ក្រសួងបរិស្ថាន បានឱ្យដឹងថា គុណភាពខ្យល់នៅតាមបណ្ដារាជធានី-ខេត្តមួយចំនួនមានការធ្លាក់ចុះ ដែលជាហានិភ័យបង្កឱ្យមានផលប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ។
ក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថាន បានឱ្យដឹងកាលពីល្ងាចថ្ងៃទី៣១ ខែមករា ថាតាមរយៈការតាមដានគុណភាពខ្យល់ពីស្ថានីយត្រួតពិនិត្យគុណភាពខ្យល់ ដែលក្រសួងដំឡើងនៅតាមរាជធានី-ខេត្តទូទាំងប្រទេស បានបង្ហាញថា ស្ថានភាពគុណភាពខ្យល់មានការធ្លាក់ចុះគួរឱ្យព្រួយបារម្ភ ជាពិសេសកម្រិតកំហាប់ភាគល្អិតនិចល PM10 និង PM2.5 អាចកើតមានឡើងលើសកម្រិតស្ដង់ដារនៅបណ្ដាខេត្តមួយចំនួន ដែលជាហានិភ័យបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។
ក្រសួងកត់សម្គាល់ថា ប្រភពនិងសកម្មភាពសំខាន់ៗដែលជាហេតុបង្កឱ្យមានកម្រិតកំហាប់ភាគល្អិតនិចល PM10 និង PM2.5 មានការកើនឡើងជាអាទិ៍ ដោយសារតែការបញ្ចេញផ្សែងពីរោងចក្រឧស្សាហកម្ម ពីយានយន្តប្រើប្រាស់ប្រេងម៉ាស៊ូត និងពីចំហេះឥន្ធនៈផ្សេងៗទៀត ភ្លើងឆេះព្រៃ ការដុតព្រៃ ដុតវាលស្មៅ ដុតគល់ជញ្រ្ជាំង ដុតសំរាមនិងសំណល់រឹងនៅទីចំហ ការឆេះសំរាមនៅទីលានចាក់សំណល់ និងការហុយធូលីពីការដ្ឋានសំណង់ ជាដើម។
ករណីនេះ ក្រសួងបរិស្ថាន ជំរុញទៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ទីរបរិស្ថាន រួមគ្នាកែលម្អគុណភាពខ្យល់នៅតាមរាជធានី-ខេត្ត ដូចជា ត្រូវចាត់វិធានការទប់ស្កាត់ភ្លើងឆេះព្រៃ និងការដុតសំរាម សំណល់រឹងនៅតាមទីចំហ ការឆេះនៅតាមទីលានចាក់សំណល់, ត្រូវចាត់វិធានការទប់ស្កាត់ការហុយធូលីពីការដ្ឋានសំណង់ និងការដ្ឋានកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងធូលីហុយនៅតាមដងផ្លូវ, ការសម្អាតអនាម័យនៅតាមដងផ្លូវទីសាធារណៈ និងអប់រំប្រជាពលរដ្ឋកុំឱ្យដុតសំរាម សំណល់រឹង ការដុតស្មៅ គល់ជញ្រ្ជាំង និងសំណល់កសិកម្មផ្សេងៗទៀត។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា មានប្រសាសន៍បន្ថែមនៅថ្ងៃអង្គារនេះថា គុណភាពខ្យល់ដែលធ្លាក់ចុះនិងមានហានិភ័យបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ រួមមាន នៅរាជធានីភ្នំពេញ ខេត្តព្រះវិហារ កំពង់ស្ពឺ ស្ទឹងត្រែង មណ្ឌលគិរី ក្រចេះ សៀមរាប និងខេត្តព្រះសីហនុ។
ទោះជាយ៉ាណា លោកអះអាងថា ការធ្លាក់ចុះគុណភាពខ្យល់នៅក្នុងរាជធានី-ខេត្តទាំងនោះមិនទាន់ឡើងដល់បន្ទាត់ក្រហមដែលត្រូវប្រកាសអាសន្ននោះទេ ដោយសារកម្រិតកំហាប់ភាគល្អិតនិចល PM10 និង PM2.5 នៅមានគុណភាពល្អនៅឡើយ។
ប្រភពដដែលបន្ថែមថា ក្រសួងបរិស្ថានជំរុញទៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ទីរបរិស្ថាន ឱ្យរួមគ្នាកែលម្អគុណភាពខ្យល់នៅតាមរាជធានី-ខេត្តទាំងនោះ ដើម្បីកាត់បន្ថយគុណភាពខ្យល់ដែលធ្លាក់ចុះ ឱ្យមានភាពល្អប្រសើរឡើងវិញផងដែរ ។
លោកមានប្រសាសន៍ថា៖ «មិនមែនមានបញ្ហាហើយ បានយកយកចិត្តទុកដាក់ទេ! គឺយើងបានត្រៀមលក្ខណៈជាមុន ជូនដំណឹង និងចាត់វិធានការ ដើម្បីកាត់បន្ថយនិងទប់ស្កាត់ការបំពុលខ្យល់សាធារណៈនេះផងដែរ»៕