លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានកម្ទេចបក្សប្រឆាំងនៅកម្ពុជាចោល ជាការឆ្លើយតបទៅនឹងការដកហូតប្រព័ន្ធអនុគ្រោះពន្ធពីប្រទេសកម្ពុជាពីសំណាក់សហគមន៍អន្តរជាតិ។
ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ នៅខេត្តកណ្តាល នៅថ្ងៃនេះ លោក ហ៊ុន សែន បញ្ជាក់ថា ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើប្រទេសកម្ពុជា គឺមិនខុសពីសម្លាប់បក្សប្រឆាំងនោះទេ ហើយក៏លែងមានដែរ ចំពោះការនិយាយពីបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា។
លោក ហ៊ុន សែន ថ្លែងថា៖ «ដោយសារអ្នកជ្រុលតែដាក់ទណ្ឌកម្មខ្ញុំហើយ អ្នកក៏គ្មានសិទ្ធិដើម្បីនិយាយប្រដៅខ្ញុំរឿងសិទ្ធិមនុស្ស ឬប្រជាធិបតេយ្យអីនោះដែរ គឺអត់ទេ ហើយខ្ញុំចង្អុលបង្ហាញថា បើសិនអ្នកឯងដាក់ទណ្ឌកម្មខ្ញុំ គឺស្មើនឹងវៃសម្លាប់គណបក្សប្រឆាំងនៅកម្ពុជា។ ខ្ញុំនិយាយប្រាប់អ្នកឯងឱ្យច្បាស់ ព្រោះគ្មានរឿងអីដែលខ្ញុំត្រូវថ្នាក់ថ្នម ព្រោះវាបានតែជ្រុលអីចឹងទៅហើយ ឱ្យវាទៅបណ្តោយទៅ។ ជាន់កហ្អែងថែម»។
អតីតអ្នកតំណាងរាស្ត្រគណបក្សសង្រ្គោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន យល់ថា ប្រសិនបើមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចកម្ពុជាមែន នឹងផលប៉ះពាល់ដល់ប្រជាពលរដ្ឋកម្ពុជាទូទាំងនគរ។ ចំណែកការប្រកាសបំផ្លាញបក្សប្រឆាំង គឺជាសេរីភាពរបស់លោក ហ៊ុន សែន ដោយថា អំណាចគ្រប់យ៉ាងស្ថិតក្នុងដៃរបស់លោក។
លោក ច័ន្ទរ័ត្ន ប្រាប់ថា៖ «ទីមួយ បញ្ហាជីវភាពរបស់ពួកគាត់ ហើយទីពីរ រឿងសិទ្ធិសេរីភាពរបស់គាត់ហ្នឹង ត្រូវបានរឹតត្បិតបន្ថែមទៀតហើយ។ ដូចប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រីអីចឹង ប្រសិនបើមានការហ៊ុំព័ទ្ធខ្លាំង មានការដាក់សម្ពាធខ្លាំង វាប៉ះពាល់ដល់គណបក្សប្រឆាំងហើយ កាន់តែខ្លាំង។ អាហ្នឹង ព្រោះ អំណាចនៅលើគាត់ទាំងស្រុង ហើយគាត់អាចដាក់សម្ពាធទៅលើប្រជាពលរដ្ឋខ្លួនឯង និងជាពិសេស គឺអ្នកប្រឆាំងហ្នឹងតែម្តង»។
អ្នកឃ្លាំមើល និងជាអ្នកវិភាគនយោបាយ លោក គឹម សុខ មានប្រសាសន៍កាលពីពេលថ្មីៗនេះថា ប្រសិនបញ្ហាប្រឈមទាំងឡាយនេះ លោក ហ៊ុន សែន មិនព្រមដោះស្រាយ ហើយជ្រើសរើសយកវិធីបំបែកបក្សប្រឆាំងដើម្បីត្រួតត្រា និងកម្ចេចក្រុមប្រឆាំង កម្ពុជានឹងជួបវិបត្តិកាន់តែធំ ពិសេសមនុស្សរាប់ម៉ឺននាក់នឹងបាត់បង់ការងារធ្វើ។
លោកបន្ថែមថា៖ «វាបង្កើតជាការបែកបាក់ជាតិយ៉ាងធំរវាងខ្មែរមួយក្រុមធំ ដែលមានពលរដ្ឋគាំទ្រជាងកន្លះនគរ និងខ្មែរមួយក្រុមទៀតដែលកំពុងកាន់អំណាច ចាត់ចែងវាសនារបស់ប្រទេសជាតិ ហើយក្នុងលក្ខខណ្ឌរបៀបនេះ នឹងធ្វើឱ្យបរទេសលូកដៃកកូរកកាយបំផ្លាញខ្មែរយ៉ាងងាយ។ ទាំងនេះ ជាកំហុសដែលបង្កើតឡើងដោយក្រុមលោក ហ៊ុន សែន ផ្ទាល់មិនអាចប្រកែកបានទេ»។
កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ សមាជិកព្រឹទ្ធសភាអាមេរិកចំនួន ២រូប បានស្នើទៅរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ ឲ្យសើរើច្បាប់ពាណិជ្ជកម្ម ឬដកហូតប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មទូទៅ GSP ជាមួយកម្ពុជា ខណៈសហភាពអឺរ៉ុប ដែលជាទីផ្សារធំបំផុតនៃទំនិញនាំចេញពីកម្ពុជានោះ ក៏បានដំណើរការដកហូតប្រព័ន្ធអនុគ្រោះពន្ធ «អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ» (EBA) ពីកម្ពុជាផងដែរ ដែលប្រព័ន្ធនៃការអនុគ្រោះពន្ធទាំងពីរនេះ បានធ្វើឲ្យកម្ពុជាចំណេញថវិកាជាង ១ពាន់លានដុល្លារក្នុងមួយឆ្នាំ៕