គ.ជ.ប ទទួល​សំណើ​របស់​បក្ស​នយោបាយ​៤​ដែល​ស្នើ​ឱ្យ​មាន​កំណែ​ទម្រង់​ការ​បោះឆ្នោត​យក​ទៅ​ពិចារណា

មន្ត្រីជាន់ខ្ពស់ គ.ជ.ប ជួបពិភាក្សាការងារជាមួយមន្ត្រីតំណាងគណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សកែទម្រង់កម្ពុជា និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ពាក់ព័ន្ធការកែលម្អប្រព័ន្ធបោះឆ្នោត នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ នៅទីស្ដីការ គ.ជ.ប។ (ហ៊ាន រង្សី)

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​​ (គ.ជ.ប) នៅថ្ងៃពុធនេះ បានទទួលយកសំណើរបស់​គណបក្សក្រៅរដ្ឋាភិបាលចំនួន៤ ដើម្បីពិនិត្យនិង​ពិចារណា ពាក់​ព័ន្ធ​នឹង​សំណើសុំ​ឱ្យ​មានការធ្វើ​​កំណែ​ទម្រង់ ឬ​ធ្វើវិសោធន​​កម្ម​​ច្បាប់​​បោះ​ឆ្នោត។

អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា មានប្រសាសន៍​​ថា គ.ជ.ប បាន​ជួប​ពិភាក្សាគ្នា​ជាមួយគណបក្សនយោបាយ​ចំនួន​៤ រួម​មាន គណបក្សភ្លើងទៀន គណបក្សកែទម្រង់កម្ពុជា គណបក្សឆន្ទៈខ្មែរ និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅទីស្នាក់ការ គ.ជ.ប នាព្រឹកថ្ងៃពុធនេះ។ លោកបន្តថា នៅក្នុងជំនួបនោះ គណបក្សនយោបាយទាំង៤ បានស្នើសុំឱ្យ គ.ជ.ប ធ្វើកំណែ​ទម្រង់ ឬ​ធ្វើវិសោធន​​កម្ម​ច្បាប់​​បោះ​ឆ្នោត និងកំណែទម្រង់មួយចំនួនទៀត ទាក់ទិននឹងភាពមិនប្រក្រតីមុនពេលបោះឆ្នោត អំឡុងពេលបោះឆ្នោត និងក្រោយពេលរាប់សន្លឹកឆ្នោត ជាដើម។

អ្នកនាំពាក្យរូបនោះបញ្ជាក់ថា ក្រុមការងារជំនាញរបស់ គ.ជ.ប បានទទួលយកសំណើរបស់គណបក្សនយោបាយទាំងនោះ ដើម្បីយកមកពិនិត្យនិងពិចារណា ហើយ​នឹងផ្ដល់​ព័ត៌មានត្រលប់ទៅគណបក្សទាំងនោះ​វិញ​ នាពេលឆាប់ៗខាងមុខនេះ​។

លោក ហង្ស ពុទ្ធា ដឹកនាំមន្ត្រីជាន់ខ្ពស់ គ.ជ.ប ជួបពិភាក្សាការងារជាមួយមន្ត្រីតំណាងគណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សកែទម្រង់កម្ពុជា និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ពាក់ព័ន្ធការកែលម្អប្រព័ន្ធបោះឆ្នោត នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ នៅទីស្ដីការ គ.ជ.ប។
លោក ហង្ស ពុទ្ធា ដឹកនាំមន្ត្រីជាន់ខ្ពស់ គ.ជ.ប ជួបពិភាក្សាការងារជាមួយមន្ត្រីតំណាងគណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សកែទម្រង់កម្ពុជា និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ពាក់ព័ន្ធការកែលម្អប្រព័ន្ធបោះឆ្នោត នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ នៅទីស្ដីការ គ.ជ.ប។ (ហ៊ាន រង្សី)

លោក​មានប្រសាសន៍ថា៖ «គ.ជ.ប នឹងរៀបចំសំណូមពរនេះ នឹងពិភាក្សាជាមួយនឹងក្រុមជំនាញ ពីព្រោះរចនាសម្ពន្ធរបស់ គ.ជ.ប មានថ្នាក់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជាសមាសភាព៩រូប ហើយមានអគ្គលេខាធិការដ្ឋាន អ៊ីចឹងនៅមានការពិភាក្សាគ្នា ហើយអ្វីដែលជាមិនមែនដែនសមត្ថកិច្ចរបស់ គ.ជ.ប គឺ គ.ជ.ប មិន​ធ្វើការពិចារណានោះទេ»។

ប្រធានគណបក្សឆន្ទៈខ្មែរ លោក គង់ ម៉ូនីកា មានប្រសាសន៍ថា ដើមចមដែលនាំឱ្យ​គណបក្សក្រៅ​រដ្ឋាភិបាល​ទាំង​៤ ស្នើទៅ គ.ជ.ប ធ្វើកំណែទម្រង់ ឬ​ធ្វើវិសោធន​កម្ម​ច្បាប់​​បោះ​ឆ្នោតនោះ គឺដើម្បីឱ្យការបោះឆ្នោតថ្នាក់ជាតិ នា​ពេល​ខាង​មុខ ទទួលបានភាព​សេរី ត្រឹមត្រូវ និងយុត្តិធម៌ ខណៈ​ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់កន្លងមក នៅតែមានភាពមិនប្រក្រតីដូចអាណត្តិមុនៗដែរ។

លោកថា៖ «យើងមើលឃើញប្រតិកម្មវិជ្ជមានមួយចំនួន ជាពិសេសសំណើមួយចំនួនដែលពាក់ព័ន្ធបញ្ហាកែលម្អទៅលើលក្ខណៈបច្ចេកទេសក្នុងដំណើរការបោះឆ្នោតហ្នឹង។ ដូច្នេះហើយយើងមានសុទិដ្ឋិនិយមថា គ.ជ.ប អាច​នឹងធ្វើការពិចារណាឱ្យបានល្អិតល្អន់អំពីបញ្ហាហ្នឹង ហើយអាចទទួលយកនូវអ្វីដែលជាអនុសាសន៍របស់យើង។ ក៏ប៉ុន្តែចំណុចមួយចំនួនទៀត យើងគិតថា ប្រហែល គ.ជ.ប មិនអាចធ្វើទៅបានដោយសារបញ្ហាណាមួយ»។

សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន សង្កេតឃើញថា សមាសភាព គ.ជ.ប ភាគច្រើនជ្រើសរើសចេញពីគណបក្សនយោបាយ និងច្បាប់ស្តីពីគណបក្សនយោបាយអាចរំលាយគណបក្សនយោបាយណាមួយបាន ដែល​ករណីនេះ លោកថា បើមិនធ្វើកំណែទម្រង់ គ.ជ.ប និងច្បាប់ស្តីពីគណបក្សនយោបាយទេ នឹង​ធ្វើឱ្យពលរដ្ឋម្ចាស់ឆ្នោតមួយចំនួនអាចមិនចេញទៅបោះឆ្នោត ព្រោះពួកគេ​​បារម្ភ​ខ្លាចមាន​ការរំលាយ​គណបក្ស​​ដែលពួកគេគាំទ្រ ​ដូចគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលរំលាយដែរ។

លោកមានប្រសាសន៍ថា៖ «យើងឃើញមានបញ្ហាមួយចំនួន បើសិនជាមិនមានការកែប្រែអ្វីទេ ដំណើរការប្រជាធិបតេយ្យរបស់យើងក៏មិនបានប្រសើរទេ ធ្វើឱ្យមានការប៉ះពាល់ សូម្បីតែការបោះឆ្នោតក៏ខ្វះទំនុកចិត្តពីម្ចាស់ឆ្នោត ហើយច្បាប់គណបក្សនយោបាយក៏ធ្វើឱ្យប៉ះពាល់ដល់ការសម្រេចចិត្តរបស់ប្រជាពលរដ្ឋខ្មែរដែរ»។

អ្នកសម្របសម្រួល និងអង្កេតនៃអង្គការ​ឃ្លាំមើលការបោះឆ្នោត​ខុមហ្វ្រែល លោក កន សាវាង្ស មានប្រសាសន៍​ថា គ.ជ.ប ត្រូវ​យក​សំណើរបស់គណបក្សក្រៅរដ្ឋាភិបាលទៅដោះស្រាយ ដើម្បីឱ្យការបោះឆ្នោតទទួល​បានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌ និងមិនមានការតវ៉ា ដូចការបោះឆ្នោតនាពេល​កន្លងមក។

លោកថា៖ «បញ្ហាដែលជាចំណែកមួយរបស់ គ.ជ.ប គឺការលើកឡើងអំពីការអនុវត្តរបស់ គ.ជ.ប មិនមានភាពអព្យាក្រឹត្យ។ ដូច្នេះ បើសិនជាចំណុចទាំងឡាយនៃគណបក្សនយោបាយដែលលើកឡើង មិនគោរពតាមគោលការណ៍ [មិនមានការដោះស្រាយ​] នោះ ​​បញ្ហាតវ៉ារិះគន់ គ.ជ.ប នៅតែបន្តមាន​អ៊ីចឹង»។

យ៉ាងណា បរិបទនយោបាយនៅកម្ពុជាត្រូវបានសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប តាមរយៈតំណាងរបស់ខ្លួន ក្នុងដំណើរមកកាន់កម្ពុជា នាកិច្ចប្រជុំអាស៊ាន កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ បានជំរុញជាថ្មីទៀតឱ្យរដ្ឋាភិបាលកម្ពុជាបើកលំហប្រជាធិបតេយ្យ សិទ្ធិធ្វើនយោបាយរបស់ពលរដ្ឋកម្ពុជា រួមទាំងមេដឹកនាំគណបក្សប្រឆាំង ដើម្បីឱ្យការបោះឆ្នោតជាតិ ឆ្នាំ២០២៣ ខាងមុខ ដំណើរការទៅតាមគន្លងប្រជាធិបតេយ្យ ដោយភាគីទាំងនោះព្រួយបារម្ភ​ពី​ការវិវត្តស្ថានភាពសិទ្ធិមនុស្ស និងលំហនយោបាយនៅកម្ពុជា កាន់តែរួមតូច៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ