លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាសាធារណៈនៅថ្ងៃនេះថា លោកនឹងមិនលើកលែងទោសដល់លោក កឹម សុខា នោះឡើយ ខណៈដែលមេដឹកនាំបក្សរូបនេះ ត្រូវបានចាប់ដាក់ឃុំទាំងនៅពន្ធនាគារ និងនៅក្នុងផ្ទះអស់រយៈពេល ១៨ខែមកហើយគិតត្រឹមម្សិលមិញនេះ។
លោក ហ៊ុន សែន បានប្រកាសបែបនេះអំឡុងលោកថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់សំណង់ការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ នៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃនេះ។
លោក ហ៊ុន សែន ថ្លែងចំពោះមុខសារធារណជនថា៖ «រាជរដ្ឋាភិបាលបានខិតខំបើកទ្វារសម្រាប់អស់លោកអ្នក ប៉ុន្តែ រឿងអស់លោកអ្នកចូល ឬមិនចូល គឺជារឿងរបស់អស់លោកអ្នក ហើយអស់លោកកុំសង្ឃឹមថា នឹងមានការលើកលែងទោស ឬលើកលែងការចោទប្រកាន់ចំពោះអ្នកណានោះទេ»។
លោក ហ៊ុន សែន ពុំបានថ្លែងចំពោះឈ្មោះមេដឹកនាំនយោបាយរូបណានោះឡើយ ប៉ុន្តែ លោកថ្លែងបែបនេះតែមួយថ្ងៃប៉ុណ្ណោះក្រោយពីមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានចាប់ដាក់ឃុំនៅក្នុងពន្ធនាគារ និងឃុំខ្លួននៅក្នុងផ្ទះអស់រយៈពេល ១៨ខែមកហើយគិតត្រឹមថ្ងៃទី៣ ខែមីនានេះ។
មិនត្រឹមតែអះអាងថា គ្មានការសម្រួបសម្រួលនយោបាយណាមួយនោះទេ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជាផងនោះ ក៏បានព្រមានបិទទ្វារក្នុងការផ្ដល់សិទ្ធិធ្វើនយោបាយដល់ក្រុមថ្នាក់ដឹកនាំបក្សប្រឆាំងដទៃទៀត ដែលពុំទាន់បានដាក់ពាក្យស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញផងដែរ។
លោក ហ៊ុន សែន ថ្លែងបន្តថា៖ «ទ្វារបានបើកហើយ អ្នកចូលឬមិនចូល គឺស៊ីសងលើអ្នក តែអ្នកក៏ត្រូវគិតថា ទ្វារដែលបានបើកហើយ វាក៏អាចត្រូវបានបិទទៅវិញដែរ។ បើអ្នកព្រងើយកន្តើយ ហើយចង់ទាមទារនេះទាមទារនោះ លក្ខខណ្ឌនេះ ហើយលក្ខខណ្ឌនោះ អ្នកក៏ត្រូវដឹងថា រង់ចាំដល់ខែវិច្ឆិកាឆ្នាំ២០២២ ទើបទទួលបាន [រួចផុតបម្រាមនយោបាយ]»។
លោក ហ៊ុន សែន បានថ្លែងព្រមានបែបនេះ បន្ទាប់ពីមានតែមានតែថ្នាក់ដឹកនាំជាន់ខ្ពស់របស់អតីតបក្សប្រឆាំង ៣រូបប៉ុណ្ណោះ បានដាក់ពាក្យស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ បន្ទាប់ពីរដ្ឋសភាដែលកាន់កាប់ទាំងស្រុងដោយសមាជិកសភាមកពីបក្សកាន់អំណាចនោះ បានកែប្រែច្បាប់ស្ដីពីគណបក្សនយោបាយកាលពីថ្ងៃទី១៣ ខែធ្នូឆ្នាំមុន ដែលជាការបើកផ្លូវឲ្យថ្នាក់ដឹកនាំ ១១៨រូបរបស់គណបក្សសង្គ្រោះជាតិ អាចវិលត្រឡប់ចូលប្រឡូកក្នុងឆាកនយោបាយឡើងវិញ។
អតីតទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក គង់ គាំ និងកូនប្រុសលោក គឺលោក គង់ បូរ៉ា អតីតតំណាងរាស្ត្របក្សប្រឆាំង និងសមាជិកគណៈនាយកគណបក្សសង្គ្រោះជាតិ លោក ស៊ីម សុវណ្ណនី ទទួលបានសិទ្ធិធ្វើឡើងនយោបាយឡើងវិញជាបន្តបន្ទាប់ ក្រោយពីពួកគេបានដាក់ពាក្យស្នើសុំទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៕