មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា ពួកគេបានជជែកគ្នាជាមួយភាគីវៀតណាម ដើម្បីស្វែងរកដំណោះស្រាយសម្រាប់តម្លៃស្រូវរបស់កសិករ ដែលការជជែកគ្នានេះកើតឡើងបន្ទាប់ពីទីផ្សារអង្ករកម្ពុជាបានប្រឈមមុខនឹងរបត់ថ្មីនៅឯទីផ្សារអឺរ៉ុប។
ទំព័រហ្វេសប៊ុករបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្សព្វផ្សាយថា រដ្ឋមន្ត្រីកសិកម្ម លោក វេង សាខុន បានជួបពិភាក្សាជាមួយអគ្គរដ្ឋទូតវៀតណាម និងក្រុមពាណិជ្ជករវៀតណាមនៅទីស្ដីការក្រសួងការពីថ្ងៃម្សិលមិញនេះ ដើម្បីជជែកអំពីស្ថានភាពប្រមូលទិញស្រូវពីកសិករកម្ពុជានាពេលសព្វថ្ងៃនេះ។
អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មិនអាចទំនាក់ទំនងដើម្បីសុំការបកស្រាយបន្ថែមអំពីព័ត៌មានលម្អិតនៃជំនួបនេះបានទេនៅថ្ងៃនេះ។
បើតាមទំព័រហ្វេសប៊ុកដដែលនេះ ភាគីវៀតណាម នឹងជំរុញឲ្យមានការចចុះអនុស្សរណៈយោគយល់គ្នាមួយ ទៅលើពាណិជ្ជកម្មថ្នាំជក់ និងស្រូវអង្ករនៅក្នុងរយៈពេលខ្លីខាងមុខ។
សេចក្តីជូនដំណឹងឲ្យដឹងទៀតថា ភាគីវៀតណាមគ្រោងនឹងស្នើទៅមេដឹកនាំវៀតណាម ឲ្យជំរុញពាណិជ្ជករវៀតណាមប្រមូលទិញស្រូវពីកម្ពុជានៅក្នុងតម្លៃសមរម្យ។
ជាងនេះទៅទៀត ភាគីវៀតណាមនឹងជំរុញឱ្យមានការចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរលើផលិតផលស្រូវអង្ករដោយអត្រាពន្ធសូន្យ។
អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា លោក មូល សារិទ្ធ យល់ថា ការស្នើសុំឲ្យវៀតណាមជួយរក្សាតម្លៃស្រូវកម្ពុជា គឺគ្រាន់តែជាផ្នែកមួយនៃការជួយដល់កសិករខ្មែរ និងជាទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសនិងប្រទេសប៉ុណ្ណោះ ខណៈស្រូវសរបស់កម្ពុជាបានធ្លាក់ថ្លៃច្រើន។ លោកបន្ថែមថា តាមសមត្ថភាពម្ចាស់រោងម៉ាស៊ីន និងឃ្លាំងស្រូវក្នុងប្រទេសកម្ពុជា គឺអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទិញស្រូវពីកសិករ តែអ្វីដែលជាបញ្ហានោះ គឺដើមទុន និងការសម្ងួតស្រូវ។
លោក មូល សារិទ្ធ មានប្រសាសន៍ថា៖ «បច្ចុប្បន្ននេះ យើងពឹងផ្អែកដោយសារទីមួយ យើងអត់មានសម្ភារដែលខ្ញុំនិយាយខាងលើហ្នឹងគ្រប់គ្រាន់ ទីពីរ ទុនយើងក៏ខ្វះដែរ ទីបី ប្រភេទស្រូវដែលកសិករយើងដាំ គឺស្រូវអ៊ីអ៊ែ ដែលប្រជាជនយើងក្នុងស្រុកមិនសូវប្រើប្រាស់ស្រូវអ៊ីអែច្រើនដែរ ហើយការនាំចេញរបស់យើង គឺផ្តោតភាគច្រើនទៅលើអង្ករក្រអូប»។
អ្នកជំនាញកសិកម្ម លោកបណ្ឌិត យ៉ង សាំងកុមារ មិនគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងបែបនេះរបស់រដ្ឋាភិបាលនោះទេ ដោយថា វៀតណាម គឺជាគូប្រកួតប្រជែងលើទីផ្សារ។
លោកបណ្ឌិត យ៉ង សាំងកុមារ មានប្រសាសន៍ថា៖ «តាមពិតពាណិជ្ជកររោងម៉ាស៊ីនខ្មែរ និងវៀតណាម គឺជាដៃគូប្រកួតប្រជែងគ្នាលើទីផ្សារណា៎! អញ្ចឹង ខ្ញុំមើលឃើញថា រដ្ឋាភិបាលត្រូវគាំទ្រពាណិជ្ជករ និងរោងម៉ាស៊ីនខ្មែរ ដើម្បីឲ្យមានសមត្ថភាពប្រមូលស្រូវ ទិញស្តុកទុក កែច្នៃ ហើយនាំចេញ ដើម្បីប្រកួតប្រជែងជាមួយពាណិជ្ជករប្រទេសផ្សេងៗនៅលើទីផ្សារ!»។
ទោះជាយ៉ាងណា កម្ពុជាបានជំរុញទៅភាគីវៀតណាមឲ្យជួយប្រមូលទិញស្រូវពីកម្ពុជាបែបនេះ បន្ទាប់ពីសហភាពអឺរ៉ុបបានសម្រេចយកពន្ធលើអង្ករនាំចូលពីកម្ពុជា និងភូមា នៅក្នុងរយៈពេល ៣ឆ្នាំ។
តួលេខពីរដ្ឋាភិបាលកម្ពុជាបង្ហាញថា កម្ពុជាបាននាំចេញអង្ករជាង ៦២ម៉ឺនតោនទៅកាន់ទីផ្សារអន្តរជាតិកាលពីឆ្នាំ២០១៨កន្លងមក ដោយក្នុងនោះ កម្ពុជាបាននាំចេញអង្ករដល់ទៅជិត ២៧ម៉ឺនតោនទៅកាន់ទីផ្សារអឺរ៉ុប ដែលធ្វើឲ្យអឺរ៉ុបក្លាយជាទីផ្សារធំបំផុតសម្រាប់អង្ករកម្ពុជា មានចំណែកដល់ទៅជាង ៤៣ភាគរយនៃតួលេខអង្ករកម្ពុជានាំចេញទៅទីផ្សារអន្តរជាតិ៕
ដោយ៖ លោក ហួត វុទ្ធី និងលោក ហ៊ុន សិរីវឌ្ឍន៍