ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សម្រេចលុបចោលបញ្ជីឈ្មោះបេក្ខជនទាំងអស់នៃគណបក្សភ្លើងទៀននៅឃុំ-សង្កាត់ចំនួន២ ក្នុងចំណោម៥ឃុំ-សង្កាត់ នៃខេត្តកំពង់ចាម ដោយសាររកឃើញមានភាពមិនប្រក្រតីនៃដំណើរការចុះឈ្មោះបេក្ខជនសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។
ការសម្រេចនេះធ្វើឡើងបន្ទាប់ពីលោក កែត ឃី មេធាវីការពារក្ដីឱ្យដើមបណ្ដឹងរបស់គណបក្សភ្លើងទៀន បានប្ដឹងទៅ គ.ជ.ប ស្នើសុំរក្សាបញ្ជីឈ្មោះបេក្ខជនឈរឈ្មោះមកពីគណបក្សភ្លើងទៀនចំនួន៥ឃុំ-សង្កាត់ រួមមាន ឃុំស្ពឺ ឃុំចង្ការអណ្ដូង សង្កាត់បឹងកុក និងសង្កាត់សំបួរមាស ខេត្តកំពង់ចាម ។
ក្រោយពីសួរដេញដោល និងស្ដាប់ការធ្វើសេចក្ដីសន្និដ្ឋានរបស់មេធាវីដើមបណ្ដឹង និងមេធាវីការពារក្ដីឱ្យគណបក្សភ្លើងទៀនរួចមក ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ប្រាជ្ញ ចន្ទ បានសម្រេចលុបបញ្ជីឈរឈ្មោះរបស់បេក្ខជនមកពីគណបក្សភ្លើងទៀនចំនួន២ឃុំ-សង្កាត់ រួមមាន ឃុំស្ពឺ (សំណុំរឿង០៧៣) និងសង្កាត់បឹងកុក (សំណុំរឿង០៧២) ដោយសារផ្ទុយនឹងគតិច្បាប់។
លោកបន្តថា ចំណែកឃុំ-សង្កាត់ចំនួន៣ទៀតដែលប្រធានក្រុមប្រឹក្សាជំនុំជម្រះអនុញ្ញាតឱ្យគណបក្សភ្លើងទៀនបានចុះបញ្ជី ដោយសារការត្រៀមដាក់បេក្ខជនបម្រុងរបស់គណបក្សនេះមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ពេញលេញដែលអាចទទួលយកបាន ដោយបេក្ខជនចេះសរសេរ ចេះអានភាសាខ្មែរ និងសរសេរប្រវត្តិរូប ចុះហត្ថលេខា និងផ្ដិតមេដៃដោយផ្ទាល់ដៃ ដោយមិនមានអ្នកដទៃធ្វើជំនួសនោះទេ។
ការសម្រេចរបស់ប្រធានក្រុមប្រឹក្សាជំនុំជម្រះនេះ បានប្រកាសជាសាធារណៈនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២នេះ នៅចំពោះមុខដើមបណ្ដឹង និងមេធាវីតំណាង និងជាសេចក្ដីសម្រេចស្ថាពរបិទផ្លូវតវ៉ា។
អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា មានប្រសាសន៍បន្ថែមថា ដើមចមដែលប្រធានក្រុមប្រឹក្សា នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រេចលុបចោលបញ្ជីបេក្ខជនទាំងអស់នៃគណបក្សភ្លើងទៀនក្នុងឃុំ-សង្កាត់ចំនួន២នោះ ដោយសារ គ.ជ.ប រកឃើញមានភាពមិនប្រក្រតី និងមានភាពស្មុគស្មាញច្រើននៃដំណើរការចុះឈ្មោះរបស់បេក្ខជន។
លោកថា៖ «សំណុំរឿងមួយនោះ ខាងតំណាងគណបក្សភ្លើងទៀន លោកបានប្រកាសថា មិនមានបេក្ខជនបម្រុងសម្រាប់ធ្វើការជំនួសនោះទេ ហើយសំណុំរឿងមួយទៀតពាក់ព័ន្ធសាម៉ីខ្លួនលោកអត់បានអញ្ជើញមកទេ» ។
លោកបន្ថែមថា៖ «ហើយ គ.ជ.ប ពិនិត្យឃើញថា បញ្ជីរបស់គណបក្សភ្លើងទៀនដែលក្រុមប្រឹក្សាធ្វើការបដិសេធនេះ មានភាពស្មុគស្មាញដែលមិនអាចទទួលយកបានសម្រាប់ការចុះបញ្ជី។ អ៊ីចឹង គ.ជ.ប សម្រេចឱ្យគណៈកម្មាធិការឃុំសង្កាត់សម្រាប់រៀបចំការបោះឆ្នោតអនុវត្តទៅតាមនីតិវិធី»។
តំណាងគណបក្សភ្លើងទៀនប្រចាំនៅខេត្តកំពង់ចាម លោក វ៉ាត់ ធារិត ដែលជាដើមបណ្ដឹង បានថ្លែងប្រាប់វីអូឌីថា គាត់មានការរីករាយផង និងបារម្ភផង ជុំវិញការសម្រេចរបស់ គ.ជ.ប។
លោកថា៖ «គ្រាន់តែចាប់ផ្ដើមភ្លាម បេក្ខជនថ្វីត្បិតតែយើងរកបាន ប៉ុន្តែពួកគាត់ចេញចូលៗ ជួនកាលរៀបបានកន្លះម៉ោង សុំដកខ្លួនចេញវិញ សុំឈប់វិញ វាពិបាកណាស់! ដូច្នេះវាជាបរិយាកាសមួយដែលយើងពិបាកក្នុងការប្រកួតប្រជែងក្នុងការបោះឆ្នោតខាងមុខដែរ ពីព្រោះប្រជាពលរដ្ឋគាត់មានស្ថានភាពផ្លូវចិត្តមិននឹងនរ»។
នាយកប្រតិបត្តិអង្គការនិចហ្វិក លោក សំ គន្ធាមី មានប្រសាសន៍ថា ការលុបឈ្មោះបេក្ខជនពីបញ្ជីបេក្ខជនគណបក្សភ្លើងទៀនចេញពីបញ្ជីឈ្មោះបោះឆ្នោត ទំនងជាអាជ្ញាធរពាក់ព័ន្ធរបស់ គ.ជ.ប និងមន្ត្រីគណបក្សនោះ ធ្វើការងារមិនស៊ីសង្វាក់គ្នាក្នុងការសម្របសម្រួលក្នុងដំណាក់ការនីតិវិធីកែតម្រូវកំហុសឆ្គងផ្សេងៗជាដើម។
ករណីនេះ លោកផ្ដល់ជាអនុសាសន៍ថា មន្ត្រីពាក់ព័ន្ធ និងគណបក្សនយោបាយ គួរតែធ្វើការសហការងារក្នុងការចុះឈ្មោះបេក្ខជនរបស់គណបក្សនយោបាយ ដើម្បីឱ្យការបោះឆ្នោតមានសេរី និងយុត្តិធម៌ ។
កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ប្រាជ្ញ ចន្ទ បានសម្រេចលុបបញ្ជីឈរឈ្មោះរបស់បេក្ខជនទាំងអស់មកពីគណបក្សភ្លើងទៀន (បេក្ខជនចំនួន១៨នាក់) ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ចេញពីបញ្ជីឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ក្រោយរកឃើញមានភាពមិនប្រក្រតីក្នុងការចុះឈ្មោះនាពេលកន្លងមក។
កាលពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ គ.ជ.ប បានបើកឱ្យគណបក្សនយោបាយចុះឈ្មោះបេក្ខជនរបស់ខ្លួនសម្រាប់ឈរឈ្មោះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងនោះមានគណបក្សនយោបាយចំនួន១៧ដែលបានដាក់បញ្ជីបេក្ខភាពរបស់ខ្លួន។
បើតាមប្រតិទិនរបស់ គ.ជ.ប ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ៕