ក្រុមហ៊ុនរ៉ែរបស់ប្រទេសកាណាដា Angkor Gold គ្រោងស្វែងរកប្រេងនៅក្រោមដីនៅប្រទេសកម្ពុជា បន្ទាប់ពីបានចរចាជាមួយរដ្ឋាភិបាលកាលពីដើមខែនេះ។
ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី០៦ ខែកុម្ភៈ ម្សិលមិញ ប្រធានក្រុមហ៊ុន Angkor Gold Corporation លោក Stephen Burega បានប្រកាសថា បច្ចុប្បន្នក្រុមហ៊ុនរបស់លោកកំពុងចរចាជាមួយអាជ្ញាធរជាតិប្រេងកម្ពុជា ដើម្បីស្នើសុំអាជ្ញាប័ណ្ណរុករកប្រេង និងឧស្ម័នធម្មជាតិនៅក្នុងដីនៃប្រទេសកម្ពុជា បន្ទាប់ពីក្រុមហ៊ុនបានសម្លឹងរកមើលឱកាសនេះជាង៥ឆ្នាំមកហើយ។
បន្ថែមពីនេះ នាយកប្រតិបត្តិនៃក្រុមហ៊ុននេះ លោក Mike Weeks ក៏ត្រូវបានដកស្រង់សំដីក្នុងសេចក្ដីប្រកាសនោះផងដែរថា ផ្នែកខ្លះនៃប្រទេសកម្ពុជាគឺមានលំហូរប្រេងក្រោមដី និងអាចជាអាងស្តុកប្រេងផងដែរ តែដោយសារកត្តាប្រវត្តិសាស្ត្រ និងចំណេះដឹងពីសណ្ឋានដី ជាមួយនឹងទំនាក់ទំនងនៃអ៊ីដ្រូកាបូន ទើបនៅមិនទាន់មានប្រព័ន្ធនៃរុករកប្រភពប្រេងនេះនៅឡើយទេ។
សេចក្ដីប្រកាសនោះបានដកស្រង់ថា៖ « យើងមើលឃើញពីសក្ដានុពលនៃការប្រមូលប្រេងកាតនៅកម្ពុជា ដោយសារលំហូរនៃប្រេងធម្មជាតិ និងវត្តមាននៃល្បាយថ្ម ជាមួយនឹងរចនាសម្ព័ន្ធភូមិសាស្ត្រ ដែលអាចចាប់នឹងរក្សាប្រេង និងឧស្ម័ន។ ហើយវាស្រដៀងគ្នាទៅនឹងតំបន់ដែលជាទីកន្លែងដែលប្រេង និងឧស្ម័នត្រូវបានរកឃើញនិងផលិត » ។
ទោះជាយ៉ាងណា ក្រុមហ៊ុនមិនទាន់បានបង្ហាញថា កន្លែងណានៃកម្ពុជាមានលំហូរប្រេងឆ្លងកាត់នៅឡើយទេ។
អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែ និងថាមពល លោក ជៀប សួរ មានប្រសាសន៍ថា ការស្នើសុំអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុន Angkor Gold កំពុងស្ថិតក្នុងដំណាក់កាលនៃការដាក់ពាក្យសុំនៅឡើយ ដោយមិនទាន់ច្បាស់ថា អាចនឹងពិនិត្យអនុញ្ញាតចេញអាជ្ញាប័ណ្ណឲ្យពេលណានោះទេ។
លោកថា៖ « នៅទេ! គាត់ទើបតែស្នើសុំពាក្យស្នើសុំដើម្បីដាក់ (ពាក្យ) ដំបូងបំផុត គាត់ទើបតែស្នើសុំទេ! អញ្ចឹង នៅពេលណាដែលគាត់បំពេញបានហើយ គាត់យកមកដាក់យើងនឹងពិនិត្យមើលពាក្យស្នើសុំរបស់គាត់ហ្នឹង » ។
លោក ជៀប សួរ បន្ថែមថា តាមនីតិវិធីក្រោយពេលដែលទទួលពាក្យសុំ ក្រសួងនឹងពិនិត្យទៅលើគុណសម្បត្តិក្រុមហ៊ុនដែលត្រូវចំណាយពេល៤៥ថ្ងៃដើម្បីសម្រេចអនុញ្ញាត ឬមិនអនុញ្ញាត មុនពេលដែលឈានដល់ដំណាក់កាលនៃការចរចាលើកិច្ចព្រមព្រៀងប្រេង ដែលនៅពេលនោះគឺវាអាស្រ័យទៅលើក្រុមហ៊ុននោះអាចទទួលយកកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលដែរឬអត់។
ប្រធានចលនាមាតាធម្មជាតិ លោក អាឡិច ហ្គូនសាឡេស ដាវិដសុន ថាលោកមិនសូវមានជំនឿថាការអនុញ្ញាតឲ្យមានការរុករកប្រេងនៅកម្ពុជាអាចផ្ដល់ផលប្រយោជន៍ដល់ពលរដ្ឋនោះទេ លើសពីនេះលោកបារម្ភពីការបំផ្លាញបរិស្ថាន និងផលរងគ្រោះរបស់ប្រជាពលរដ្ឋពីការស្វែងរកប្រេងកាតនេះផងដែរ។
លោកថា៖ « វិស័យរ៉ែ ឬក៏វិស័យប្រេងកាតនៅកម្ពុជា គឺអត់មានតម្លាភាព អត់មានគណនេយ្យភាពពិតប្រាកដទេ! ប្រជាជនខ្មែរអត់ដឹងទាល់តែសោះអំពីរឿងហ្នឹង! តើរដ្ឋាភិបាលបានចំណូលប៉ុន្មាន? ក្រុមហ៊ុនហ្នឹងបង់ពន្ធប៉ុន្មានទេ? អាចថាដឹងតែ១ភាគរយ ឯ៩៩ភាគរយទៀត គឺរបបផ្ដាច់ការរបស់លោក ហ៊ុន សែន គឺលួចលាក់ដោយចេតនា។ អាហ្នឹង ខ្ញុំបារម្ភមែនទែន ប្រសិនជាក្រុមហ៊ុនហ្នឹងមករកស៊ីនៅកម្ពុជា ហើយរកស៊ីបែបលួចលាក់អត់ប្រាប់ប្រជាជនខ្មែរ មានតែឃុបឃិតគ្នាដោយអាថ៌កំបាំងជាមួយក្រសួងពាក់ព័ន្ធ ខ្ញុំយល់ថា អាចនឹងមិនសូវចំណេញចំពោះប្រទេសជាតិប៉ុន្មានទេ » ។
បច្ចុប្បន្ន កម្ពុជាបានសម្រេចអនុញ្ញាតឲ្យក្រុមហ៊ុនតែមួយប៉ុណ្ណោះក្នុងការស្វែងរកប្រេងកាតឈ្មោះ Krisenergy ស្វែងរកប្រេងក្នុងប្លុកA នៃដែនសមុទ្រកម្ពុជាដែលមានទំហំប្រមាណ៣ពាន់គីឡូម៉ែត្រក្រឡាជិតព្រំប្រទល់សមុទ្រប្រទេសថៃ ដោយសង្ឃឹមថា ក្រុមហ៊ុននឹងមានលទ្ធភាពបូមប្រេងដំបូងក្នុងឆ្នាំនេះ ខណៈក្រុមហ៊ុនពីរទៀតដែលស្នើសុំរកប្រេងក្នុងប្លុកC និងD កំពុងស្ថិតក្នុងដំណាក់នៃការចរចានៅឡើយ៕