ក្រោយបញ្ចប់ការប្រកួតនៅប៉ុស្ដិ៍លេខ៥ កាលពីថ្ងៃទី២២ កញ្ញា កីឡាករ២រូបគឺ ពុទ្ធ ម៉ាណូយ មកពីក្លិបពុទ្ធសេរីវង្សខណ្ឌពោធិ៍សែនជ័យ និងកីឡាករ មាឃ វណ្ណរ៉ា មកពីក្លិបរាជសីហ៍ខេត្តរតនៈគីរី បានបង្ហាញអារម្មណ៍មិនអស់ចិត្តដូចគ្នា បន្ទាប់ពីលទ្ធផលដែលបានស្ដែងឡើងមិនអាចអោយពួកគេដឹងថាអ្នកណាខ្លាំងជាងអ្នកណា។ កីឡាករទាំងពីរបានទាំងប្រកាសស្នើសុំឲ្យមានការប្រកួតជាថ្មីនោះផង ព្រោះតែរឿងមិនអស់ចិត្តរបស់ខ្លួន។
ជំនួបដែលបានធ្វើឡើងនៅក្នុងសប្ដាហ៍ដែលសមាសភាពត្រូវដណ្ដើមជើងឯក ត្រូវអនុញ្ញាតិអោយសម្រាកមួយសប្ដាហ៍ នៅក្នុងព្រឹត្តិការណ៍ដណ្ដើមកំពូលជើងឯក TV5 Boxing Knock Out Series By K-Cement ក្នុងប្រភេទទម្ងន់៦០គីឡូក្រាមនេះ ត្រូវបានផ្គូរផ្គងឡើងក្រោយពេលកីឡាករទាំងពីរ ត្រូវគេកត់សម្គាល់ថាបានឡើងកូដរៀងខ្លួន។
កីឡាករ ពុទ្ធ ម៉ាណូយ បានអះអាងថា ការប្រកួតទាំងមូលលោកប្រឹងខ្លាំងណាស់ ហើយលោកក៏បានវាយសម្រុកបានច្រើនទៅលើកីឡាករបង្គោលខៀវ ក្នុងរយៈពេលទាំង៥ទឹកផងដែរ ទើបលោកយល់ថាលទ្ធផលស្មើដែលបានប្រកាសឡើងហាក់ធ្វើអោយលោកខកចិត្ត។
លោកថាខ្លួនគួរតែឈ្នះការប្រកួតនៅក្នុងថ្ងៃនោះ ដោយសារសម្អាងថា ខ្លួនវាយត្រូវច្រើន ហើយសូម្បីតែកែងក្នុងការវ័ធកន្ទុយភ្នែកគូប្រកួតក៏ចេញត្រូវច្រើន។ មិនខុសគ្នាដែរកីឡាករ មាឃ វណ្ណរ៉ា ក៏បានលើកឡើងស្រដៀងគ្នាថា ជំនួបប៉ះគ្នាជាលើកដំបូងនេះ លោកមិនគួរបានត្រឹមតែស្មើជាមួយកីឡាករ ម៉ាណូយ ទាល់តែសោះ ដោយលោកថាខ្លួនគួរតែឈ្នះ ព្រោះទាត់ត្រូវច្រើន ស្របពេលកណ្ដាប់ដៃម៉ាត់ ក៏វាយត្រូវច្រើន។
លោកថាលទ្ធផលស្មើគ្នា មិនមែនជាអ្វីដែលលោកចង់បាននោះទេ ដ្បិតលោកយល់ថាខ្លួនគួរតែឈ្នះ បើផ្អែកលើអ្វីដែលលោកបានវាយត្រូវ។ យ៉ាងណាមិញ គេមិនឃើញកីឡាករទាំងពីរតវ៉ា ឬប្រតិកម្មជុំវិញលទ្ធផល ដែលអោយអ្នកទាំងពីរស្មើគ្នានៅលើសង្វៀននោះទេ ដោយគ្រាន់តែមានការអះអាងថា ពួកគេនឹងស្នើតាមគ្រូបង្វឹកសុំអោយមានការប្រកួតនឹងគ្នាម្ដងទៀត ដើម្បីដឹងថា អ្នកណានឹងឈ្នះគ្នាពិតប្រាកដបើមានលើកក្រោយ។
លោក សេង កដិកា អ្នករៀបចំការប្រកួតប្រចាំនៅប៉ុស្ដិ៍លេខ៥ បានអះអាងថា លោកមិនបានដឹងពីរឿងមិនអស់ចិត្តចំពោះភាគីម្ខាងៗ ក្រោយពេលអោយស្មើនោះទេ ប៉ុន្តែលោកថាសម្រាប់គូនេះ ពិតវាយចេញខ្លាំងដូចគ្នា ដែលពិបាកអោយអ្នកឈ្នះចាញ់។
សារភាពថា ផ្អែកតាមគណកម្មការផ្ដល់ពិន្ទុដែលមានដល់ទៅ៥រូប គឺមិនអាចនឹងមានពិន្ទុស្មើបានទេ ប៉ុន្តែបណ្ដាលមកពីអោយកីឡាករបង្គោលខៀវឈ្នះ ក៏ស្ដាយបង្គោលក្រហម ហើយបើអោយបង្គោលក្រហមឈ្នះ ក៏ស្ដាយបង្គោលខៀវ ទើបលោក និងគណកម្មការសម្រេចអោយស្មើ។ លោកថា រឿងមិនអស់ចិត្តត្រឹមស្មើ នឹងធ្វើអោយលោកពិចារណាអោយប្រកួតប៉ះគ្នាម្ដងទៀត តែមិនទាន់ប្រាកដពីពេលវេលាទេ ដោយសារតែសង្វៀនរបស់លោកក៏បានកំណត់ឈ្មោះកីឡាករអោយប្រកួតរួចអស់ទៅហើយក្នុងរយៈពេលមួយខែៗមុនៗ៕