មន្ត្រីសុខាភិបាលជាន់ខ្ពស់ម្នាក់នៃប្រទេសចិន បានលើកឡើងថា ចំនួនប្រជាជនចិនបានថយចុះគួរឱ្យកត់សម្គាល់ ហើយគេរំពឹងថានឹងចាប់ផ្ដើមធ្លាក់ចុះមុនឆ្នាំ២០២៥។
ទិន្នន័យកំណើតដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃអាទិត្យបានបង្ហាញថា ចំនួនកំណើតថ្មីក្នុងឆ្នាំ២០២១ គឺទាបបំផុត ក្នុងរយៈពេលជាច្រើនទសវត្សរ៍នៅក្នុងខេត្តមួយចំនួន។
ការផ្សព្វផ្សាយរបស់បណ្ដាញសារព័ត៌មាន Global Times និងត្រូវបានបណ្ដាញសារព័ត៌មាន Reuters ស្រង់មកចុះផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ បានលើកឡើងថា ចំនួនកំណើតនៅក្នុងខេត្តហ៊ូណានភាគកណ្ដាល បានធ្លាក់ចុះក្រោម៥០០ ០០០នាក់ជាលើកដំបូងក្នុងរយៈពេលជិត៦០ឆ្នាំ។ មានតែខេត្តក្វាងទុងភាគខាងត្បូងប្រទេសចិនប៉ុណ្ណោះ ដែលមានកំណើតថ្មីជាង១លាននាក់។
ប្រទេសចិនកំពុងទប់ស្កាត់ការធ្លាក់ចុះយ៉ាងឆាប់រហ័សនៃកំណើនប្រជាជន ខណៈយុវជនជាច្រើនជ្រើសរើសមិនយកកូន ដោយសារកត្តាមួយចំនួន រួមមានការចំណាយច្រើន និងសម្ពាធការងារ។
សារព័ត៌មាន Global Times បាននិយាយដោយដកស្រង់សម្តីលោក យ៉ាង វ៉េនហ្ស័ង (Yang Wenzhuang) ប្រធានផ្នែកកិច្ចការប្រជាជន និងគ្រួសារនៅគណៈកម្មការសុខភាពជាតិ ថាចំនួនប្រជាជនចិនត្រូវបានគេរំពឹងថានឹងចាប់ផ្ដើមធ្លាក់ចុះនៅឆ្នាំ២០២១-២០២៥។
ការផ្លាស់ប្ដូរច្បាប់របស់ប្រទេសចិនកាលពីឆ្នាំមុន ក្នុងការអនុញ្ញាតឱ្យស្ត្រីមានកូន៣នាក់ មិនបានរួមចំណែកក្នុងការទប់ស្កាត់ការធ្លាក់ចុះនៃកំណើនប្រជាជនឡើយ ដោយស្ត្រីជាច្រើននិយាយថា ការផ្លាស់ប្តូរច្បាប់នោះគឺយឺតពេលទៅហើយ ហើយពួកគេមានសន្តិសុខការងារមិនគ្រប់គ្រាន់ និងសមភាពយេនឌ័រ៕