សកម្មជនអតីតគណបក្សសង្រ្គោះជាតិមួយរូបនៅខេត្តស្វាយរៀង គឺលោក គង់ ម៉ាស់ ត្រូវបានអាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួន នៅព្រឹកថ្ងៃទី១៦ ខែមករា ក្នុងពេលលោកកំពុងអង្គុយពិសាកាហ្វេក្នុងហាង អាលមិន (ALmond) ស្ថិតនៅរាជធានីភ្នំពេញ។
មិត្តភក្តិរបស់លោកគង់ ម៉ាស់ គឺ លោក ឯម សុខសុវណ្ណ ដែលអង្គុយពិសាកាហ្វេជាមួយគ្នា ឲ្យដឹងថា អាជ្ញាធរប្រមាណ ១០នាក់ មានទាំងស្លៀកពាក់ស៊ីវិលផង បានប្រគល់ដីកាមួយឱ្យលោក គង់ ម៉ាស់ អានហើយក៏នាំខ្លួនទៅសួរនាំនៅក្រសួងមហាផ្ទៃ ដោយថា ពាក់ព័ន្ធនឹងការបង្ហោះសារលើហ្វេសប៊ុក តែមិនបានបញ្ជាក់ថា ជាសារអ្វីនោះទេ។
ប្រភពដដែល ថាមកទល់ម៉ោង៤រសៀលនេះ លោកគ្មានដំណឹងពី លោក គង់ ម៉ាស់ ឡើយ។
នៅមុនការឃាត់ខ្លួនមួយម៉ោង លោក គង់ ម៉ាស់ បានបង្ហោះរូបថតរបស់លោក កំពុងអង្គុយទទួលទានកាហ្វេ និងសរសេរថា៖ «ទឹកទី១៖ សហភាពអឺរ៉ុបបានសម្រេចជំហានដំបូងដាក់ទណ្ឌកម្មលើការយកពន្ធ និងតំឡើងថ្លៃលើការនាំចូលអង្ករពីកម្ពុជា ដោយយកពន្ធ ២០០.៧៣ដុល្លារក្នុងមួយតោន។ នេះ បើតាមការចុះផ្សាយរបស់ភ្នាក់ងារព័ត៌មានរ៉យទ័រនៅថ្ងៃទី ១៤ មករា»។
ការចាប់ខ្លួនអតីតសកម្មជនគណបក្សសង្រ្គោះជាតិជាថ្មីទៀតនេះ គឺ ពីរថ្ងៃក្រោយពេល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានកម្ចេចក្រុមបក្សប្រឆាំងចោល និងមិនអត់អោនឱ្យក្រុមបក្សនេះឡើយ ប្រសិនបើសហគមន៍អន្តរជាតិដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើរដ្ឋាភិបាលក្រុងភ្នំពេញ៕