គ.ជ.ប សម្រេច​​លុបបញ្ជីឈ្មោះ​បេក្ខជ​ន​​​បក្សឆន្ទៈខ្មែរ និងបក្សភ្លើងទៀននៅសង្កាត់ចំនួន​៣ក្នុង​ខេត្តកំពង់ចាម​និងភ្នំពេញ

គ.ជ.ប ធ្វើសន្និសីទកាសែតបញ្ជាក់ពីជំហររំលាយបេក្ខភាពគណបក្សភ្លើងទៀននៃសង្កាត់ទួលស្វាយព្រៃ១ នៅទីស្ដីការ គ.ជ.ប ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២។ (ម៉ម មុនីរតន៍)

ប្រធាន​ក្រុមប្រឹក្សាជំនុំជម្រះនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សម្រេចលុបឈ្មោះបេក្ខជនមកពី​​គណបក្សឆន្ទៈខ្មែរ និង​គណបក្ស​ភ្លើង​ទៀ​ន​ចំនួន ១៣រូប ចេញពីបញ្ជីឈរឈ្មោះ​ក្នុងការ​បោះឆ្នោត​ជ្រើស​​​​​រើ​ស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​​ ក្រោយរកឃើញភាពមិនប្រក្រតីក្នុងដំណើរ​​​​​ការដាក់​បេក្ខ​ជនឈរ​ឈ្មោះ ខណៈបេក្ខជន​ឈរឈ្មោះរបស់​គណបក្សភ្លើងទៀន ៤រូបទៀត រក្សាទុកនៅដដែល។

ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពី​ដើមបណ្តឹងស្នើ​សុំលុប​ឈ្មោះ និង​លុបបញ្ជី​ឈ្មោះ​បេក្ខជនឈរឈ្មោះ​របស់គណបក្សនយោបាយចំនួនពីរ គឺឈ្មោះបេក្ខជន​មកពី​​គណបក្សភ្លើងទៀន​ចំនួន​ ៧រូប​ ស្ថិត​​​នៅ​សង្កាត់​​​វាល​វង់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្ត​កំពង់​ចាម និងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌ​ដូនពេញ រាជ​ធានីភ្នំពេញ​ រួមទាំងឈ្មោះបេក្ខជន​មកពី​គណបក្សឆន្ទៈខ្មែរចំនួន​១០រូប​ ស្ថិតនៅ​សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

លោក​ស្រី ទុន គឹម​ហួយ ដែល​ជាមេធាវី​ដើមបណ្តឹងរបស់ឈ្មោះ​ សុខ ពង់ច័​ន្ទ​វិសុទ្ធ បាន​លើក​ឡើងនៅ​ក្នុង​បន្ទប់​សវនាការ​នាព្រឹកថ្ងៃអង្គារនេះថា ដើមចម​ដែល​នាំឱ្យពួកគេដាក់​ពាក្យ​បណ្តឹង​សុំឱ្យ​លុប​ឈ្មោះ​​បេក្ខ​ជន​​ឈរឈ្មោះរបស់គណបក្សឆន្ទៈខ្មែរ​ចំនួន១០នាក់នោះ ដោយសារបេក្ខជន​​ខ្លះមិន​ចេះ​អក្សរ មិន​បាន​បំពេញ​ប្រវត្ត​រូប​ខ្លួន​ឯង និង​មិនបានចុះហត្ថលេខា និងស្នាមមេដៃជាដើម។

ដោយ​ឡែក ដើមបណ្តឹង​​​​លោក ប៉ក់ ប៉ុន បានលើកឡើងក្នុង​អង្គសវនាការដែរថា គាត់ប្តឹងទៅ គ.ជ.ប ស្នើសុំលុបបញ្ជីដំបូងរបស់បេក្ខជនចំនួន៤នាក់ ដែលឈរឈ្មោះរបស់គណបក្សភ្លើងទៀន នៅ​សង្កាត់​​វាល​វង់ ដោយ​សារ​ពួក​គេ​មិន​ចេះ​សរ​សេរ​អក្សរ និង​មិនចេះ​អាន​ជាដើម។

ប៉ុន្តែ​លោក កែត ឃី មេធាវីការពារក្តី​ឱ្យគណបក្សភ្លើងទៀន​ បាន​បដិសេធ​និង​ការ​ចោទ​ប្រកាន់​នេះ ។

ចំណែក លោក ស សារ៉ា ដែលប្តឹងទៅ គ.ជ.ប សុំលុបបញ្ជីបេក្ខជនឈរឈ្មោះ​​ដំបូងរបស់គណបក្សភ្លើងទៀន នៅសង្កាត់សំបួរមាស បានអះអាងថា គាត់ប្តឹងទៅ គ.ជ.ប ដោយសារតែបេក្ខជនឈរឈ្មោះក្នុងសង្កាត់សំបួរមាសចំនួន៣នាក់ រួមមាន​ឈ្មោះ ហ៊ុន គឹមសាន, វ៉ា​ គឹមហេន និងសៅ ស្រីនាង បានក្លែងបន្លំឯកសារ មិនចេះអក្សរ មិនមានទីលំនៅដ្ឋានច្បាស់លាស់នៅក្នុងភូមិដែល​ឈរ​ឈ្មោះ និង​មានការ​ចុះហត្ថលេខា និងផ្តិតមេដៃជំនួស។

រីឯ លោកស្រី​ ទុន គឹមហួយ ដែល​ជាមេធាវីការពារក្តីឱ្យដើមបណ្តឹង សុខ ពង់វង់ពិសិដ្ឋ  បានស្នើទៅប្រធានក្រុមប្រឹក្សាជំនុំជម្រះ គ.ជ.ប ​លុប​បញ្ជីបេក្ខជនឈរឈ្មោះចំនួន១៥នាក់ នៅក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ នឹង​ស្នើសុំលុប​ឈ្មោះបេ​ក្ខ​ជន​ឈរឈ្មោះបោះឆ្នោត នៅក្នុងសង្កាត់ផ្សារថ្មីទី៣ បន្ថែម​ទៀត ដោយសារតែពួកគេមិនបានបំពេញប្រវត្តិរូបផ្ទាល់ដៃ ខ្លះមិនចេះអក្សរ និង​មិន​បានផ្តល់​រូបថតដោយស្ម័គ្រចិត្តទេ។

លោក គង់ បូរ៉ា ដែលជាចុងចម្លើយ និងជា​តំណាងគណបក្សភ្លើងទៀន​ នៅ​ខណ្ឌដូនពេញ ចាត់ទុកការ​​ប្តឹងសុំដកបេក្ខជនគណបក្សភ្លើងទៀននៅសង្កាត់ផ្សារថ្មីទី៣នេះថា​ជា​មិនរឿងត្រឹមត្រូវ ព្រោះពួក​គាត់​ចេះ​សរ​សេរ​អក្សរ និង​អាន​អក្សរ និង​បាន​ផ្តល់ឯកសារនិងរូបថត រួមទាំងបំពេញបែបបទតាមនីតិវិធីច្បាប់។ ករណីនេះ លោក បូរ៉ា ស្នើ គ.ជ.ប រក្សា​បញ្ជី​បេក្ខជន​របស់​​គណបក្សភ្លើង​ទៀន​​នៅ​​ដដែល។

លោក កែត ឃី មេធាវីការពារក្តីឱ្យគណបក្សភ្លើងទៀន បានទទួលស្គាល់ថា ឈ្មោះ សៅ ស្រីនាង ពិត​ជា​មិន​ចេះ​សរ​សេរ និងមិនចេះអានអក្សរប្រាកដមែន ដោយសារតែប្តីរបស់អ្នកស្រី ជាអ្នកបញ្ជូន​ឈ្មោះ​មក​គណបក្សភ្លើង​ទៀន ដោយមិនបានប្រាប់ថា ប្រពន្ធគាត់មិនចេះអក្សរនោះទេ។ ទោះ​ជា​យ៉ាង​ណា លោកមិនជំទាស់នឹង​ការស្នើសុំ​ដក​បេក្ខជន​ទាំង​នោះទេ ប៉ុន្តែគណបក្សក៏បានត្រៀម​ដាក់បេក្ខជនថ្មី ជំនួសអ្នកទាំងនោះផងដែរ ។

លោកមេធាវី កែត ឃី បន្តថា ចំពោះការស្នើសុំលុបបញ្ជីឈ្មោះរបស់គណបក្សភ្លើងទៀនចំនួន១៥នាក់ទៀតចេញពីសង្កាត់ផ្សារថ្មីទី៣ ជារឿងអយុត្តិធម៌ សម្រាប់អ្នកដែលមិនមានកំហុស និងបាន​ស្នើ​សុំ​រក្សាបញ្ជី​ឈ្មោះ​នៅ​ដដែល។

ប្រធានក្រុមប្រឹក្សាជំនុំជម្រះ​នៃ គ.ជ.ប លោក ប្រាជ្ញ ច័ន្ទ បាន​ប្រកាស​សាលក្រមនៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះថា គ.ជ.ប សម្រេច​រក្សាបញ្ជី និងបេក្ខជនឈរឈ្មោះរបស់គណបក្ស​ភ្លើង​ទៀន​នៅ​សង្កាត់វាលវង់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ទុកជាបានការ ប៉ុន្តែ​សម្រេច​លុបឈ្មោះ​​បេក្ខជន ៣រូប ​នៅសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ដោយ​បិទផ្លូវតវ៉ា។

ចំណែក បេក្ខជនឈរឈ្មោះរបស់គណបក្សឆន្ទៈខ្មែរចំនួន១០នាក់ នៅសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានប្រធានក្រុមប្រឹក្សាជំនុំជម្រះ សម្រេចលុបចេញពីបញ្ជី​ឈរឈ្មោះបោះ​ឆ្នោត​របស់គណបក្សឆន្ទៈខ្មែរ ដោយ​សារឃើញ​​​មានភាពមិនប្រក្រតីមួយចំនួន​។

ក្រោយ​ពីប្រធាន​ក្រុមប្រឹក្សាជំនុំជម្រះប្រកាសសាលក្រម អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា មាន​ប្រសាសន៍បន្ថែមថា គ.ជ.ប ធ្វើការវិនិច្ឆ័យក្នុងការសម្រេចសេចក្តីនេះ ឈរលើគោលការណ៍ឯករាជ្យ មិនលម្អៀងទៅគណបក្សនយោបាយណាមួយឡើយ ដោយសារ គ.ជ.ប រកឃើញមានភាពមិនប្រក្រតីក្នុងការដាក់បេក្ខជនឈរឈ្មោះក្នុងបញ្ជីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ខាងមុខនេះ។

អ្វីដែលគួរឱ្យកត់សំគាល់ លោក ហង្ស ពុទ្ធា សង្កេតឃើញថា ក្នុងដំណើរការដាក់បេក្ខជនឈរឈ្មោះក្នុងបញ្ជី​បោះឆ្នោតនេះ​​ ហាក់​មាន​ភាព​ស្មុគស្មាញជាង​អាណត្តិមុនៗ ដោយសារគណបក្សនយោបាយមួយចំនួន​ មិនបានត្រៀមបេក្ខជនទុកជាមុនជាដើម។

លោក​ថា៖ «ការដាក់បញ្ជីបេក្ខជនឈរឈ្មោះគណបក្សនយោបាយ សម្រាប់អាណត្តិនេះ​ គឺមា​នភាព​សាំញុំា ស្មុគស្មាញជាង​អាណត្តិមុន មិន​មែន​ដោយសារ​នីតិ​វិធី​របស់ គ.ជ.ប ទេ គឺដោយសារការរៀប​ចំ​ខ្លួន​របស់​គណបក្ស​នយោបាយ មិនបានល្អិតល្អន់»។

លោក​បន្ថែម​ថា៖ «ទី១ ការមិនយល់ពីនីតិវីធីសម្រាប់ការចុះបញ្ជីបេក្ខជនឈរឈ្មោះនៃ​គណបក្សនយោ​បាយ មិន​បាន​ត្រឹម​ត្រូវ​និ​ង​ទូលំទូលាយ ទី២ ការរៀបចំខ្លួនរបស់គណបក្សនយោបាយ យើងឃើញ​ថា មានភាពឆក់ល្វែងច្រើនរហូតទៅដល់បេក្ខជនខ្លះ លោកអត់ដឹងខ្លួនផង ត្រូវបានគេយកឈ្មោះមកប្រើប្រាស់សម្រាប់ការបំពេញឱ្យបញ្ជី ដែល​ក្នុងគោលការណ៍ច្បាប់​ថា ត្រូវមានចំនួនគុណនឹង២ដង​នៃចំនួនអាសនៈនៅក្នុងឃុំសង្កាត់នីមួយៗ»។

នាយកប្រតិបត្តិអង្គការ​និចហ្វិច លោក សំ គន្ធាមី មានប្រសាសន៍ថា ដើម្បីទប់ស្កាត់បញ្ហាប្រឈម នឹងឈាន​ដល់ការ​ប្តឹងផ្តល់​ដល់ គ.ជ.ប គឺគ្រប់គណបក្សនយោបាយទាំងអស់ ត្រូវធ្វើការអប់រំនិងណែនាំ ដល់សកម្មជនរបស់ខ្លួនដែលត្រៀមឈរឈ្មោះ ឱ្យយល់ដឹងពីច្បាប់ នីតិវិធី និងបទបញ្ជារបស់ គ.ជ.ប មុននឹងដាក់ឱ្យពួកគេឈរឈ្មោះជាបេក្ខជន។

លោកផ្តល់ជាអនុសាសន៍ដូចនេះថា«គណបក្សគាត់ដឹងពីច្បាប់ពីការជ្រើសរើសបេក្ខជនឈរឈ្មោះ​ គណបក្សទាំងអស់ត្រូវអនុវត្តតាមបទបញ្ជា នីតិវិធីនៃការជ្រើសរើសហ្នឹងទៅ រៀបចំអីចឹង​ទៅ កុំឱ្យមានរឿងបែបហ្នឹងកើតឡើង​ជាមេរៀនមួយ​ដែរ ឬក៏គណបក្សហ្នឹងមានពេលវេលាខ្លីពេកយ៉ាងម៉េចមិនដឹង ប៉ុន្តែយើងធ្វើឱ្យត្រឹមត្រូវតាមលក្ខ​ខណ្ឌ បទ​បញ្ជា និងនីតិវិធីនៃការជ្រើសរើសហ្នឹងទៅមិនមានបញ្ហាអីទេ»។

បើតាម​​​ប្រតិទិន​​របស់​ គ.ជ.ប ការបោះឆ្នោត​​ជ្រើស​​រើសក្រុមប្រឹក្សា​ឃុំ​សង្កាត់ នឹង​​​ប្រ​​ព្រឹត្តទៅ​​នៅ​​ថ្ងៃ​​អា​​ទិត្យ ទី៥ ខែ​មិថុនា ឆ្នាំ២០២២​ ខាងមុខនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ