សហគមន៍អឺរ៉ុបបានប្រកាសថា ខ្លួនចាប់ផ្ដើមដំណើរការនីតិវិធីឆ្ពោះទៅរកការផ្អាកជាបណ្ដោះអាសន្ននៅថ្ងៃនេះ នូវប្រព័ន្ធអនុគ្រោះពន្ធរបស់ខ្លួនដែលផ្ដល់មកឲ្យប្រទេសកម្ពុជា ដើម្បីកែលម្អស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជា។
សហភាពអឺរ៉ុបបានប្រកាសឲ្យដឹងបែបនេះនៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយចេញផ្សាយនៅល្ងាចថ្ងៃនេះដោយគណៈកម្មការអឺរ៉ុប។
សហភាពអឺរ៉ុបបានលើកឡើងនៅក្នុងសេចក្ដីប្រកាសព័ត៌មានថា សហគមន៍ទីផ្សាររួមមួយនេះ គ្រាន់តែដកហូតជាបណ្ដោះអាសន្នតែប៉ុណ្ណោះ ប៉ុន្តែថា មិនមែនជាការដកហូតប្រព័ន្ធអនុគ្រោះពន្ធភ្លាមៗនោះឡើយ។
ទោះជាយ៉ាងណា សហភាពអឺរ៉ុបបានប្រកាសបន្ថែមថា វិធានការរបស់ខ្លួននៅថ្ងៃនេះ អាចនាំទៅរកការផ្អាកឱកាសទទួលបានការអនុគ្រោះរបស់កម្ពុជា សម្រាប់នាំទំនិញចូលទៅទីផ្សាររួមមួយនេះ នៅក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម «អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ»។
សហភាពអឺរ៉ុបបានបញ្ជាក់ថា ប្រព័ន្ធអនុគ្រោះពន្ធនេះ អាចត្រូវបានដកហូតវិញ ប្រសិនបើប្រទេសដែលទទួលបានផលប្រយោជន៍ពី EBA បរាជ័យក្នុងការគោរពសិទ្ធិមនុស្សសំខាន់ និងសិទ្ធិការងារ។
តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងជាអនុប្រធានគណៈកម្មការអឺរ៉ុប អ្នកស្រី Federica Moghorini ត្រូវបានដកស្រង់សម្ដីនៅក្នុងសេចក្ដីប្រកាសព័ត៌មាននោះថា ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ អឺរ៉ុបបានមើលឃើញនូវដំណើរវិជ្ជមានមួយចំនួន ដែលកម្ពុជាបានចាត់វិធានការ ដូចជា ការដោះលែងបុគ្គលនយោបាយ សកម្មជនសង្គមស៊ីវិល និងអ្នកសារព័ត៌មាន ព្រមទាំងបន្ធូបន្ថយការរឹតត្បិតលើអង្គការសង្គមស៊ីវិល និងសកម្មភាពសហភាព។
អ្នកស្រី Moghorini ថ្លែងក្នុងសេចក្ដីប្រកាសព័ត៌មាននោះថា៖ «ទោះជាយ៉ាងណា ដោយពុំមានវិធានការដាច់ស្រេចថែមទៀតពីរដ្ឋាភិបាលកម្ពុជានោះ ស្ថានការណ៍ជាក់ស្ដែង បាននាំឲ្យមានការចោទសួរអំពីការទទួលបានប្រព័ន្ធអនុគ្រោះពន្ធ EBA របស់កម្ពុជា»។
អ្នកស្រី Moghorini បន្ថែមថា៖ «ក្នុងនាមសហភាពអឺរ៉ុប យើងប្ដេជ្ញាចំពោះភាពជាដៃគូជាមួយកម្ពុជា ដែលធ្វើឡើងដើម្បីប្រជាជនកម្ពុជា។ ការគាំទ្ររបស់យើងសម្រាប់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា គឺជាបេះដូងនៃភាពជាដៃគូនេះ»។
បើតាមមន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុបរូបនេះ សហគមន៍អឺរ៉ុបបានសម្រេចចាត់វិធានការបែបនេះ បន្ទាប់ពីមើលឃើញការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងនិតិរដ្ឋនៅកម្ពុជានៅក្នុងរយៈពេល ១៨ខែចុងក្រោយមកនេះ។
ចំណែកឯស្នងការសហភាពអឺរ៉ុបទទួលបន្ទុកពាណិជ្ជកម្ម អ្នកស្រី Cecilia Malmstrom បានថ្លែងក្នុងសេចក្ដីប្រកាសព័ត៌មាននោះដែរថា សហភាពអឺរ៉ុបត្រូវការមើលសកម្មភាពជាក់ស្ដែងនាពេលឆាប់ៗខាងមុខនេះ ខណៈដែលពេលវេលាកាន់តែរំកិលទៅមុខនោះ។
អ្នកស្រី Malmstrom ថ្លែងថា៖ «នៅពេលយើងនិយាយថា គោលនយោបាយសហភាពអឺរ៉ុប គឺផ្អែកលើគុណតម្លៃ អញ្ចឹង វាមិនមែនគ្រាន់តែជាការនិយាយតែមាត់ទេ។ យើងមានមោទនភាពជាផ្នែកមួយនៃទីផ្សារបើកចំហររបស់ពិភពលោកសម្រាប់បណ្ដាប្រទេសមានការអភិវឌ្ឍតិចតួច ហើយភស្តុតាងបង្ហាញថា ការនាំចេញទំនិញទៅកាន់ទីផ្សាររួមរបស់អឺរ៉ុប អាចផ្ដល់នូវកម្លាំងជំរុញដល់សេដ្ឋកិច្ចរបស់ប្រទេសទាំងនោះ»។
អ្នកស្រីបន្ថែមថា៖ «ប៉ុន្តែ ជាថ្នូរមកវិញ យើងស្នើឡើងថា បណ្ដាប្រទេសនោះ បានគោរពយ៉ាងពិតប្រាកដទៅតាមគោលការណ៍ស្នូល។ ទំនាក់ទំនងរបស់យើងជាមួយស្ថានការណ៍នៅក្នុងប្រទេសកម្ពុជា បាននាំឲ្យយើងសន្និដ្ឋានថា មានការធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរនៅពេលនិយាយដល់បញ្ហាសិទ្ធិមនុស្ស និងសិទ្ធិការងារនៅកម្ពុជា ដែលរដ្ឋាភិបាលត្រូវតែដោះស្រាយ ប្រសិនបើកម្ពុជាចង់រក្សាឱកាសចូលទៅទីផ្សាររបស់យើង»។
សហភាពអឺរ៉ុបបានឲ្យដឹងនៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួនថា កម្ពុជាបាននាំចេញទំនិញមានតម្លៃដល់ទៅ ៤.៩ពាន់លានដុល្លារចូលទៅទីផ្សារសហគមន៍អឺរ៉ុបកាលពីឆ្នាំ២០១៨កន្លងមក។
សហគមន៍អឺរ៉ុប បានបន្ថែមថា ផលិតផលកាត់ដេរ បន្លែ និងម្ហូបអាហារ និងចក្រយាន មានទំហំដល់ទៅ ៩៩ភាគរយនៃទំនិញសរុបដែលកម្ពុជានាំចូលទៅទីផ្សារមួយនេះ ហើយទំនិញមានតម្លៃដល់ទៅ ៤.៨ពាន់លានដុល្លារអាមេរិក សុទ្ធតែស្ថិតនៅក្រោមប្រព័ន្ធអនុគ្រោះពន្ធ EBA៕
កែតម្រូវ៖ វីអូឌី សូមធ្វើការកែតម្រូវខ្លឹមសារចំនងជើងដែលមានសេចក្ដីថា «អឺរ៉ុបចាប់ផ្ដើមដំណើរការផ្អាក EBA សម្រាប់កម្ពុជា ក្រោយរដ្ឋាភិបាលបរាជ័យកែលម្អបញ្ហាសិទ្ធិមនុស្ស» ដែលបានផ្សាយកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១០និង៣៥នាទីយប់ ទៅជា «អឺរ៉ុបចាប់ផ្ដើមនីតិវិធីដែលឈានទៅផ្អាក EBA ក្រោយកម្ពុជាបរាជ័យកែលម្អបញ្ហាសិទ្ធិមនុស្ស» នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង២និង១៦នាទីរសៀល។