណងជូនពួកគាត់ត្រឹមតែ៨ដុល្លារក្នុងមួយម៉ែត្រការ៉េប៉ុណ្ណោះ ដែលសំណងនេះពួកគេមិនអាចទទួលយកបានទេ ខណៈដីនៅក្បែរនោះមានតម្លៃរហូតដល់២០ទៅ ៣០ដុល្លារក្នុងមួយម៉ែត្រ ហើយថា សំណងត្រឹម៨ដុល្លារនេះក៏មិនអាចទៅដោះដូរឬទិញលក់នៅកន្លែងផ្សេងបានដែរ។
ពាក់ព័ន្ធនឹងករណីនេះ មន្ត្រីតំណាងរដ្ឋសភាបានចេញមកទទួលយកញត្តិរបស់ក្រុមប្រជាពលរដ្ឋ ដោយសន្យាថានឹងចាត់មន្ត្រីចុះទៅពិនិត្យនិងសម្របសម្រួលស្វែងរកដំណោះស្រាយជូនពលរដ្ឋ។
កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ អង្គការសង្គមស៊ីវិលចំនួន៣១ស្ថានប័នបានចេញសេចក្ដីថ្លែងការណ៍មួយស្នើដល់ស្ថាប័នពាក់ព័ន្ធផ្ដល់សំណងឱ្យបានសមស្របតាមតម្លៃទីផ្សារជូនប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់ដីធ្លីពីគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះ និងចៀសវាងនូវកិច្ចព្រមព្រៀងដោយមានការបង្ខិតបង្ខំ ដើម្បីរក្សានូវការគោរពសិទ្ធិមនុស្សដែលទទួលស្គាល់ដោយរដ្ឋធម្មនុញ្ញកម្ពុជា។
សេចកដីថ្លែងការណ៍នោះបន្តថា វិវាទដីធ្លីរវាងក្រុមហ៊ុន OCIC និងប្រជាពលរដ្ឋម្ចាស់ដីនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ក្នុងខេត្តកណ្ដាល មានសភាពធ្ងន់ធ្ងរទៅៗ ដោយពុំមានការដោះស្រាយសមស្របជូនពលរដ្ឋឡើយ ហើយបានឈានដល់មានការប៉ះទង្គិចគ្នាដោយហិង្សាទ្រង់ទ្រាយធំរវាងសមត្ថកិច្ចនិងប្រជាពលរដ្ឋម្ចាស់ដីនាពេលកន្លងមក រហូតពលរដ្ឋម្នាក់របួសធ្ងន់ថែមទៀត។
ក្រុមអង្គការទាំងនេះក៏បានស្នើដល់ភាគីពាក់ព័ន្ធ ជាពិសេសរដ្ឋាភិបាលត្រូវដោះស្រាយបញ្ហាជម្លោះដីធ្លីនេះតាមនីតិវិធី ដោយកោះហៅភាគីទំនាស់មកចរចាគ្នា ដោយឈរលើផលប្រយោជន៍និងសេចក្ដីត្រូវការរបស់គ្រប់ភាគី ហើយភាគីទំនាស់និងអាជ្ញាធរគួររក្សាឱ្យបាននូវភាពអហិង្សា៕