កាលពីថ្ងៃទី២៨ សីហា លោក វ៉ាត់ ចំរើន បានប្រតិកម្មភ្លាមៗ ជាមួយនឹងការផ្ដល់ពិន្ទុឲ្យចាញ់កីឡាករកម្ពុជា ឡៅ ចិត្រា ចាញ់ពិន្ទុកីឡាករម្ចាស់ផ្ទះ ក្នុងវិញ្ញសារប្រដាល់ ដោយលោកបានចោទថា ការផ្ដល់ពិន្ទុនោះមិនមានភាពអយុត្តិធម៌ ដោយលោកអះអាងថា ឡៅ ចិត្រា វាយឈ្នះ៣ទឹក តែបែរជាឲ្យចាញ់កីឡាករម្ចាស់ផ្ទះក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ យ៉ាងណាមិញ ក្រោយការវាយប្រហារលើប្រព័ន្ធផ្ដល់ពិន្ទុរបស់គណកម្មការនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅម៉ាឡេស៊ី កីឡាករកម្ពុជាគឺ ឃីម ឌីម៉ា ដែលមានឈ្មោះកំណើតថា ឃុន ឌីម៉ា បានឈ្នះមេដាយមាសទី២ ជូនជាតិ ខណៈ ស៊ន សៀវម៉ី ឯណោះវិញ ក៏ដណ្ដើមបានមេដាយមាសជូនជាតិដូចគ្នា លើកីឡាតេក្វាន់ដូ នៅថ្ងៃចុងក្រោយក្នុងព្រឹត្តិការណ៍ប្រចាំតំបន់មួយនេះ។
មានការភ្ញាក់ផ្អើលមិនតិចទេ ស្របគ្នាដែលកីឡាករកម្ពុជា២រូប គឺ ឃីម ឌីម៉ា និងកីឡាការិនី ស៊ន សៀវម៉ី រកបានមេដាយមាស ដែលជួយឲ្យកម្ពុជា ទទួលបានមេដាយមាស៣គ្រឿង ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅម៉ាលេស៊ី ក្នុងថ្ងៃបិទការប្រកួតនាថ្ងៃទី២៩សីហានេះ ។
ក្នុងចំណោមមេដាយមាសចំនួន២ ដែលកម្ពុជាទើបនឹងទទួលបាននៅថ្ងៃចុងក្រោយក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅម៉ាឡេស៊ីនេះ គឺមានតែមេដាយមាស ពីការប្រដាល់របស់ ឃីម ឌីម៉ា ប៉ុណ្ណោះ ដែលមានការចាប់អារម្មណ៍ជាងគេ ដោយសារតែមុននេះបន្តិច អគ្គលេខាធិការគណកម្មការជាតិអូឡាំពិកកម្ពុជា បានប្រកាសក្ដែងៗថា សម្រាប់វិញ្ញសារប្រដាល់កម្ពុជា មិនមានលទ្ធភាពទទួលបានមេដាយមាសនោះទេ ដោយសារតែអោយឡើងប្រកួតប៉ះជាមួយម្ចាស់ផ្ទះ គឺកម្ពុជា រមែងទទួលបានពិន្ទុអយុត្តិធម៌ ហើយត្រូវបានគេទម្លាក់នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ឬវគ្គផ្ដាច់ព្រ័ត្រ។
លោក បានទាំងប្រកាសនឹងធ្វើការពិចារណាលើគម្រោងផ្អាកបញ្ជូនវិញ្ញសារប្រដាល់អោយទៅប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម រហូតដល់ពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះខ្លួនឯងក្នុងឆ្នាំ២០២៣នោះផង ដោយសារតែលោកបានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជា ដែលបានទៅផ្ដិតយកទិដ្ឋភាពប្រកួតដល់ទីនោះដោយផ្ទាល់ថា វិញ្ញសារមួយនេះ គេកាត់ក្ដីដោយការផ្ដល់ពិន្ទុ គឺគេងាយនឹងធ្វើបាបកីឡាករកម្ពុជា បើកីឡាករកម្ពុជា បានជួបកីឡាករម្ចាស់ផ្ទះ ហើយមិនមានលទ្ធភាពវាយអោយកីឡាករម្ចាស់ផ្ទះសន្លប់លើរេញ។
ប៉ុន្តែក្រោយការប្រកាសចង់ដកខ្លួនរបស់លោកបានតែប៉ុន្មានម៉ោង កីឡាករ ឃីម ឌីម៉ា ដែលបានឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ ហើយប៉ះកីឡាករថៃ Chonlawit នៅថ្ងៃទី២៩សីហានេះ បានបើកការប្រកួតវាយឈ្នះហើយដណ្ដើមបានមេដាយមាសជូនជាតិ ដែលធ្វើអោយអ្វីដែលលោក វ៉ាត់ ចំរើន ប្រកាសថាកម្ពុជាមិនងាយសង្ឃឹមដណ្ដើមបានមេដាយមាសពីការប្រកួតប្រដាល់ បានកើតមានឡើង។
យ៉ាងណាមិញ ក៏មានការបញ្ជាក់ថា កីឡាករ ឃីម ឌីម៉ា បានឈ្នះមេដាយមាស ដោយសារតែលោកមិនប៉ះកីឡាករម្ចាស់ផ្ទះនៅវគ្គចុងក្រោយនោះ ដែលមានន័យថា ការប្រកួតរបស់លោកសំណាង ជាងការប្រកួតរបស់ ឡៅ ចិត្រាក្នុងប្រភេទ៥៤គីឡូក្រាម ដែលឡើងមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ត្រូវជួបកីឡាករម្ចាស់ផ្ទះ។ ជ័យជម្នះរបស់ ឃីម ឌីម៉ា ធ្វើម្នាក់ៗ កោតសរសើរជាពិសេស គឺលោក អេ ភូថង ជាគ្រូបង្វឹកតែម្ដង។
ដោយឡែកសម្រាប់កីឡាការិនី ស៊ន សៀវម៉ី នាងទទួលបានមេដាយមាសនៅរសៀលថ្ងៃទី២៩ សីហា នេះផងដែរ បន្ទាប់ពីនាងបានឡើងទៅដល់វគ្គផ្ដាច់ព្រ័ត្រ ហើយវាយឈ្នះកីឡាការិនីហ្វីលីពីន Kirstie Elaine Alo ក្នុងលទ្ធផល ១៣-៦ ក្នុងទម្ងន់ក្រោម៧៣គីឡូក្រាម៕