ចិនសន្យាបង្កើនការទិញអង្ករពីកម្ពុជា៤០ម៉ឺនតោនក្នុងឆ្នាំនេះ ខណៈអឺរ៉ុបចាប់ផ្ដើមយកពន្ធនាំចូលប្រទេសចិនសន្យាបង្កើនការទិញអង្ករ១០ម៉ឺនតោនបន្ថែមទៀត ដែលធ្វើឲ្យអង្ករដែលប្រទេសចិនសន្យាទិញពីកម្ពុជាកើនដល់ចំនួន៤០ម៉ឺនតោន ក្នុងឆ្នាំ២០១៩នេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសបុករបស់លោកនាថ្ងៃនេះថា ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនលោក ស៊ី ជីនពីង បានជំរុញមកកាន់លោកក្នុងការបង្កើនទំហំសេដ្ឋកិច្ចប្រទេសទាំងពីរឲ្យកើនដល់១ពាន់លានដុល្លារនាឆ្នាំ២០២៣ខាងមុខ ខណៈឆ្នាំ២០១៩នេះប្រទេសនេះនឹងសន្យាបង្កើនការនាំចូលអង្ករពីកម្ពុជាចំនួន៤០ម៉ឺនតោន។
លោកសរសេរថា៖ « ឯកឧត្ដមបន្តថា ចិននិងកម្ពុជា នឹងបន្តរួមគ្នាសហគមន៍ដែលជាសហគមន៍រួមគ្នា ដើម្បីរៀបចំផែនការធ្វើកិច្ចសហការលើគ្រប់វិស័យ ទាំងវិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងរវាងប្រជាជន និងប្រជាជន » ។
អ្នកនាំពាក្យក្រសួងកសិកម្មលោក ស្រី វុឌ្ឍី ស្វាគមន៍ទៅនឹងការបង្កើនការទិញនេះ ខណៈលោកថាវានឹងអាចឆ្លើយតបបានមួយចំនួនទៅនឹងវិធានការយកពន្ធអង្កររបស់អឺរ៉ុប តែទោះជាយ៉ាងណាវាអាស្រ័យលើកម្លាំងនៃការនាំចេញរបស់កម្ពុជាប៉ុណ្ណោះ។
លោកថា៖ « ស្រូវរបស់យើងនៅឆ្នាំ២០១៨នេះ ផលិតបានលើសដល់ទៅ៥លានកន្លះ សម្រាប់បម្រើដល់ការនាំចេញ និងប្រើប្រាស់មួយចំនួនក្នុងស្រុក។ អញ្ចឹងយើងមានលទ្ធភាពផលិតលើស តែលទ្ធភាពនាំចេញពាណិជ្ជកម្មក្នុងទំហំដែលសម្រេចឲ្យគេឬអត់ វាអាស្រ័យលើសមត្ថភាពLogistic របស់យើង » ។
ក្នុងឆ្នាំ២០១៨កន្លងទៅប្រទេសចិនបានផ្ដល់កូតានាំចូលអង្ករកម្ពុជាជាង៣០ម៉ឺនតោន តែកម្ពុជាសម្រេចបានក្នុងការនាំចូលទៅប្រទេសចិនបានតែជាង១៧ម៉ឺនតោនប៉ុណ្ណោះ។
សហភាពអឺរ៉ុបកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ ២០១៩ បានសម្រេចដាក់ពន្ធគយលើអង្ករដែលនាំចូលពីកម្ពុជា និងភូមា ដោយចាប់ផ្ដើមអនុវត្តន៏ចាប់ពីថ្ងៃសុក្រសប្តាហ៍មុន។
ទីប្រឹក្សាអង្គការកសិកម្មសេដាកលោក សម វិទូ យល់ថាខណៈដែលអឺរ៉ុបចាប់ផ្ដើមយកពន្ធលើអង្ករកម្ពុជានោះ ការបង្កើនកូតារបស់ចិនគឺអាចជួយដល់កម្ពុជាមួយកម្រិតផងដែរ តែអ្វីដែលកម្ពុជាត្រូវពិនិត្យនោះថាតើកម្ពុជាអាចនាំអង្ករបង្គ្រប់កូតា៤០ម៉ឺនតោននេះដែរឬទេ។
លោកថា៖ « បើទោះជាចិនឲ្យថែមដល់ទៅ៤០ម៉ឺនតោនប៉ុន្តែ សមត្ថភាពរបស់យើងបើសិនជាខ្ញុំអាចប៉ាន់ស្មានគឺថា ប្រហែលជាអាចនាំចូលទៅពី២០ទៅ២៥ម៉ឺនតោនក្នុងឆ្នាំ២០១៩ទោះជាមានកូតាក៏ដោយ។ ព្រោះថាអង្ករយើងក៏ត្រូវប្រកួតប្រជែងក្នុងទីផ្សាររបស់ចិនដែរ » ។
លោកឲ្យជាយោបល់ថារដ្ឋាភិបាលគួរតែបញ្ចុះថ្លៃអគ្គិសនី ពង្រីកប្រព័ន្ធធារាសាស្ត្រឲ្យបានទូលំទូលាយ ពង្រឹងគុណភាពកសិកម្ម និងរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឲ្យបានល្អប្រសើរដើម្បីបញ្ចុះថ្លៃដើម និងបង្កើនការនាំចេញរបស់កម្ពុជា។
យោងតាមរបាយការណ៍ក្រសួងកសិកម្ម អង្ករកម្ពុជាត្រូវបាននាំចេញដោយ៧០ក្រុមហ៊ុន ទៅកាន់ប្រទេស៦០ នៅទូទាំងពិភពលោក ក្នុងនោះប្រទេសចិនជាង១៧លានតោន ដែលស្មើនឹងជាង២៧ភាគរយនៃការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារពិភពលោកក្នុងឆ្នាំ២០១៨៕