របត់នយោបាយជាង៥ឆ្នាំមកនេះ ហាក់បានបន្សល់ទុកនូវរោគសញ្ញាធំពីរផ្ទុយគ្នារវាងមេដឹកនាំកម្ពុជា និងប្លុកលោកសេរី ដែលជំរុញឱ្យស្ដារប្រជាធិបតេយ្យឡើងវិញ ជាថ្នូរនឹងលក្ខខណ្ឌរក្សាទុកអំណោយផលផ្នែកពាណិជ្ជកម្មដល់ប្រទេសកម្ពុជា។
ភាពចម្រូងចម្រាសឈានដល់កម្រិតអន្តរជាតិនេះ ជំរុញឱ្យអ្នកឃ្លាំមើលសង្គមដែលមិនជាប់ជំពាក់នឹងផលប្រយោជន៍នយោបាយ បារម្ភពីហានិភ័យសង្គម បើបន្ទាត់នយោបាយមិនត្រូវបានកែលម្អ។
បញ្ហាចម្បងមួយដែលពួកគេយកមកសម្អាង គឺប្រភពដែលកម្ពុជាកំពុងប្រឈមនោះជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា ជាង៣០ឆ្នាំមកនេះ ក្រោយពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
ជ្រុងមួយនៃបញ្ហា កាលពីថ្ងៃទី១៥ ខែធ្នូ សប្តាហ៍មុន ក្នុងជំនួបដាច់ដោយឡែកមួយនៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក អឺរ៉ុបបានដាក់លក្ខខណ្ឌឱ្យកម្ពុជាបើកលំហនយោបាយមុនការបោះឆ្នោតជាតិ ឆ្នាំ២០២៣ ជាថ្នូរនឹងប្រគល់ឱ្យប្រព័ន្ធអនុគ្រោះពន្ធ (EBA) ២០ភាគរយ ឡើងវិញ ក្រោយពីអឺរ៉ុបបានដកកាលពីខែសីហា ឆ្នាំ២០២០។
តែយ៉ាងណា ភាគីកម្ពុជា ពេលនោះ បានអះអាងថា បន្ទាត់នយោបាយរបស់ខ្លួនកំពុងដើរលើគន្លងប្រជាធិបតេយ្យ មិនមានអ្វីជាឧបសគ្គទេ។ នេះបើតាមជំនួបរវាងលោក ចូសេប ប៉ូរេល ហ្វុនតេឡេស (Josep Borell Fontelles) តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខគោលនយោបាយ ជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន។
ជាការកត់សម្គាល់ លក្ខខណ្ឌនេះដូចគ្នាទៅនឹងសេចក្តីរាយការណ៍នានារបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក្នុងអំឡុងជំនួបជាមួយមេដឹកនាំកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅរាជធានីភ្នំពេញ នាកិច្ចប្រជុំកំពូលអាស៊ានដែលកម្ពុជាធ្វើជាប្រធានអាស៊ានប្តូរវេន។
មេដឹកនាំកំពូលអាមេរិក ពេលនោះ ជំរុញឱ្យរដ្ឋាភិបាលកម្ពុជាបើកលំហប្រជាធិបតេយ្យ និងដោះលែងអ្នកនយោបាយ សកម្មជនសិទ្ធិមនុស្ស-បរិស្ថាន ដែលត្រូវគេចាប់ដាក់ឃុំ។
ការលើកឡើងរបស់អាមេរិកពេលនោះ ចំពេលមេដឹកនាំបក្សប្រឆាំង មានលោក សម រង្ស៊ី និងលោក កឹម សុខា ជាដើម នៅបន្តបិទខ្ទប់សិទ្ធិធ្វើនយោបាយក្រោមអំណាចតុលាការ ចាប់ពីចុងឆ្នាំ២០១៧មក រួមទាំងអវត្តមានគណបក្សប្រឆាំងពីសង្វៀននយោបាយ។
ជ្រុងមួយនៃបញ្ហានេះ មេដឹកនាំកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ អំឡុងទៅចូលរួមកិច្ចប្រជុំអាស៊ាន-អឺរ៉ុប បានបញ្ជាក់ជំហរថា រដ្ឋាភិបាលរបស់លោកដាច់ខាតមិនលាដៃសុំប្រព័ន្ធអនុគ្រោះផ្នែកពាណិជ្ជកម្មនេះពីអឺរ៉ុបនោះទេ ក្រោមហេតុផលថា វាប៉ះទង្គិចដល់បូរណភាពនិងអធិបតេយ្យរបស់កម្ពុជា។
លោកថា៖ «ខ្ញុំបានដាក់បម្រាម អត់ឱ្យមន្ត្រីរបស់ខ្ញុំសុំអីនរណាត្រលប់មកវិញ ភាពអនុគ្រោះណា[ត្រលប់មកវិញ]។ ខ្ញុំបាននិយាយហើយថា ខ្ញុំមិនអាចយកភាពឯករាជ្យអធិបតេយ្យភាពទៅដោះដូរជាមួយជំនួយឬភាពអនុគ្រោះណាទាំងអស់»។
ដោយឡែក រដ្ឋធម្មនុញ្ញកម្ពុជា ឆ្នាំ១៩៩៣ បានចែងថា កម្ពុជាអនុវត្តរបបប្រជាធិបតេយ្យ សេរី ពហុបក្ស។ រដ្ឋាភិបាលកម្ពុជាអនុវត្តនយោបាយបង្រួបបង្រួមជាតិ ដើម្បីការពារឯកភាពជាតិ។
មាត្រា៣១ នៃច្បាប់កំពូលនេះ ចែងថា កម្ពុជាទទួលស្គាល់និងគោរពសិទ្ធិមនុស្ស ដូចមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និងកតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយទាក់ទងទៅនឹងសិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារ។
បញ្ហាទាំងអស់នេះបង្កើតជាសំណួរថា តើរដ្ឋាភិបាលមានកាតព្វកិច្ចការពារលំហប្រជាធិបតេយ្យដែរឬទេ?
ប្រធានគ្រប់គ្រងទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត លើកឡើងថា បើយោងទៅលើរដ្ឋធម្មនុញ្ញ និងការដែលរដ្ឋាភិបាលកម្ពុជាផ្តល់សច្ចាប័នទៅអង្គការសហប្រជាជាតិចំនួន៨ទៀត ដែលរួមមានទាំងសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ រដ្ឋាភិបាលមានកាតព្វកិច្ចធានានិងការពារលំហប្រជាធិបតេយ្យ។
លោកថា៖ «អ៊ីចឹងបើយើងមើលទៅសិទ្ធិធំៗនៃច្បាប់អន្តរជាតិហ្នឹង បានទទួលស្គាល់ហើយ ផ្តល់សច្ចាប័នរួចទៅហើយ។អ៊ីចឹងនៅពេលដែលភាគីណាមួយបានផ្តល់សច្ចាប័ន ត្រូវតែមានកាតព្វកិច្ចក្នុងការអនុវត្ត ដោយបង្កើននូវគោលនយោបាយនិងវិធានការផ្សេងៗ ដើម្បីឆ្លើយតបនិងលើកកម្ពស់ទៅលើសិទ្ធិសេរីភាពជាមូលដ្ឋាន និងសិទ្ធិទាំងអស់ហ្នឹងរបស់ពលរដ្ឋ។ អាហ្នឹងវាជាកាតព្វកិច្ច។
លោក សំអាត យល់ថា លំហប្រជាធិបតេយ្យមានលក្ខណៈល្អប្រសើរ ចាប់ពីឆ្នាំ១៩៩៣ រហូតឆ្នាំ២០១៣ តែបានធ្លាក់ចុះខ្លាំងចាប់ពីចុងឆ្នាំ២០១៧ ដែលបរិបទនយោបាយឈានទៅរំលាយគណបក្សប្រឆាំងធំមួយដែលមានកម្លាំងប្រហាក់ប្រហែលចេញពីឆាកនយោបាយរហូតបច្ចុប្បន្ន ដែលការណ៍នេះជំរុញឱ្យការរិះគន់និងវិធានការកាត់ផ្ដាច់ជំនួយមួយចំនួនពីសហគមន៍អន្តរជាតិ។
ប៉ុន្តែលោកគូសបញ្ជាក់ថា វាជាការងាយទេ ក្នុងការដោះស្រាយវិបត្តិនេះ បើអ្នកនយោបាយខ្មែរតម្កល់ប្រយោជន៍ជាតិជាធំ មានការទទួលខុសត្រូវខ្ពស់ចំពោះមុខម្ចាស់ឆ្នោត បំពេញកាតព្វកិច្ចតបតាមស្មារតីរដ្ឋធម្មនុញ្ញ និងបទដ្ឋានអន្តរជាតិដែលកម្ពុជាផ្តល់សច្ចាប័ន ជាងបកស្រាយដើម្បីគេចចេញពីការទទួលខុសត្រូវនោះ។ តែសំណួរនៅត្រង់ថា តើអ្នកនយោបាយខ្មែរ ហ៊ានប្រកួតអំណាចតាមរយៈសន្លឹកឆ្នោត សុចរិត ត្រឹមត្រូវ និងយុត្តិធម៌ តាមយន្តការប្រជាធិបតេយ្យឬយ៉ាងណា។
លោកថា៖ «គោលការណ៍សេរីពហុបក្ស មិនមែនថាឱ្យតែមានបក្សច្រើន គេហៅថាសេរីពហុបក្សទេ! វាអាស្រ័យទៅលើភាពប្រកួតប្រជែងដោយស្មើភាពគ្នា ការប្រកួតប្រជែងដោយតម្លាភាព និងយុត្តិធម៌រវាងគណបក្សទាំងអស់[ដែលចូលរួមប្រកួតការបោះឆ្នោត] ជាពិសេសគេមើលទៅលើច្បាប់ដែលបានធ្វើវិសោធនកម្មកន្លងមកហ្នឹង ដូចជា ច្បាប់ស្តីពីគណបក្សនយោបាយ ច្បាប់ស្តីពីការរៀបចំការបោះឆ្នោតអីជាដើមហ្នឹង គេមើលទៅថាវាជាការរឹតត្បិតខាងនយោបាយ»។
បញ្ហានេះ លោកបាម្ភថា បើរបត់នយោបាយនៅតែបន្តដើរបញ្ច្រាសទិសទៅនឹងចរន្តសហគមន៍អន្តរជាតិ កម្ពុជានឹងបន្តខាតបង់ទាំងវិស័យសេដ្ឋកិច្ច នយោបាយ និងប្រឈមនឹងបែកបាក់ជាតិ ខណៈកម្ពុជានៅមិនទាន់ម្ចាស់ការដោយខ្លួនឯងបានដូចប្រទេសជិតខាងនៅឡើយនោះ។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា យល់ថា បើផ្អែកលើមូលដ្ឋានធំ៣ ដែលកម្ពុជាជារដ្ឋហត្ថលេខីនៃអនុសញ្ញាសិទ្ធិមនុស្សសកល ផ្តល់សច្ចាប័ននៅអំឡុងឆ្នាំ១៩៩២ កម្ពុជាបានចុះសន្ធិសញ្ញាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងកម្ពុជាជាសមាជិករបស់អង្គការសហប្រជាជាតិ ដែលត្រូវគោរពធម្មនុញ្ញអង្គការសហប្រជាជាតិនោះ រដ្ឋាភិបាលកម្ពុជាមានកាតព្វកិច្ចទទួលខុសត្រូវ និងការពារលំហប្រជាធិបតេយ្យ តមតាមស្មារតីច្បាប់ជាតិនិងអន្តរជាតិ។
លោកថា៖ «ដូច្នេះ កន្លែងនេះ យើងមិនអាចគេចវេះបានទេ បានន័យថា យើងជារដ្ឋហត្ថលេខី យើងមានកាតព្វកិច្ចទទួលខុសត្រូវ ឬក៏អនុវត្តតាមអ្វីដែលយើងឱ្យសច្ចាប័ននិងចុះហត្ថលេខា […] ប្រសិនបើរដ្ឋាភិបាលគេចវេះ ហើយយកបញ្ហាហ្នឹងគ្រាន់តែជាឡប់ឡែថា “អូ! អានេះជាអធិបតេយ្យភាព ទៅដោះដូរនឹងលក្ខណៈពាណិជ្ជកម្ម” ខ្ញុំគិតថា អានេះជាសារមួយដែលអ្នកនយោបាយមិនគួរប្រើ ឬបំភ្លៃការពិតទេ»។
អ្នកជំនាញនយោបាយរូបនេះយល់ថា បើអ្នកនយោបាយខ្មែរបណ្ដែតបណ្ដោយឱ្យបាត់បង់ផលប្រយោជន៍ជាតិព្រោះតែផលប្រយោជន៍បក្ខពួក លោកថាជាកំហុសឆ្គងរបស់អ្នកនយោបាយ។
លោកថា៖ «កម្ពុជាយើងហ្នឹងជារដ្ឋមួយរងគ្រោះ អីចឹងទៅ អឺរ៉ុបគេមានការឈឺឆ្អាល អាណិតអាសូរយើងយូរមកហើយ ហើយបើយើង[មេដឹកនាំ]មិនយល់អំពីភារកិច្ចដែលយើងត្រូវធ្វើហ្នឹងទេ ខ្ញុំគិតថាជាការខុសឆ្គងធំណាស់សម្រាប់ពលរដ្ឋកម្ពុជា»។
ដោយឡែក ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ លើកឡើងថា ព្រះរាជាណាចក្រកម្ពុជាកើតឡើងលើកទី២នេះ គឺផ្តើមចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ហើយថាសន្ធិសញ្ញាអន្តរជាតិនេះក៏បានចងកាតព្វកិច្ចកម្ពុជាពីការគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យដែរ។
លោកកត់សម្គាល់ទៀតថា សន្ធិសញ្ញាអន្តរជាតិនេះក៏បានលើកមុខមាត់កម្ពុជាលើឆាកអន្តរជាតិ និងជំរុញឱ្យមានលំហូរនៃការផ្តល់ជំនួយនានាពីប្លុកកុម្មុយនីស្ត និងប្លុកលោកសេរី ចូលមកកម្ពុជា ដែលធ្វើឱ្យកម្ពុជាមានលទ្ធភាពកសាងហេដ្ឋារចនាសម្ពន្ធប្រទេសឡើងវិញ ក្រោយពីប្រទេសធ្លាក់ក្នុងសង្គ្រាមស៊ីវិលជាង២០ឆ្នាំរួចមក។
លោកគិតថា វាជាកំហុសឆ្គងរបស់អ្នកនយោបាយ បើពួកគេធ្វើឱ្យបន្ទាត់នយោបាយធ្លាក់ទៅក្នុងវិធានការអន្តរជាតិ ដោយសារតែវិធានបិទលំហប្រជាធិបតេយ្យនោះ។
បញ្ហានេះ លោកយល់ថា របត់នយោបាយដែលបិទលំហប្រជាធិបតេយ្យ វានឹងជំរុញឱ្យជាតិបែកបាក់ កើនឡើងនូវអំពើពុករលួយ សង្គមគ្មានយុត្តិធម៌ គម្លាតរវាងអ្នកមាននិងអ្នកក្រ ហើយទីបំផុតម្ចាស់ឆ្នោតដែលជាម្ចាស់ប្រទេសក្លាយជាជនរងគ្រោះ ដោយសារអ្នកនយោបាយខ្វះទំនួលខុសត្រូវចំពោះមុខរដ្ឋធម្មនុញ្ញ។
លោកថា៖ «ទី២ សេដ្ឋកិច្ច ដែលជាដង្ហើមចុងក្រោយនៃជីវភាពប្រចាំថ្ងៃ ឬក៏ជីវភាពប្រទេសមួយទាំងមូល ដូច្នេះហើយចំណុចទាំងពីរនេះ វានឹងធ្វើឱ្យកម្ពុជាមិនអាចដើរទៅត្រង់ឆ្ពោះទៅកាន់ភាពចម្រើនរុងរឿងដូចប្រទេសមួយចំនួនទេ»។
បុព្វកថា រដ្ឋធម្មនុញ្ញ ចារឹកថា យើងប្រជារាស្ត្រខ្មែរដែលធ្លាប់មានអារ្យធម៌ឧត្ដុង្គឧត្តម ប្រទេសជាតិស្ដុកស្ដម្ភ កិត្យានុភាពខ្ពស់ភ្លឺចែងចាំងដូចពេជ្រពណ្ណរាយ បានធ្លាក់ខ្លួនដ៏សែនរន្ធត់ក្នុងអំឡុងពីរទសវត្សរ៍ចុងក្រោយនេះ ឆ្លងកាត់ទុក្ខសោកវិនាសអន្តរាយ មហាសោកស្តាយ។
បុព្វកថាដដែលបានបញ្ជាក់ថា បទពិសោធន៍នេះ កម្ពុជាបានភ្ញាក់រលឹកប្តូរផ្តាច់រួមគ្នាពង្រឹងឯកភាពជាតិឡើងវិញ ផ្អែកលើប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស ធានាសិទ្ធិមនុស្ស គោរពច្បាប់ ទទួលខុសត្រូវខ្ពស់ចំពោះវាសនាអនាគតជាតិ ឱ្យបានឈានឡើងរីកចម្រើនលូតលាស់ សម្បូររុងរឿងជានិច្ចនិរន្តរ៍៕