សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃសុក្រនេះ បានសម្រេចឱ្យ លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន បង់ប្រាក់សងជំងឺចិត្តដល់គណបក្សប្រជាជនកម្ពុជាចំនួន ៣ពាន់លានរៀល ឬស្មើប្រមាណ ៧៥ ម៉ឺនដុល្លារ។
ការប្រកាសសាលក្រមនេះធ្វើឡើងក្នុងថ្ងៃតែមួយក្រោយពីសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជាប្រឆាំងលោក សុន ឆ័យ កាលពីព្រឹកមិញ ករណីអនុប្រធានគណបក្សភ្លើងទៀនរូបនេះ បាននិយាយរិះគន់បក្សកាន់ អំណាចអំពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីខែមិថុនា ឆ្នាំ២០២២។
ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក ហម ម៉េងសែ បានប្រកាសសាលក្រមផ្ដន្ទាទោសនិងពិន័យលោក សុន ឆ័យ ឱ្យបង់ថវិកាចូលរដ្ឋចំនួន ៨ លានរៀល និងបង់សំណងជំងឺចិត្តទៅគណបក្សប្រជាជនកម្ពុជាចំនួន ៣ ពាន់លានរៀលស្មើនឹងប្រមាណ ៧៥ ម៉ឺនដុលា្ល ក្រោមបទចោទប្រកាន់ «បរិហារកេរ្តិ៍ជាសាធារណៈ»។
ក្នុងសេចក្ដីសន្និដ្ឋានចុងក្រោយ បន្ទាប់ពីបិទបញ្ចប់សវនាការ នាព្រឹកមិញនេះ លោក គី តិច មេធាវីការពារក្តីឱ្យគណបក្សប្រជាជនកម្ពុជា បានស្នើទៅចៅក្រមឱ្យផ្ដន្ទាទោស លោក សុន ឆ័យ និងទាមទារសំណងជំងឺចិត្ត ៤ ពាន់លានរៀល។
ប្រាប់អ្នកសារព័ត៌មាន នៅមុខសាលាដំបូងរាធានីភ្នំពេញ លោក ជូង ជូងី មេធាវីការពារក្ដីឱ្យ លោក សុន ឆ័យ ចាត់ទុកការសម្រេចរបស់តុលាការជារឿងអយុត្តិធម៌ ហើយលោកនឹងពិភាក្សាជាមួយកូនក្ដីប្ដឹងឧទ្ធរណ៍។
លោកថា៖«ខ្ញុំយល់ថា អយុត្តិធម៌សម្រាប់គាត់ ហើយខ្ញុំនឹងជួបគាត់ ដើម្បីពិភាក្សាគ្នាប្រើសិទ្ធិប្ដឹងឧទ្ធរណ៍ ។ រឿងនឹងជារឿងនយោបាយ ហើយខ្ញុំមើលរឿងនឹងចរិតចង់ផ្ដាច់កុំឱ្យគាត់មកធ្វើនយោបាយ»។
ចំណែកបណ្ដឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប) ដែលប្ដឹង លោក សុន ឆ័យ ចៅក្រមជំនុំជម្រះ លោក ហម ម៉េងសែ សម្រេចផ្ដន្ទាទោសនិងពិន័យជាប្រាក់ចំនួន៩ លានរៀល ចូលរដ្ឋ ក្រោមបទចោទប្រកាន់ «បរិហារកេរ្តិ៍ជាសាធារណៈ» ដូចគ្នា។
ការប្រកាសសាលក្រមនេះ ធ្វើឡើងបន្ទាប់ពីតុលាការបានបើកសវនាការលើបណ្ដឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២កន្លងមក។
លោក ជូង ជូងី មេធាវីការពារក្ដីឱ្យលោក សុន ឆ័យ បញ្ជាក់ប្រាប់វីអូឌីបន្ថែមថា តុលាការពិន័យ៩ លានរៀលចូលរដ្ឋ ប៉ុន្តែមិនបង្គាប់ឱ្យសុំទោសគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនោះទេ។
មន្រ្តីការពារសិទ្ធិមនុស្សនៃសមាគមអាដហុក លោក យី សុខសាន្ត ដែលឃ្លាំមើលពីដំណើរការសវនាការនេះ កត់សម្គាល់ថាការកាត់សេចក្ដីរបស់តុលាការ ពាក់ព័ន្ធនឹងបណ្ដឹងគ.ជ.ប ដែលបង្គាប់ឱ្យលោក សុន ឆ័យ បង់ថវិកាចំនួន ៩ លានរៀនចូលរដ្ឋនោះ ជារឿងអយុត្តិធម៌ ដោយសារ គ.ជ.ប ជាអាជ្ញាកណ្ដាលក្នុងការដោះស្រាយវិវាទរបស់គណបក្សនយោបាយ។
លោកថា៖«ចំណុចទី២ ខ្ញុំមើលឃើញគូប្រកួតប្រជែងរវាងបក្សប្រជាជន និងបក្សភ្លើងទៀនគឺជាគូប្រកួតប្រជែងមួយបែរជាប្ដឹងផ្ដល់មកតុលាការវាជារឿងអយុត្តិធម៌ ដែលការប្រកួតប្រជែងនេះ រៀបចំដោយគ.ជ.ប ដូច្នេះ គ.ជ.ប ត្រូវតែទទួលខុសត្រូវលើបណ្ដឹងជាច្រើនរបស់គណបក្សនយោបាយដែលប្ដឹងទៅគ.ជ.ប ត្រូវតែបំភ្លឺ ត្រូវតែដោះស្រាយមិនអាចប្ដឹងមកតុលាការទេ។ ចំណុចមួយទៀតដែលគណបក្សប្រជាជនជាអ្នកប្រកួតប្រជែងជាមួយគណបក្សផ្សេងទៀត នៅពេលវោហាស័ព្ទដូចគ្នា ប៉ុន្តែយើងមានការកត់សម្គាល់ឃើញខាងតុលាការដូចជាគណបក្សនយោបាយជ្រើសរើសយកតែគណបក្សប្រជាជនមួយទេយកមកដោះស្រាយតាមផ្លូវច្បាប់ ប៉ុន្តែវោហាស័ព្ទជាច្រើនរបស់មន្ត្រីគណបក្សប្រជាជនដែលនិយាយនៅក្នុងការឃោសនាអត់បានយកមកប្ដឹងផ្ដល់គ្នាតាមផ្លូវតុលាការទេ»។
លោកថា៖«ចំណុចមួយទៀត ដែលខ្ញុំមើលឃើញមួយទៀតនៅពេលដែលគូវិវាទរវាងបក្សនយោបាយ និងបក្សនយោបាយហើយប្រសិនបើគេរកឃើញថា បើចៅក្រម និងព្រះរាជអាជ្ញារដែលជាសមាជិកគណបក្សនយោបាយ អាហ្នឹងវាជារឿងមួយអយុត្តិធម៌សម្រាប់ភាគីម្ខាងទៀត»។
ថ្លែងក្នុងសម័យប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិលើកទី៥១ ដែលធ្វើឡើងនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២នេះ លោក វិទិត មុនតាប៊ន (VititMuntarbhorn) បានបង្ហាញជាការព្រួយបារម្ភអំពីការគាបសង្កត់ផ្នែកនយោបាយនៅក្នុងប្រទេសកម្ពុជា។ លោកបន្តថា លំហសិទ្ធិមនុស្ស និងសិទ្ធិនយោបាយនៅកម្ពុជា កាន់តែរួមតូច ដែលកើតឡើងបន្ទាប់ពីមានការរំលាយគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១៧ ដោយលោកបានចាត់ទុកការរំលាយនេះ ត្រូវបានធ្វើឡើងដោយអយុត្តិធម៌។
អ្នករាយការណ៍ពិសេស UN ដដែលបន្តថា ការកាត់ទោសទ្រង់ទ្រាយធំលើក្រុមបក្សប្រឆាំងដែលកំពុងបន្តធ្វើឡើងគឺ បាន និងកំពុងរារាំងដល់ការចូលរួមរបស់ពួកគេនៅក្នុងការបោះឆ្នោតជាតិ នៅឆ្នាំក្រោយ ខណៈលោកក៏បានជំរុញឱ្យរដ្ឋាភិបាលទម្លាក់ការចោទប្រកាន់នានា និងបញ្ចប់ការគំរាមកំហែងលើប្រជាពលរដ្ឋដែលប្រឆាំងលើការគ្រប់គ្រងរបស់ពួកគេផងដែរ។
អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា បានលើកឡើងពីការព្រួយបារម្ភអំពីការបោះឆ្នោតជាតិនាពេលខាងមុខរបស់កម្ពុជា ដោយក្នុងនោះ លោកក៏បានរំលឹកពីការរំលាយគណបក្សប្រឆាំងដោយអយុត្តិធម៌ និងការកាត់ទោសទ្រង់ទ្រាយធំលើក្រុមបក្សប្រឆាំងដែលកំពុងបន្តធ្វើផងដែរ៕