ស្ថាបនិកក្រុមហ៊ុន SpaceX និងជាមហាសេដ្ឋីអាមេរិកមួយរូប លោក Elon Musk បានឱ្យដឹងនៅថ្ងៃអង្គារម្សិលមិញថា រូបលោកនឹងចុះចេញពីតំណែងជានាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុន ធ្វីតធ័រ (Twitter) នៅពេលឆាប់ៗខាងមុខនេះ ក្រោយពេលដែលខ្លួនអាចស្វែងរកអ្នកជំនួសតំណែងមួយនេះបាន។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២។
តាមរយៈការបង្ហោះនៅលើបណ្តាញសង្គម ធ្វីតធ័រ មហាសេដ្ឋីអាមេរិករូបនេះបន្តថា៖ «ខ្ញុំនឹងធ្វើការលាលែងចេញពីតំណែងជានាយកប្រតិបត្តិភ្លាមៗ នៅពេលដែលខ្ញុំរកអ្នកដែលអាចមកជំនួសការងារនេះបាន។ បន្ទាប់មកទៀត ខ្ញុំនឹងគ្រប់គ្រងតែក្រុមការងារផ្នែកកម្មវិធី និងបណ្ដាញ [software & servers] តែប៉ុណ្ណោះ»។
នេះគឺជាលើកទីមួយហើយដែលលោក Elon Musk បានលើកឡើងពីការលាលែងពីតំណែងជាប្រធានក្រុមហ៊ុន ធ្វីតធ័រ បន្ទាប់ពីអ្នកប្រើប្រាស់បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ល្បីឈ្មោះមួយនេះ បាននាំគ្នាបោះឆ្នោតឱ្យគាត់ចុះចេញពីតំណែង នៅក្នុងការស្ទង់មតិមួយដែលមហាសេដ្ឋីរូបនេះបានបើកឱ្យមានកាលពីល្ងាចថ្ងៃអាទិត្យ។
តាមរយៈការស្ទង់មតិដែលធ្វើឡើងនៅលើបណ្តាញសង្គម ធ្វីតធ័រ ក្នុងនោះ គេសង្កេតឃើញមានប្រតិកម្មប្រឆាំងនឹងការកាន់កាប់តំណែងរបស់លោកនៅក្នុងក្រុមហ៊ុនមួយនេះយ៉ាងច្រើន ខណៈអ្នកប្រើប្រាស់ប្រមាណជា ៥៧,៥ ភាគរយ បានបោះឆ្នោតឱ្យលោក Elon Musk ចុះចេញពីតំណែងជានាយកប្រតិបត្តិ៕