រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោក Retno Marsudi បានថ្លែងនៅថ្ងៃនេះថា ប្រទេសរបស់លោកសោកស្ដាយយ៉ាងខ្លាំងចំពោះផែនការត្រួតពិនិត្យយ៉ាងតឹងរឹងទៅលើពលរដ្ឋមកពីបណ្ដាប្រទេសមូស្លីមមួយចំនួន មិនឲ្យចូលទឹកដីអាមេរិក ក្រោមបទបញ្ជាអន្តោប្រវេសន៍ថ្មី។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
នៅក្នុងបទបញ្ជាថ្មីមួយដែលបង្កឲ្យមានចលាចល និងការភាន់ច្រឡំក្រោយពីចេញកាលពីថ្ងៃម្សិលមិញនេះ លោក ត្រាំ បានសម្រេចផ្អាករយៈពេល ៤ខែ មិនអនុញ្ញាតឲ្យជនភៀសខ្លួនចូលអាមេរិក និងហាមឃាត់ជាបណ្ដោះអាសន្នអ្នកដំណើរមកពីប្រទេសស៊ីរី និងបណ្ដាប្រទេសមូស្លីមធំៗ ៦ទៀត។
ឥណ្ឌូនេស៊ី ដែលជាប្រទេសមានពលរដ្ឋមូស្លីមធំជាងគេនៅលើពិភពលោក មិនស្ថិតក្នុងចំណោមប្រទេសទាំង ៧ ដែលត្រូវបានរដ្ឋបាលលោក ត្រាំ រឹតត្បិតលើពលរដ្ឋនោះឡើយ។ ទោះជាយ៉ាងណា លោក Retno បានប្រាប់ Reuters តាមរយៈសារក្នុងប្រព័ន្ធសង្គមថា៖ “យើងសោកស្ដាយយ៉ាងខ្លាំងចំពោះគោលនយោបាយនេះ”៕