សមត្ថកិច្ចពាក់ព័ន្ធ កំពុងបន្តស្វែងរកជនរងគ្រោះចុងក្រោយដែលជួបឧបទ្ទវហេតុលិចទូកដ នៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល។
ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកថា កាលពីម៉ោងជិត៧យប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ មានឧបទ្ទវហេតុលិចទូកចម្លងមួយបានកើតឡើងនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក បណ្ដាលឱ្យសិស្សសាលាចំនួន ១៥នាក់ ដែលមានអាយុចន្លោះពី១២ឆ្នាំ ទៅ១៤ឆ្នាំ បានបាត់ខ្លួន។ ប្រភពដដែលបញ្ជាក់ថា ហេតុការណ៍នេះកើតឡើងបណ្ដាលមកពីម្ចាស់ទូកដាក់លើសចំណុះ ធ្វេសប្រហែស និងមិនមានការប្រុងប្រយ័ត្ន ដោយគ្មានអាវពោងសម្រាប់ការពារ។
អធិការនគរបាលស្រុកលើកដែក លោក អាំង ធូ ប្រាប់វីអូឌីថា គិតត្រឹមម៉ោង៥ល្ងាច ថ្ងៃទី១៤ ខែតុលានេះ សមត្ថកិច្ចចម្រុះបានរកឃើញជនរងគ្រោះចំនួន១៤នាក់ហើយ ក្នុងនោះ ជនរងគ្រោះចំនួន១០នាក់ (ស្រី៣នាក់) បានស្លាប់ និងកំពុងបន្តស្វែងរកជនរងគ្រោះចុងក្រោយម្នាក់ទៀត ឈ្មោះ មាស សុវណ្ណរាជ ភេទប្រុស អាយុ១៤ឆ្នាំ។
សិស្សសាលាដែលរួចផុតពីការស្លាប់ម្នាក់ កុមារា ហេង ហ៊ុយ អាយុ១១ឆ្នាំ ដែលផ្តល់បទសម្ភាសដល់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមួយរូប បានអំពាវនាវដល់រដ្ឋាភិបាលជួយធ្វើស្ពានឆ្លងទៅសហគមន៍របស់ពួកគេ ដើម្បីទប់ស្កាត់ការកើតឡើងឧបទ្ទវហេតុលិចទូកចម្លងជាយថាហេតុជាថ្មីទៀត។
កុមារា ហេង ហ៊ុយ និយាយទាំងអួលដើមកថា រូបគេ និងសិស្សសាលាផ្សេងទៀតនៅក្នុងសហគមន៍ជួបការលំបាកខ្លាំងជាងគេ គឺការធ្វើដំណើរឆ្លងទន្លេតាមទូកប្រចាំថ្ងៃ។
កុមារារូបនេះ បន្ថែមថា៖ «ជាចុងក្រោយនេះ ខ្ញុំសុំឱ្យសម្តេចជួយធ្វើស្ពានពីកោះទៅត្រើយម្ខាងទៀតផង កុំឱ្យក្មេងស្លាប់ច្រើនទៀត»។
នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បានចូលរួមរំលែកទុក្ខចំពោះហេតុការណ៍នេះ។ លោកថា បញ្ហានេះកើតឡើងជាការធ្វេសប្រហែសរបស់ម្ចាស់ទូកចម្លង និងអាជ្ញាធរមូលដ្ឋាន ដែលមិនបានពិនិត្យឱ្យបានច្បាស់លាស់ចំពោះការចម្លងនេះ។ លោកបន្តថា នេះជាមេរៀនមួយសម្រាប់រដ្ឋាភិបាល ជាពិសេសអាជ្ញាធរពាក់ព័ន្ធឱ្យមានការប្រុងប្រយ័ត្ន និងត្រួតពិនិត្យឱ្យបានច្បាស់លាស់ចំពោះទូកចម្លងគ្រប់កន្លែង។
លោកបន្ថែមថា៖ «អ៊ីចឹងបើយើងបានត្រួតពិនិត្យ និងគ្រប់គ្រងបានត្រឹមត្រូវ ប្រហែលជាមិនមានរឿងហ្នឹងកើតឡើងទេ។ អ៊ីចឹងចំណុចនេះ វាជាមេរៀនមួយដើម្បីឱ្យមានការត្រួតពិនិត្យឱ្យបានច្បាស់លាស់ទៅលើបញ្ហាទូកដនេះ។ យើងឃើញថា នេះជាលើកទី១ហើយដែលបានបាត់បង់អាយុជីវិតសិស្សដែលជាកុមារ ហើយវាបានបង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង។ អ៊ីចឹងជាបទពិសោធទៅថ្ងៃក្រោយ គួរតែមានការគិតឱ្យបានច្បាស់លាស់ ហើយចេញជារបាយការណ៍ឱ្យបានត្រឹមត្រូវទុកជាគំរូ កុំឱ្យហេតុការណ៍នេះកើតឡើងម្តងទៀត ទោះនៅក្នុងតំបន់ណាក៏ដោយ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃសុក្រនេះ បានចេញសាររំលែកទុក្ខ និងបញ្ជាទៅសមត្ថកិច្ចពាក់ព័ន្ធ បន្តស្វែងរក និងជួយដល់ជនរងគ្រោះជាសិស្សសាលាដែលជួបឧបទ្ទវហេតុលិចទូកចម្លងនេះ ហើយក៏ជួយដោះស្រាយដល់ក្រុមគ្រួសារនៃសព និងជនរងគ្រោះឱ្យបានទាន់ពេលវេលាផងដែរ។
ជាមួយគ្នានេះដែរ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលកំពុងរស់នៅតាមដងទន្លេ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលដែលស្ថានភាពទឹកជំនន់កំពុងកើនឡើងផងដែរ៕