សហរដ្ឋអាមេរិកផ្តល់ថវិកាចំនួន២១លានដុល្លារដល់កម្ពុជា
ដើម្បីអនុវត្តន៍គម្រោងការពារធនធានធម្មជាតិនៅតំបន់ព្រៃឡង់ស្ថិតនៅក្នុងខេត្តចំនួន៤។
កាលពីថ្ងៃទី២១ខែមីនា លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មបានជួបជាមួយស្ថាប័នពាក់ព័ន្ធអនុវត្តន៍គម្រោងការពារធនធានធម្មជាតិនៅតំបន់ព្រៃឡង់នេះ។លោក វេង សាខុន បានអរគុណអាមេរិក ហើយចាត់ទុកថា គម្រោងនេះពិតជាមានសារសំខាន់។
ហ្វេសប៊ុកលោក វេង សាខុន៖«ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិកតាមរយ: អង្គការ USAID ដែលបានជួយគាំទ្រផ្តល់ថវិកាសម្រាប់យកមកអនុវត្តគម្រោងខាងលើ និងថ្លែង អំណរគុណផងដែរជូនចំពោះក្រុមការងារដែលបានផ្តួចផ្តើមជាគំនិតលើកសំណើ និងរៀបចំគម្រោងដ៏មានសារ:ប្រយោជន៍សម្រាប់អភិវឌ្ឍ និងអភិរក្សតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ដែលមានសក្តានុពលផ្នែកធនធានធម្មជាតិ។»
ព្រៃឡង់បានគ្របដណ្តប់លើខេត្តចំនួន ៤ គឺខេត្តកំពង់ធំ ក្រចេះ ស្ទឹងត្រែង និងខេត្តព្រះវិហារ។ គម្រោងនេះគ្រោងចំណាយថវិកាប្រមាណ ២១លានដុល្លារ សម្រាប់រយ:ពេល ៥ឆ្នាំដែលអនុវត្តដោយ Tetra Tech អង្គការសមាគមន៍អភិរក្សសត្វព្រៃ និងអង្គការអភិរក្សអន្តរជាតិ រួមជាមួយការចូលរួមសហការពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន។