មេដឹកនាំសហភាពអឺរ៉ុប អះអាងជាថ្មីថា នៅតែបន្តរក្សាជំហរពិភាក្សាជាមួយកម្ពុជាទាក់ទងនឹងប្រព័ន្ធអនុគ្រោះពន្ធគ្រប់បែបយ៉ាងលើកលែងតែអាវុធ (EBA) ខណៈដែលក្រុមអ្នកជំនួញនៅកម្ពុជាមកពី៤០ស្ថាប័នស្នើកុំឲ្យដកប្រព័ន្ធនេះ។
ស្នងការនៃគណៈកម្មការអឺរ៉ុបទទួលបន្ទុកផ្នែកពាណិជ្ជកម្ម លោកស្រី សេស៊ីលីយ៉ា ម៉ាលស្ត្រុម បង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គម Twitter កាលពីម្សិលមិញថា លោកស្រីបានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន ជជែកពីបញ្ហាប្រព័ន្ធអនុគ្រោះពន្ធ (EBA)។
លោកស្រី សេស៊ីលីយ៉ា ម៉ាលស្ត្រុម សរសេរថា៖ «ជួបជាមួយរដ្ឋមន្រ្តីការបរទេសកម្ពុជា លោកប្រាក់សុខុននាថ្ងៃនេះ។ យើងបានពិភាក្សាអំពីកិច្ចព្រមព្រៀង EBA និងលទ្ធភាពនៃការដកប្រព័ន្ធលើកលែងពន្ធនេះ។ (សហភាពអឺរ៉ុប) លើកឡើងជាថ្មី ម្តងទៀតនូវកង្វល់របស់យើង ទាក់ទងនឹងលទ្ធិប្រជាធិបតេយ្យសិទិ្ធមនុស្សនិងនីតិរដ្ឋ។ សហភាពអឺរ៉ុប បន្តរក្សាច្រកនៃកិច្ចពិភាក្សា។» ។
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន កំពុងដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប នៅទីក្រុងព្រុចស៊ែល ប្រទេសប៊ែលហ្សិច តបតាមការអញ្ចើញពីតំណាងជាន់ខ្ពស់សហភាពអឺរ៉ុប លោកស្រី ហ្វេដីរីកា ប៉ូហ្គេរីនី ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុប្រធាននៃគណៈកម្មាធិការអឺរ៉ុប។
ក្រៅពីកិច្ចប្រជុំនេះ ភាគីកម្ពុជាក៏នឹងជួបដាច់ដោយឡែកជាមួយមន្ត្រីជាន់ខ្ពស់មួយចំនួនផងដែរ ដូចជា ជួបជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប របស់ប៊ែលហ្ស៊ិច លោក ឌីឌ៉្យេរ រ៉េនឌ័រ ជួបជាមួយស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប លោកស្រី សេស៊ីលីយ៉ា ម៉ាលស្ត្រុម និងជួបគណៈប្រតិភូផ្សេងទៀត។
ស្របពេលជាមួយគ្នានេះ ក្រុមអ្នកជំនួញកម្ពុជារួមមានមេដឹកសភាពាណិជ្ជកម្មកម្ពុជា លោក គិត ម៉េង មេដឹកនាំសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា លោក Arnaud Darc ព្រមទាំងមេដឹកនាំវិស័យឯកជននានាសរុបទាំងអស់ចំនួន៤០ស្ថាប័នកាលពីម្សិលមិញ បានចុះហត្ថលេខាលើលិខិតផ្ញើទៅកាន់ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប លោកស្រី សេស៊ីលីយ៉ា ម៉ាលស្ត្រុម ឲ្យចៀសវាងការដកប្រព័ន្ធអនុគ្រោះពន្ធ។ ក្រុមអ្នកជំនួញទាំងនោះលើកឡើង ថាការដក EBA អាចនាំឲ្យប៉ះពាល់ដល់ប្រយោជន៍និងជីវភាពរបស់ប្រជាជនកម្ពុជា។
ក្រុមពាណិជ្ជករទាំងនោះ បានសសរសេក្នុងលិខិតនោះថា៖ «ការដក EBA នឹងមានផលប៉ះពាល់ដល់ជីវភាពរបស់កម្មកររាប់លាននាក់ ព្រមទាំងក្រុមគ្រួសាររបស់ពួកគេ ដែលពឹងផ្អែកទៅលើវិស័យកាត់ដេរ។ ការដក EBA មានឥទ្ធិពលអវិជ្ជមានកាន់តែខ្លាំង ទៅដល់ស្ដ្រី៨៥ភាគរយរស់នៅតាមជនបទ ដែលជាកម្មការិនីកាត់ដេរ ក្នុងចំណោមអ្នកកាត់ដេរ៧០០,០០០នាក់»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាដែលកំពុងដឹកនាំរដ្ឋាភិបាល លោក ឈឹម ផលវរុណ ប្រាប់ VOD នៅរសៀលនេះថា នៅតែបន្តសហកិច្ចប្រតិបត្តិការជាមួយដៃគូអន្តរជាតិដោយឈរលើគោលការណ៍គោរពនិងមិនលូកលាន់កិច្ចការគ្នា។
លោក ឈឹម ផលវរុណ មានប្រសាសន៍ថា៖ «បន្តសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ ប៉ុន្តែ រាល់កិច្ចសហប្រតិបត្តិការគឺយើងពង្រឹងពង្រីកដោយឈរលើគោលការណ៍ឯករាជ្យ អធិបតេយ្យភាពជាតិ ដោយមិនប្តូរយកជំនួយឬការអនុគ្រោះណាដោយជាន់ឈ្លីនិងឯករាជ្យអធិបតេយ្យភាពជាតិទេ។ ប៉ុន្តែយើងមានជំហរពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាទ្វេភាគីនិងពហុភាគីក្នុងតំបន់ ទាំងក្នុងពិភពលោក គឺយើងធ្វើទាំងអស់ តែឈរលើគោលការណ៍គោរពផលប្រយោជន៍គ្នាទៅវិញទៅមក ហើយនិងមិនលូកលាន់កិច្ចការផ្ទៃក្នុងផងគ្នា បាទ!»។
គណៈកម្មាអឺរ៉ុប កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨ បានជូនដំណឹងមករដ្ឋាភិបាលកម្ពុជា អំពីដំណើរការព្យួរ ឬដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា ក្រោយពីរកឃើញថា រដ្ឋាភិបាលមិនបានធ្វើឲ្យប្រសើរឡើងវិញនូវការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ បន្ទាប់ពីគណបក្សសង្គ្រោះជាតិមិនត្រូវបានអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ និងការបោះឆ្នោតជាតិមិនត្រូវបានធ្វើឡើងតាមយន្តការប្រជាធិបតេយ្យនោះឡើយ។
សហភាពអឺរ៉ុប គឺជាទីផ្សារធំជាងគេរបស់កម្ពុជាសម្រាប់ផលិតផលសម្លៀកបំពាក់កាត់ដេរ និងផលិតផលកសិកម្ម ដែលមានចំណែកធំបំផុតក្នុងចំណោមផលិតផលដទៃទៀតដែលត្រូវបាននាំចេញពីកម្ពុជាចូលទៅទីផ្សាររួមមួយនេះ។ របាយការណ៍រដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា ទំនិញដែលនាំចេញពីកម្ពុជាទៅកាន់ទីផ្សារសហគមន៍ បានរួចផុតពីកាតព្វកិច្ចបង់ពន្ធដែលមានតម្លៃជាទឹកប្រាក់ដល់ទៅជិត ៧០០លានដុល្លារក្នុងមួយឆ្នាំៗ៕