កាលពីល្ងាចថ្ងៃទី១០ មីនា ព្រឹត្តិការណ៍ជម្រុះជើងឯកTV5 Boxing Knock Out Series By K-Cement បានបញ្ចប់ការការប្រកួតស្វែងរកអ្នកឡើងអង្គុយកៅអីឈានទៅវគ្គ១៦នាក់មួយសប្ដាហ៍ទៀតហើយ ដោយកីឡាករលាភ រដ្ឋា គឺជាអ្នកឡើងអង្គុយកៅអីទី១៣ និងកីឡាករម្នាក់ទៀតឡើងអង្គុយកៅអីលេខរៀងទី១៤ ដែលមានន័យថានៅសល់តែមួយសប្ដាហ៍ទៀតប៉ុណ្ណោះ នឹងបញ្ចប់ការរកឃើញអ្នកអង្គុយកៅអីទាំង១៦នាក់ហើយ ដើម្បីបន្តទៅវគ្គជម្រុះចោលយកត្រឹម៨នាក់នោះ។ ការប្រកួតដែលទើបបញ្ចប់នេះ ក៏ធ្វើអោយមានការចាប់អារម្មណ៍ផងដែរ ដោយសារតែក្នុងចំណោមអ្នកទាំងពីរ គឺ លាភ រដ្ឋា ត្រូវគេមើលឃើញថាដណ្ដើមបានកៅអីយ៉ាងលំបាក។
លោក សេង កដិកា អ្នករៀបចំកម្មវិធីបានអះអាងថា កីឡាករ លាភ រដ្ឋា មិនមែនជាកីឡាករជើងចាស់នោះទេ ប៉ុន្តែគេជាកីឡាករដែលមានសមត្ថភាព និងមានការតាំងចិត្តខ្ពស់ ទើបគណកម្មការនៅប៉ុស្ដិ៍លេខ៥ សម្រេចអោយឡើងប្រកួតជាមួយកីឡាករខ្លាំងៗផ្សេងទៀតនៅក្នុងព្រឹត្តិការណ៍ជម្រុះជើងឯកនេះ ដោយលោកកាន់តែសប្បាយចិត្តនៅពេលដែលគេឡើងប្រកួតជាមួយកីឡាករល្អម្នាក់គឺ ផាត សុដា ហើយអាចអោយផាត សុដា ចាញ់ដោយពិន្ទុបាន ដោយការឈ្នះពិន្ទុនោះក៏ប្រផិតប្រផើយទៅទៀត ដែលមានន័យថាបានឈ្នះយ៉ាងមានកិត្តិយស ក្រោយពីខំប្រឹងប្រែងបំផុត។
លោកបានហៅលទ្ធផលដែលបានស្ដែងឡើងនេះថា ជាការប្រឹងប្រែងរបស់កីឡាករជើងថ្មី ប៉ុន្តែលោកក៏បានទទួលស្គាល់ថានោះជាលទ្ធផលដែលបណ្ដាលមកពីកីឡាករ ផាត សុដា ដែលធ្លាក់ហាលអាវមិនហ៊ានវាយប្រថុយដើម្បីប្ដូរយកជ័យជម្នះនោះផងដែរ ទើបធ្វើអោយគូប្រកួតមានប្រៀបនាំមុខបានបន្តិច ក្នុងទឹកដែលប៉ះប្រកួតគ្នាខ្លាំង។ លោកថាជារឿងសោកស្ដាយដែលកីឡាករផាត សុដា ដែលល្បីកន្លងមកដែរ មិនអាចតស៊ូជាមួយជើងថ្មី ដែលបញ្ហានេះក៏ពាក់ព័ន្ធនឹងកត្តាជីវភាព និង ហូបចុកមិនគ្រប់ ខណៈដែលមួយចំណែកទៀត ក៏ដោយសារតែកីឡាករខ្លួនឯងធ្វេសប្រហែស ហើយមិនព្រមប្រឹងប្រែងនោះតែម្ដង។
លោកថាកីឡាករច្រើនណាស់ដែលអោយតែបានឈានឡើងបានបន្តិច ហើយបណ្ដោយអោយការប្រកួតធ្លាក់ដៃ ដែលបញ្ហានេះលោកបានបន្ទោសទៅលើបញ្ហាកីឡាករកម្ពុជាមិនសូវមានចំណូលចិត្តអោយបានយូរផង និងខ្វះការតាំងចិត្តច្រើនជាងតែម្ដង។ លោកធ្លាប់បានលើកឡើងថា«កីឡាកររាល់ថ្ងៃកុំថារឿងតម្លៃខ្លួនចាញ់ប្រទេសជិតខាងបានប្រកួតល្អមិនសូវបានយូរ ការពិតកីឡាករដែលល្អគេនៅតែល្អចឹង ប៉ុន្តែសំខាន់គឺបណ្ដាលមកពីអ្នកធ្លាក់ដៃទាំងហ្នឹង មិនមែនអ្នកយកប្រដាល់ធ្វើអាជីពទេ ទាល់តែចង់បានលុយពីប្រដាល់ទើបហាត់ហើយសុំឡើងរេញ!»។
លោកថាខ្លួននៅតែចង់ផ្ដល់ឱកាសអោយកីឡាករចាស់ៗបាត់មុខ និងចង់ប្រដាល់ ទើបក្នុងព្រឹត្តិការណ៍ដែលបានធ្វើឡើងនេះក៏តែងតែដាក់កីឡាករចាស់ៗ ដែលបាត់មុខយូរ ឬមានឈ្មោះគេស្គាល់មកហើយ បើទោះជាមានការយល់ឃើញថាកីឡាករទាំំងនោះធ្លាក់ដៃ។ លោកនៅតែបន្តហៅការបរាជ័យរបស់ ផាត សុដា ថាបណ្ដាលមកពីកីឡាកររូបនេះមើលស្រាលការប្រកួត ស្របពេលដែលកីឡាករវ័យក្មេង លាភ រដ្ឋា ប្រឹងប្រែងហ្វឹកហាត់បានល្អទើបធ្វើអោយការប្រកួតរបស់លោកមានកម្រិតល្អជក់ភ្នែក រហូតធ្វើអោយគណកម្មការផ្ដល់ពិន្ទុអោយឈ្នះ ព្រោះតែគេប្រកួតវាយស៊ូ និងតែងបញ្ចេញបច្ចេកទេសមុនជាប្រចាំ។
លោកអះអាងបែបនេះ បន្ទាប់ពីបានទស្សនាការប្រកួតរហូតដល់រកឃើញលទ្ធផល ហើយថាកីឡាករបង្គោលខៀវដែលបោះបង់ការប្រកួតនៅត្រឹមទឹកទី២ គឺដោយសារតែខ្សោយទាំងកម្លាំងស៊ុហ្វ និងខ្វះទាំំងការតស៊ូ នៅពេលគូប្រកួតជាកីឡាករវ័យក្មេងសម្រុកខ្លាំង។ លោកសម្ដែងការពេញចិត្តចំពោះការប្រកួតរបស់មួយគូនេះ ជាពិសេសក្នុងទឹកទី២ ដែលលាភ រដ្ឋា ស្ទុះចូលមិនខ្លាចរបួស ហើយធ្វើអោយកីឡាករ ផាត សុដា ដែលប្រឹងប្រកួតអស់ពីសមត្ថភាពដែលនោះ ផ្ងារជើងម្ដងៗ។
កីឡាករលាភ រដ្ឋា បានអះអាងថា មុនការប្រកួតឈ្នះកីឡាករ ផាត សុដា លោកមិនត្រឹមតែប្រឹងប្រែងហ្វឹកហាត់ប៉ុណ្ណោះទេ ប៉ុន្តែក៏បានស្រម៉ៃនៅនឹងភ្នែកថាលោកនឹងឈ្នះដូចក្រោយប្រកាសលទ្ធផលនោះដែរ ទើបលោកបញ្ជាក់ថានេះជាលទ្ធផលដូចការស្រម៉ៃចង់បាន ដែលលោកបានហៅជ័យជម្នះនេះថានឹងជួយអោយលោកកាន់តែមានគេស្គាល់។
លោកថាបានឡើងអង្គុយកៅអី១៦នាក់ក្នុងលេខរៀងទី១៣ គឺជាអ្វីដែលលោករំភើបចង់ស្រក់ទឹកភ្នែក ដោយសារតែលោកមិនធ្លាប់គិតទាល់តែសោះថាខ្លួននឹងទទួលបានជ័យជម្នះលើជើងខ្លាំង ផាត សុដា។ លោករំពឹងថាឱកាសឡើងអង្គុយកៅអីក្នុងវគ្គ១៦នាក់ទី១៣នេះ នឹងធ្វើអោយលោកបន្តឈានឡើងទៅវគ្គ៨នាក់ទៀត ថ្វីដ្បិតថាមិនទាន់ប្រាកដថានឹងបានមួយរយភាគរយនៅឡើយ៕