អនុប្រធានគណបក្សភ្លើងទៀន បញ្ជាក់ពីភាពរឹងមាំផ្នែកផ្លូវច្បាប់នៅចំពោះមុខព្រះរាជអាជ្ញារង ក្នុងពេលដែលខ្លួនបានចូលបំភ្លឺពាក់ព័ន្ធនឹងបណ្ដឹងរបស់គណបក្សប្រជាជនកម្ពុជា ដែលប្ដឹងរូបលោកពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» បន្ទាប់ពីអ្នកនយោបាយចាស់វស្សារូបនេះរិះគន់រឿងភាពមិនប្រក្រតីនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ថាមានបញ្ហាមិនអាចជឿទុកចិត្តបាន។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយចេញពីបន្ទប់សាកសួរ នៅថ្ងៃសុក្រនេះ លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ឱ្យដឹងថា ព្រះរាជអាជ្ញារង លោក ប្លង់ សុផល បានសួរនាំច្រើនពីអង្គហេតុដែលចោទប្រកាន់លោកថា និយាយបំផ្លើសខុសពីការពិតអំពីដំណើរការបោះឆ្នោតឃុំសង្កាត់។
ជាការឆ្លើយតបចំពោះការតាំងសំណួរនេះ ក្នុងនាមជាអ្នកនយោបាយដែលមានបទពិសោធន៍យូរឆ្នាំ លោកលើកឡើងថា អ្វីដែលលោករិះគន់អំពីដំណើរការបោះឆ្នោតដែលមិនអាចជឿទុកចិត្តបាននេះ គឺលោកមានភស្តុតាងគ្រប់គ្រាន់ក្នុងការដោះបន្ទុក។ ជាងនេះទៀត លោក សុន ឆ័យ ថាលោកបានជម្រាបតុលាការថា សារនយោបាយរបស់លោកមិនមែនជាការមួលបង្កាច់ ឬមានចេតនាអាក្រក់ណាមួយដែលខុសពីការពិតនោះទេ ហើយការមើលឃើញពីភាពឆ្គាំឆ្គង និងការរៀបចំមិនបានល្អរបស់ស្ថាប័នជាតិរៀបចំការបោះឆ្នោត គឺលោកទទួលបានរបាយការណ៍ត្រឹមត្រូវពីភាពមិនប្រក្រតីទាំងនោះ នៅអំឡុងពេលនៃការបោះឆ្នោតឃុំសង្កាត់នេះ។
លោកបន្តថា៖ «ដូចគ្នានឹង គ.ជ.ប ដែរ ខ្ញុំបានបញ្ជាក់ហើយថា ខ្ញុំមានសម្អាង! មានសម្អាងទាំងសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀន ដែលបានទទួលព័ត៌មានពីសកម្មជនរបស់យើងនៅតាមខេត្ត ក្រុង និងរាជធានី ដែលបានផ្ញើមកយើងអំពីភាពមិនប្រក្រតី។ ភាពមិនប្រក្រតីនេះ តាំងពីថ្ងៃចុះបញ្ជីបោះឆ្នោត ទាំងថ្ងៃការងាររបស់យើងនៅមូលដ្ឋានដែលទទួលរងការបំភិតបំភ័យ ហើយយើងទទួលបានព័ត៌មានតាំងពីការទិញសន្លឹកឆ្នោតពីសកម្មភាពរំខានដល់ការងាររបស់យើង ទាំងការលើកផ្លាក និងការជួបជុំ ហើយជាមួយការដាក់បញ្ជីអ្នកសង្កេតការណ៍យើងនៅថ្ងៃបោះឆ្នោត។ ដូច្នេះ វាមានហេតុការណ៍របស់យើងជាហូរហែមក។ របាយការណ៍របស់គណបក្សភ្លើងទៀន ក៏ដូចជារបាយការណ៍របស់គណបក្សនយោបាយផ្សេងៗ មានភាពមិនខុសគ្នាទេ រួមទាំងរបាយការណ៍របស់សង្គមស៊ីវិលផង »។
លោក សុន ឆ័យ បន្តថា ក្នុងពេលសាកសួរ លោកបានស្នើសុំឱ្យតុលាការតម្កល់រឿងក្តីនេះទុកឥតចាត់ការ ប៉ុន្តែការសម្រេចបន្តនីតិវិធី ឬទម្លាក់ចោលសំណុំរឿងនេះ គឺអាស្រ័យលើសេចក្តីសម្រេចចិត្តរបស់តុលាការប៉ុណ្ណោះ។
វីអូឌី មិនអាចសុំការបញ្ជាក់ជុំវិញករណីនេះពីព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល ដែលកាន់សំណុំរឿងនេះបានទេ។
ប៉ុន្តែលោក ប្លង់ សុផល បានប្រាប់វីអូឌីកាលពីថ្ងៃទី១២ ខែកក្កដា ថានៅចំពោះមុខនេះ តុលាការកំពុងស្តាប់ចម្លើយដោះបន្ទុករបស់ជនសង្ស័យនៅឡើយ ហើយក៏កំពុងពិនិត្យលើភស្តុតាងដែលមេធាវីការពារសិទ្ធិឱ្យលោក សុន ឆ័យ ដាក់មកតុលាការដែរ។
លើសពីនេះទៅទៀត ការសម្រេចបែបណានោះ លោកថា តុលាការនៅមិនទាន់ដឹងនៅឡើយទេ ព្រោះតំណាងអយ្យការត្រូវការពេលវេលាមួយសមស្រប ដើម្បីពិនិត្យនិងវាយតម្លៃលើឯកសារទាំងអស់របស់ដើមបណ្តឹងនិងរបស់ជនសង្ស័យ ដើម្បីឈានទៅរកការសម្រេចមួយតាមច្បាប់។
បក្សប្រជាជនកម្ពុជា តាមរយៈមេធាវី លោក គី តិច បានដាក់ពាក្យបណ្ដឹងទៅកាន់តុលាការ ប្រឆាំងនឹងលោក សុន ឆ័យ ដោយចោទពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ»។ ក្នុងពាក្យបណ្ដឹងនោះ លោក សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាផង បានទាមទារសំណងជំងឺចិត្តពីលោក សុន ឆ័យ ចំនួន១លានដុល្លារអាមេរិក។ បណ្តឹងព្រហ្មទណ្ឌប្រឆាំងលោក សុន ឆ័យ ពីសំណាក់គណបក្សប្រជាជនកម្ពុជានេះ ធ្វើឡើងមុនមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពី គ.ជ.ប បានប្តឹងក្នុងបទចោទដូចគ្នានេះដែរ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២។ ជុំវិញបណ្តឹងរបស់ គ.ជ.ប នេះ លោក សុន ឆ័យ បានចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញរួចហើយ កាលពីថ្ងៃទី១២ ខែកក្កដា។
តាមរយៈបណ្តឹងទាំងពីរនេះ លោក សុន ឆ័យ អះអាងកាលពីថ្ងៃទី១២ ខែកក្កដា ថាលោកពិតជាមិនមានលទ្ធភាពសងជំងឺចិត្តទៅគណបក្សកាន់អំណាច ក្នុងទំហំទឹកប្រាក់ដ៏ច្រើនបែបនេះទេ។ លោកបន្តថា ប្រសិនបើតុលាការរកឃើញថា សិទ្ធិបញ្ចេញមតិរបស់លោកស្ថិតក្រោមទោសព្រហ្មទណ្ឌទៅវិញនោះ រូបលោកក៏ព្រមទទួលយកការសម្រេចចិត្តរបស់តុលាការពីការបង្គាប់ក្នុងចំនួនទឹកប្រាក់ដ៏ច្រើនបែបនេះ។
ចំណែកលោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលដឹកនាំក្រុមការងារចុះទៅឃ្លាំមើល និងលើកទឹកចិត្តការចូលបំភ្លឺរបស់លោក សុន ឆ័យ នៅព្រឹកថ្ងៃសុក្រនេះ យល់ឃើញថា ក្នុងនាមគណបក្សក្រៅរដ្ឋាភិបាល ពិតជាពិបាកទទួលយកនូវការប្តឹងផ្តល់នេះណាស់។ លោកបន្តថា រឿងរ៉ាវនេះកំពុងតែកើតឡើងនៅក្នុងដំណាក់កាលនៃការដោះស្រាយរបស់ស្ថាប័នជាតិរៀបចំការបោះឆ្នោតនៅឡើយ ហេតុនេះសាម៉ីគណបក្សដែលជាដើមបណ្តឹង គួរប្តឹងបញ្ហានេះទៅ គ.ជ.ប ដោះស្រាយវិញ ទើបជារឿងសមហេតុផល។
បើតាមលោក យ៉េង វីរៈ ប្រសិនបើគ្រប់ករណីដែលកើតឡើងនៅក្នុងរង្វង់នៃការបោះឆ្នោត តែបែរជាត្រូវប្តឹងចោទពីទោសព្រហ្មទណ្ឌទៅវិញ នេះជាការបង្កើតឱ្យមានភាពតានតឹងខាងនយោបាយ និងភាពច្របូកច្របល់កាន់តែខ្លាំងសម្រាប់ដំណើរការបោះឆ្នោតទៅមុខទៀត។
លោកបន្តថា៖ «សម្រាប់យើងជាគណបក្សនយោបាយមួយដែលចូលរួមការប្រកួតប្រជែងការបោះឆ្នោតដែរ ទៅមុខទៀតហ្នឹង គឺយើងយល់ថាជារឿងមិនគួរកើតមាន។ រឿងនេះកើតឡើងក្នុងពេលបោះឆ្នោត ហើយមែនទែនទៅ ការថ្លែងទាំងអស់ហ្នឹង សូម្បីតែពាក្យបណ្តឹង ធ្វើឡើងក្នុងដំណាក់កាលដែល គ.ជ.ប អត់ទាន់ប្រកាសលទ្ធផលជាផ្លូវការនៅឡើយទេ។ គ.ជ.ប កំពុងធ្វើសវនាការសម្រេចសេចក្តីទៅលើលទ្ធផលផ្លូវការនៅឡើយទេ វាមិនទាន់ចប់នីតិវិធីផងហ្នឹង»។
សម្រាប់មេធាវីការពារសិទ្ធិឱ្យលោក សុន ឆ័យ គឺលោក ជូង ជូងី បានផ្តល់បទសម្ភាសន៍ឱ្យអ្នកសារព័ត៌មាន មុនលោកចូលអមជាមួយលោក សុន ឆ័យ នៅព្រឹកថ្ងៃសុក្រនេះ ថាបើពិនិត្យលើបណ្តឹងនេះកាន់តែមិនសមទៅទៀត ក្នុងពេលដែលម្ចាស់បណ្តឹងមានឥទ្ធិពលខាងនយោបាយលើសលុប មកប្តឹងបក្សនយោបាយដែលមិនមានអ្វីសោះ។ លោកនៅតែចាត់ទុកថា បណ្តឹងនេះធ្វើឡើងក្រោមហេតុផលនយោបាយជាជាងការអនុវត្តទៅតាមនីតិវិធីច្បាប់។
លោកបន្តថា៖ «រឿងនេះសម្រាប់ខ្ញុំមើលឃើញ គឺជារឿងនយោបាយ ពីព្រោះថា ជជែកពាក់ព័ន្ធនឹងការបោះឆ្នោត គឺជារឿងនយោបាយ។ ចំណែកភាគីប្តឹង សម្តេច សាយ ឈុំ ក៏ជាអ្នកនយោបាយ ហើយឯកឧត្តម សុន ឆ័យ ក៏អ្នកនយោបាយដែរ។ ប៉ុន្តែខុសគ្នានៅត្រង់ថា ឯកឧត្តម សុន ឆ័យ ជាអ្នកនយោបាយអត់មានអំណាច ហើយក៏អត់មានតួនាទីនៅក្នុងរដ្ឋទាល់តែសោះ គ្រាន់តែជាអ្នកនយោបាយមានប្រជាប្រិយបំផុតប្រចាំគណបក្សភ្លើងទៀន។ ដោយឡែក សម្តេច សាយ ឈុំ ជាបុគ្គលមានអំណាចខ្ពស់នៅក្នុងគណបក្សកាន់អំណាចផង ជាបុគ្គលមានតួនាទីខ្ពស់នៅក្នុងសង្គមជាតិ និងជាប្រធានព្រឹទ្ធសភា និងមួយអន្លើ គាត់ជាប្រមុខរដ្ឋស្តីទីតំណាងព្រះមហាក្សត្រផង ដូច្នេះភាគីបណ្តឹងហ្នឹង ខ្ញុំមើលឃើញវាអត់មានតុល្យភាពនៅក្នុងការប្រើអំណាចហ្នឹងទេ»។
ចំណែកអ្នកជំនាញផ្នែកវិទ្យាសាស្រ្តនយោបាយ លោក វណ្ណ ប៊ុនណា ចាត់ទុកថា នេះជាសិទ្ធិក្នុងការបញ្ចេញមតិដែលអ្នកនយោបាយមានសិទ្ធិពេញលេញក្នុងការនិយាយស្តី ហើយសិទ្ធិបញ្ចេញមតិនេះត្រូវបានធានាដោយច្បាប់។ លោកបន្តថា អ្វីដែលអ្នកនយោបាយចាស់វស្សារូបនេះត្រូវជាប់បណ្តឹងទាំងពីរនេះ ឆ្លុះបញ្ចាំងឱ្យឃើញពីការគាបសង្កត់សិទ្ធិនយោបាយប្រឆាំងគណបក្សក្រៅរដ្ឋាភិបាល។
យ៉ាងណា សម្រាប់អ្នកជំនាញផ្នែកគោលនយោបាយរូបនេះយល់ឃើញថា ការហ៊ានចូលតស៊ូមតិនៅតុលាការរបស់លោក សុន ឆ័យ នេះ គឺជាគំរូមួយល្អ ប្រឆាំងនឹងភាពមិនត្រឹមត្រូវនៅក្នុងសង្គម ហើយក៏ជាសារសម្រាប់អ្នកនយោបាយផ្សេងទៀតដែរ៕