គណបក្សសង្រ្គោះជាតិបានហៅចំណាត់ការរបស់រដ្ឋាភិបាលថា ប្រើដៃតុលាការចេញដីកាចាប់ខ្លួនមន្ត្រីជាន់ខ្ពស់របស់បក្សមួយនេះចំនួន៨ រូប កាលពីពេលថ្មីៗនេះ ថាជាការដឹកនាំប្រាសចាកពីស្មារតីផ្សះផ្សា បង្រួបបង្រួមជាតិ និងមិនឱ្យតម្លៃប្រជាធិបតេយ្យ។
ក្នុងសេចក្តីថ្លែងការណ៍របស់គណបក្សប្រឆាំងមួយនេះ កាលពីថ្ងៃម្សិលមិញ បានអះអាងថារដ្ឋាភិបាលនៅតែបន្តគាបសង្កត់ស្ថាប័នកំពូលៗរបស់រដ្ឋ ដើម្បីបំពេញមហិច្ឆតាផែនការក្តោបក្តាប់អំណាចបុគ្គល ដែលផ្ទុយពីបំណងប្រាថ្នារបស់ពលរដ្ឋម្ចាស់ប្រទេស។
សេចក្តីថ្លែងការណ៍បន្តថា៖ «សូមអំពាវនាវដល់សហគមន៍អន្តរជាតិ ពិសេសសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក និងបណ្តាប្រទេសប្រជាធិបតេយ្យដែលជាម្ចាស់ជំនួយ និងកម្ចីដ៏សំខាន់របស់ប្រទេសកម្ពុជា ចាត់វិធានការសមស្របនិងជាក់ស្តែង ព្រមទាំងដាក់សម្ពាធបន្ថែមកាន់តែខ្លាំងលើរបបក្រុងភ្នំពេញ ដើម្បីជំរុញឱ្យរបបនេះវិលទៅរកគន្លងប្រជាធិបតេយ្យវិញ ដោយគោរពខ្លឹមសារនៃរដ្ឋធម្មនុញ្ញកម្ពុជា និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស»។
កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក កូយ សៅ បានចេញដីកាចំនួន ៨ដាច់ដោយឡែកពីគ្នា បញ្ជាឲ្យកងកម្លាំងសាធារណៈធ្វើការស្រាវជា្រវរក និងចាប់ខ្លួនប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់បក្សនេះ៧រូបផ្សេងទៀត ក្រោមការចោទពីបទ «រួមគំនិតក្បត់ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ប្រព្រឹត្តកាលពីខែមករាកន្លងទៅ៕