លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មុនរដូវឃោសនារកសំឡេងឆ្នោតមកដល់នេះ ហាក់បានផ្ញើសារបែបគំរាម ដើម្បីអូសទាញសំឡេងឆ្នោតឱ្យគណបក្សកំពុងគ្រប់គ្រងអំណាចដោយថា ដើម្បីរក្សាសន្តិភាពជម្រើសតែមួយគត់ គឺត្រូវបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា។
ក្នុងពិធីចែកស្រូវពូជ ដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់ជាង១ម៉ឺនគ្រួសារ នៅខេត្តបាត់ដំបង នាព្រឹកថ្ងៃចន្ទ លោក ហ៊ុន សែន ថ្លែងថា ផ្នែកខ្លះនៃខេត្តនេះ កាលពីមុន ជាតំបន់ជម្លោះប្រដាប់អាវុធ ជាមួយកម្លាំងខ្មែរក្រហម។
ប៉ុន្តែលោកថា បច្ចុប្បន្ន បើទោះបីពលរដ្ឋនៅស្រុកឆ្ងាយៗ ដូចស្រុកបវេលជាដើម ធ្វើដំណើរចាប់តាំងពីម៉ោង១២យប់ ដើម្បីមកទទួលជំនួយ ដូចពេលនេះក្តី ពួកគេលែងជួបបញ្ហាអសន្តិសុខទៀតហើយ ដែលការណ៍នេះលោកថា មកពីកម្ពុជាមានសន្តិភាព។
លោកថា៖«ដើម្បីធានាថាមានសន្តិភាព រក្សាសន្តិភាពបានជម្រើសតែមួយគត់គឺបោះឆ្នោតឱ្យគណបក្សប្រជាជន អាហ្នឹងសុខទាំងអស់គ្នាហើយ[…]គណបក្សប្រជាជនកាន់អំណាច គណបក្សប្រជាជនមានលទ្ធភាពរក្សាសន្តិភាពបានសម្រាប់ការពារជីវិតបងប្អូន»។
លោកគូសបញ្ជាក់ថា នៅឆ្នាំ២០២៣ ពលរដ្ឋនឹងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាបន្តទៀត។
បើតាមប្រតិទិនរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានកំណត់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឬបោះឆ្នោតជាតិអាណត្តិទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។
សារនយោបាយរបស់មេដឹកនាំប្រទេសនេះ ចំពេលគណបក្សសង្គ្រោះជាតិដែលមានអ្នកគាំទ្រជាង៤៣ភាគរយ ត្រូវបានតុលាការបន្តបិទខ្ទប់ពីឆាកនយោបាយនៅឡើយ ចាប់ពីចុងឆ្នាំ២០១៧មក។
ប៉ុន្តែបច្ចុប្បន្ន អតីតមន្ត្រីបក្សប្រឆាំងខ្លះ បានចេញមកបន្តជីវិតនយោបាយឡើងវិញ ក្នុងនោះមានគណបក្សភ្លើងទៀន អតីតគណបក្សសម រង្ស៊ី របស់ លោក សម រង្ស៊ី និងគណបក្សកែទម្រង់កម្ពុជា ជាដើម។
VOD នៅថ្ងៃចន្ទនេះ មិនអាចសុំការអត្ថាធិប្បាយ ពីអ្នកនាំពាក្យបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ជុំវិញសាររបស់នាយករដ្ឋមន្ត្រីនេះបានទេ ។
ដោយឡែក អនុប្រធានគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន ហាក់បានបង្ហាញការខកចិត្តជុំវិញការកៀរគររកសំឡេងឆ្នោតឱ្យបក្សកាន់អំណាចមុនរដូវបោះឆ្នោតមកដល់របស់នាយករដ្ឋមន្ត្រី។
លោក អ៊ូ ច័ន្ទរ័ត្ន លើកឡើងថា ក្នុងនាមជាមេដឹកនាំប្រទេស គួរតែបង្ហាញការតាំងចិត្ត លើយន្តការធ្វើកំណែទម្រង់ប្រព័ន្ធបោះឆ្នោត និងលុបចោលច្បាប់មួយចំនួនដែលបើកផ្លូវឱ្យរំលាយឆន្ទៈម្ចាស់ឆ្នោត នូវអ្វីដែលោកថា ដើម្បីធានាឱ្យការប្រកួតអំណាចខាងមុខ មានលក្ខណសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ មិនមែនប្រើវេទិការជាតិ ដើម្បីកៀរគរ សំឡេងឆ្នោតឱ្យគណបក្សណាមួយ មុនច្បាប់កំណត់បែបនេះទេ។
លោកបន្តថា៖«ប្រជាពលរដ្ឋលោកដឹងហើយ មែនទែននោះ ដឹងថាត្រូវបោះឆ្នោតឱ្យគណបក្សណានោះលោក ដឹងហើយ?[…]ព្រោះយើងដឹងហើយ វាមានឧបសគ្គច្រើន មិនមែនមានន័យថា គណបក្សប្រជាជនហ្នឹងមានអ្នកគាំទ្រច្រើនទេ វាគ្រាន់តែពលរដ្ឋអ្នកគាំទ្រគណបក្សប្រឆាំងលោកមិនមានសង្ឃឹម ព្រោះបោះឆ្នោតហើយវាគង់តែរលាយដដែល»។
បើទោះពីជាមានការប្រើប្រាស់វេទិកាជាតិ ដើម្បីអូសទាញសំឡេងឆ្នោតមុនរដូវកាលបែបនេះក្តី ប៉ុន្តែ លោក អ៊ូ ច័ន្ទរ័ត្ន គ្មានជំនឿឡើយថា នឹងមានស្ថាប័នណាមួយ រួមទាំងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហ៊ានចេញចំណាត់ការទប់ស្កាត់ ដើម្បីធានាតម្លាភាពចំពោះមុខច្បាប់ ដូចចំណាត់ការដែលធ្លាប់ធ្វើទៅលើគណបក្សក្រៅរដ្ឋាភិបាលកន្លងទៅនោះទេ។
អ្នកនាំពាក្យ គ.ជ.ប. លោក ហង្ស ពុទ្ធា អះអាងថា សារនយោបាយរបស់នាយករដ្ឋមន្ត្រីនេះ មិនស្ថិតក្នុងដែនសមត្ថកិច្ចរបស់ គ.ជ.ប. ទេ។
កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តុលាការកំពូល បានរំលាយគណបក្សសង្គ្រោះជាតិ តាមបណ្តឹងរបស់រដ្ឋាភិបាល ដែលផ្តើមចេញពីការចោទប្រកាន់ប្រធានគណបក្សនេះ គឺលោក កឹម សុខា ដែលចោទថា «គប់គិតជាមួយសហរដ្ឋអាមេរិកចង់ផ្តួលរំលំរដ្ឋាភិបាល។
សាលដីការំលាយពេលនោះ មានចៅក្រម ៩រូបជាអ្នកសម្រេចក្តី ក្នុងនោះប្រធានក្រុមប្រឹក្សាជំនុំជម្រះគឺ លោក ឌិត មុន្ទី ដែលគាត់ ជាប្រធានតុលាការកំពូល និងជាសមាជិកគណៈអចិន្ត្រៃយគណបក្សប្រជាជនកម្ពុជា។
តែយ៉ាងណា សហរដ្ឋអាមេរិក តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំនៅកម្ពុជា ធ្លាប់លើកឡើងថា លោក កឹម សុខា ជាមនុស្សស្អាតស្អំ តែត្រូវបានគេចាប់ដាក់ពន្ធនាទាំងអយុត្តិធម៌។
បញ្ហានេះ អាមរិក ក៏ធ្លាប់ជំរុញឱ្យមេដឹកនាំបក្សកាន់អំណាចរបស់កម្ពុជា ទម្លាក់ចោលការចោទប្រកាន់ ហើយវិលទៅរកផ្សះផ្សាជាតិ និងរៀបចំការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ដើម្បីបើកលំហប្រជាធិបតេយ្យឡើងវិញ។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយលោក ឯម សុវណ្ណរ៉ា ហៅសារអំពាវនាវរបស់នាយករដ្ឋមន្ត្រី មុនរដូវឃោសនាមកដល់នេះ ជាការព្រួយបារម្ភដល់ការបាត់ជំនឿពីប្រជាពលរដ្ឋ ខណៈខេត្តជាប់ព្រំដែនកម្ពុជា ថៃ ភាគច្រើនគាំទ្របក្សរាជានិយម បើទោះបីជាពេលនេះ គណបក្សប្រឆាំងដែលជាដៃគូប្រកួតដ៏មានសក្តានុពល ត្រូវបន្តបិទខ្ទប់ឱ្យក្រៅសង្វៀនប្រកួតក៏ដោយ។
លោកថា៖«ខ្ញុំគិតថាប្រហែលជាគាត់អាចប្រមើមើលឃើញហើយ ព្រោះគាត់ជាអ្នកនយោបាយគាត់ដឹងពីបរិបទនៃបរិយាកាសនយោបាយនៅថ្ងៃខាងមុខ វាអាចបើកទូលាយជាងបច្ចុប្បន្នដល់អីចឹងគាត់អាចបារម្មណ៍ថាបក្សកាន់អំណាចមិនទាន់បានឆ្លើយតបពេញលេញទៅនឹងប្រជាពលរដ្ឋអំពីការអភិវឌ្ឍ នៅភាគខាងលិចហ្នឹង ដល់អីចឹងគាត់ឆ្លៀតយកឱកាសហ្នឹងឃោសនាឱ្យគណបក្សកាន់អំណាចដើម្បីយកប្រជាប្រិយភាពពីអ្នកទាំងអស់នោះ»។
យ៉ាងណា លោកព្រួយបារម្ភថា កម្ពុជាអាចនឹងបាត់បង់អត្ថប្រយោជន៍៣ ពីក្រុមប្រទេសលោកសេរី ប្រសិនបើរដ្ឋាភិបាលកម្ពុជានៅបន្តអូសបន្លាយ មិនឆ្លើយតបជាវិជ្ជមានជុំវិញសំណើរបស់សហគមន៍អន្តរជាតិ ដែលចង់ឃើញកម្ពុជាបើកលំហប្រជាធិបតេយ្យឡើងវិញនោះ។
បើតាមអ្នកជំនាញនយោបាយរូបនេះ ទី១ កម្ពុជានឹងខាតបង់បន្ថែមទៀត នូវអត្ថប្រយោជន៍ខាងវិស័យការបរទេស ឬការទូត ដែលជំរុញឱ្យបាត់បង់ការគាំទ្រពីសហគមន៍អន្តរជាតិ ទី២អត្ថប្រយោជន៍ផ្នែកពាណិជ្ជកម្ម និងទី៣អាចនឹងមានទណ្ឌកម្មបន្ថែមទៀត៕