អង្គការទិន្នន័យអំពីការអភិវឌ្ឍហៅកាត់ថា អូឌីស៊ី បានប្រើប្រាស់គេហទំព័ររបស់ខ្លួនដើម្បីចែករំលែកព័ត៌មានពីសេវាសាធារណៈដល់ប្រជាជនកម្ពុជា ដែលចង់ស្វែងរកព័ត៌មានទាក់ទងនឹងសេវានានារបស់រដ្ឋ។
នាយកប្រតិបត្តិអូឌីស៊ី លោក ធី ទ្រី មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីសិក្ខាសាលាមួយនៅព្រឹកនេះថា ការរៀបចំទិន្នន័យសាធារណៈនេះ គឺដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងការស្វែងរកពីទីតាំង និងតម្លៃសេវាសាធារណៈរបស់រដ្ឋ រាប់ចាប់ពីសេវាអត្រានុកូលដ្ឋាន ការចុះបញ្ជីកម្មសិទ្ធិយានយន្ត សេវាដឹកជញ្ជូនសាធារណៈ និងទីតាំងទឹកស្អាតជាដើម។
លោកថា៖ «នៅលើផែនទីអន្តរកម្មរបស់យើង គឺយើងមានទីតាំងសេវាដែលផ្ដល់ដោយការិយាល័យច្រកចេញចូលតែមួយ ទីតាំងសកលវិទ្យាល័យ ទីតាំងសាលាបឋម វិទ្យាល័យឬអនុវិទ្យាល័យ គឺយើងមានព័ត៌មានទាំងអស់នោះ។ ជាពិសេសទៅទៀត គឺព័ត៌មានពីការទទួល ឬការផ្ញើនៅប៉ុស្តិ៍ប្រៃសណីយ៍នៅកន្លែងណា ថាតើទីតាំងមួយណាដែលនៅជិតយើង »។
អនុប្រធានអង្គភាពត្រួតពិនិត្យ និងតាមដាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ លោក ជេជ្ឋ គីមជុង យល់ថា ការរៀបចំបង្កើតព័ត៌មានស្ដីពីសេវាសាធារណៈរបស់រដ្ឋដាក់បញ្ចូលក្នុងគេហទំព័រនេះជាផ្នែកមួយជំរុញដល់កំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ។ លោក បន្តថា វានឹងធ្វើឲ្យរដ្ឋបាលថ្នាក់ក្រោមមានសកម្មភាព និងការផ្ដល់សេវាដល់ពលរដ្ឋបានរហ័សផងដែរ។
លោកថា៖ «ព្រោះយើង (គ.ជ.អ.ប) បានគិតរួចហើយថា ការទទួលបានព័ត៌មានជាសាធារណៈក្នុងវិស័យសាធារណៈតាមប្រព័ន្ធ ICT នេះវាមានសារៈសំខាន់ដែលនឹងធ្វើឲ្យមានភាពងាយស្រួលដល់ការងាររបស់ខ្លួន សម្រាប់ពេលខាងមុខ និងអនាគត»។
សម្រាប់អ្នកដែលចង់ស្វែងរកសេវាសាធារណៈដែលនៅជិតខ្លួនអាចចូលទៅកាន់គេហទំព័ររបស់អូឌីស៊ី បានតាមរយៈ www.opendevelopmentcambodia.net ។
បើតាមអូឌីស៊ី គម្រោងនៃការប្រមូល និងចែកចាយទិន្នន័យនេះចាប់ផ្ដើមតាំងពីឆ្នាំ២០១៦ ក្រោមជំនួយរបស់រាជាណាចក្រស៊ុយអែត ដែលនឹងបញ្ចប់នៅឆ្នាំ២០១៩នេះ តែការអង្គការនឹងនៅតែធ្វើបច្ចុប្បន្នភាពបន្តទៀត៕