ការប្រកាសជំហរគាំទ្រនៅពេលនេះពីសំណាក់តំណាងគណបក្សនយោបាយក្រៅរដ្ឋាភិបាល ធ្វើឡើងនៅបន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចេញនូវគោលការណ៍មួយចំនួន ដើម្បីធានាដល់ដំណើរការឃោសនាស្វែងរកសំឡេងឆ្នោតរបស់គណបក្សនយោបាយនីមួយៗក្នុងពេលដ៏ខ្លីខាងមុខនេះ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងតម្លាភាព។
ស្ថាប័នជាតិរៀបចំការបោះឆ្នោត កាលពីថ្ងៃទី១៣ ខែឧសភា កន្លងទៅនេះ បានដាក់ចេញនូវវិធានមួយចំនួន ក្នុងន័យថា ដើម្បីជួយសម្រួលដល់គណបក្សនយោបាយសម្រាប់ចុះឃោសនាស្វែងរកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ខាងមុខនេះ។
លិខិតបន្តថា ការហែក្បួនឃោសនាបោះឆ្នោតក្នុងអំឡុងពេលឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឃោសនាបានយ៉ាងច្រើន២ដង ក្នុងឃុំ-សង្កាត់ដែលគណបក្សនយោបាយមានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត។ បន្ថែមពីលើនេះ ការហែក្បួនឃោសនា គឺអនុវត្តបានតែត្រឹមព្រំប្រទល់រដ្ឋបាលឃុំ-សង្កាត់ដែលសាម៉ីគណបក្សនយោបាយបានចុះបញ្ជីបេក្ខជនឈរបោះឆ្នោតប៉ុណ្ណោះ។
សេចក្តីអំពាវនាវរបស់ គ.ជ.ប ដដែលឱ្យដឹងទៀតថា ប្រសិនបើគណបក្សនយោបាយត្រូវការហែក្បួន មិនថាយុទ្ធនាការនៅក្នុងដែនដីរដ្ឋបាលឃុំ-សង្កាត់ ឬក្នុងផ្សារទេ គឺត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរទៅគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត ឬស្នើសុំគោលការណ៍ទៅគណៈគ្រប់គ្រងផ្សារ យ៉ាងតិចឱ្យបាន៣ថ្ងៃ មុនថ្ងៃឃោសនា។
បន្ថែមលើវិធានការនេះ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា បញ្ជាក់ថា មូលហេតុដែលស្ថាប័នជាតិរៀបចំបោះឆ្នោតដាក់ចេញវិធានការនេះឡើង គឺដើម្បីជួយសម្រួលដល់គណបក្សនយោបាយ កុំឱ្យជាន់ថ្ងៃគ្នានៅពេលចុះឃោសនាស្វែងរកសំឡេងឆ្នោត។ បើតាមលោក ហង្ស ពុទ្ធា នេះមិនមែនជាការដាក់បន្ទុកទៅលើគណបក្សនយោបាយទេ ប៉ុន្តែវាជាការជួយសម្រួលបញ្ហាសម្រាប់គណបក្សនយោបាយនីមួយៗទៅវិញ។
លោកបន្តថា៖ «ការដែលឱ្យដាក់ពាក្យ៣ថ្ងៃមុនហ្នឹង គឺដើម្បីសម្រួល ដើម្បីកុំឱ្យជាន់គ្នា ប្រសិនបើគេដាក់មុនហើយ ជម្រាបមកថាជាន់គ្នាហើយ សូមជួយកែទីកន្លែងនិងវេលាទៅតាមជាក់ស្តែងទៅ។»
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ សម្រាប់អាណត្តិទី៥នេះ មានគណបក្សនយោបាយចំនួន១៧គណបក្សចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ក្នុងចំណោមគណបក្សនយោបាយចំនួន៤៥គណបក្សដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ។
ប្រធានគណបក្សកម្ពុជានិយម លោក យ៉ែម បុញ្ញឫទ្ធិ ថ្លែងថា គិតមកល់ពេលនេះ គណបក្សថ្មីថ្មោងមួយនេះបានត្រៀមខ្លួនរួចរាល់ហើយក្នុងការចូលរួមប្រកួតប្រជែង តាមរយៈយុទ្ធនាការឃោសនាស្វែងរកសំឡេងឆ្នោត។ អ្នកនយោបាយចាស់វស្សារូបនេះក៏ឯកភាពដែរ ចំពោះវិធានដែលដាក់ចេញដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហើយអ្វីដែល គ.ជ.ប កំណត់កាលរិច្ឆេទនេះទៀតសោត វាមិនមែនជាបញ្ហាប្រឈមសម្រាប់គណបក្សនយោបាយទេ។
លោកបន្តថា៖ «កម្ពុជានិយមយើងយល់ឃើញថា វាមិនមែនជាឧបសគ្គអ្វីទេ ពីព្រោះនៅក្នុងគណបក្សនីមួយៗ នៅពេលណាដែលគេរៀបចំផែនការមេ និងផែនការយុទ្ធនាការ គេតែងតែដឹងមុនថាក្នុងឃុំហ្នឹងទីតាំងណាដែលត្រូវធ្វើ ថ្ងៃណា ពេលណា! ដូច្នេះ ការជូនដំណឹង៣ថ្ងៃមុន មិនមែនជាឧសគ្គសម្រាប់យើងទេ បាទ»។
បើតាមលោក យ៉ែម បុញ្ញឫទ្ធិ សម្រាប់គណបក្សកម្ពុជានិយម ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នេះ គណបក្សបានដាក់បញ្ជីបេក្ខភាពបានចំនួន៣៨ឃុំសង្កាត់ ក្នុងចំណោមរាជធានីខេត្តចំនួន១០។
មិនខុសគ្នាទេ អនុប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ លោក ខឺយ ស៊ីនឿន អះអាងថា គោលការណ៍ដែល គ.ជ.ប ដាក់ចេញនៅពេលនេះ ជានីតិវិធីដែលគណបក្សទើបតែមានអាយុកាលក្មេងខ្ចីមួយនេះ អាចសម្របខ្លួនបាន។ លោកបន្តថា គណបក្សរបស់លោកបានត្រៀមខ្លួនក្នុងការឡើងប្រកួតរួចហើយ ទាំងកម្មវិធីនយោបាយ និងសម្ភារដែលត្រូវប្រើប្រាស់ក្នុងថ្ងៃឃោសនាខាងមុខនេះ។ ប៉ុន្តែអ្វីដែលលោកមើលឃើញ ហើយចាត់ទុកថាជាបញ្ហាប្រឈមនោះ គឺអាជ្ញាធរនៅថ្នាក់ក្រោមជាតិមិនដែលខ្វល់ខ្វាយ និងច្រើនតែអនុវត្តបំពានថែមទៀតនោះ គឺបទប្បញ្ញត្តិនិងនីតិវិធីដែលថ្នាក់ជាតិដាក់ចេញ។
លោកបន្តថា៖ «ជាបទពិសោធន៍កន្លងមក នៅពេលឃោសនាបោះឆ្នោតកន្លងមកហ្នឹង ភាគច្រើនអាជ្ញាធរមូលដ្ឋានមួយចំនួនមិនបានគោរពទៅតាមច្បាប់បោះឆ្នោត និងនីតិវិធីបោះឆ្នោត ដោយសារតែអាជ្ញាធរភូមិឃុំអីហ្នឹង គាត់តែងតែរំលោភទៅនឹងភារកិច្ចនិងតួនាទីរបស់គាត់»។
វីអូឌី មិនអាចស្នើសុំការបំភ្លឺជុំវិញបញ្ហានេះពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានទេ នៅថ្ងៃចន្ទនេះ។
ចំណែកអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ធ្លាប់បានថ្លែងការពារថា ប្រសិនបើតំណាងគណបក្សនយោបាយមានភស្តុតាងជុំវិញការចោទប្រកាន់នេះ គួររៀបចំបណ្តឹង ហើយដាក់ទៅអាជ្ញាធរមូលដ្ឋាន និងនគរបាលយុត្តិធម៌ ជាជាងបំប៉ោងសភាពការណ៍ ដើម្បីផលប្រយោជន៍ក្នុងហេតុផលនយោបាយណាមួយ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឱ្យដឹងថា យុទ្ធនាការឃោសនាស្វែងរកសំឡេងឆ្នោតបម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នេះ នឹងត្រូវចាប់ផ្តើមនៅថ្ងៃទី២១ ខែឧសភា និងបញ្ចប់ទៅវិញនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២៕