ក្រុមអ្នកតាមដានបញ្ហាសង្គមកម្ពុជា បង្ហាញក្តីបារម្ភពីផលប៉ះពាល់ដល់ទំនុកចិត្តអ្នកវិនិយោគ ក្រោយការសម្រេចភ្លាមៗពីរដ្ឋាភិបាលកម្ពុជាឲ្យដកហូត ហើយក៏ផ្ដល់សិទ្ធិវិនិយោគរថភ្លើងរបស់ក្រុមហ៊ុន Royal Railway របស់លោក គិត ម៉េង។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃសុក្រសប្ដាហ៍មុន បានប្រកាសដកសិទ្ធិវិនិយោគផ្លូវរថភ្លើងពីក្រុមហ៊ុន Royal Railway ក្រោយពីលោកពិនិត្យឃើញថា ក្នុងរយៈពេលជាង ១០ឆ្នាំមកនេះ វិស័យដឹកជញ្ជូនតាមផ្លូវដែកមិនបានទទួលជោគជ័យ ហើយក្រុមហ៊ុនក៏មិនបានពង្រីកសក្ដានុពលរបស់ខ្លួន និងមិនបានបំពេញតាមតម្រូវការរបស់អតិថិជនបានគ្រប់គ្រាន់នោះ។
លោក ហ៊ុន សែន ថ្លែងថា៖ «ឥឡូវត្រូវមានការសម្រេចត្រូវផ្ទេរយ៉ាងម៉េច? ហើយឧកញ៉ា គិត ម៉េង ទិញអាហ្នឹងមកប៉ុន្មាន រដ្ឋត្រូវប៉ះប៉ូវឲ្យវិញ គេត្រូវការ បើគេទិញមកហើយ ឲ្យគេធ្វើយ៉ាងណា? ហើយបើឧកញ៉ាត្រូវការមកចូលរួមដេញថ្លៃទាំងអស់គ្នា។ ម្ដងនេះចូលដេញថ្លៃទាំងអស់គ្នា អត់មានចងមុងដូចលើកមុនទេ»។
ប៉ុន្តែ លោក ហ៊ុន សែន បានបញ្ជាក់ជាថ្មីនៅថ្ងៃនេះថា រដ្ឋាភិបាលរបស់លោកនៅតែផ្ដល់សិទ្ធិវិនិយោគដល់ក្រុមហ៊ុនរបស់លោក គិត ម៉េង សម្រាប់ប្រតិបត្តិការផ្លូវដែកនៅភាគខាងត្បូងដដែល ដរាបណាមិនទាន់មានក្រុមហ៊ុនថ្មីចូលមកជំនួសនោះ។
លោក ហ៊ុន សែន បញ្ជាក់ទៀតថា ការដកហូតសិទ្ធិវិនិយោគផ្លូវដែកពីក្រុមហ៊ុនលោក គិត ម៉េង នឹងធ្វើឲ្យប៉ះពាល់ដល់បុគ្គលិកកម្មករជាច្រើននាក់ ដែលបម្រើការឲ្យក្រុមហ៊ុនមួយនេះ។
អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គម លោក ប៉ា ច័ន្ទរឿន បានលើកឡើងពីក្តីបារម្ភថា សេចក្ដីសម្រេចភ្លាមៗបែបនេះរបស់មេដឹកនាំកម្ពុជា អាចប៉ះពាល់ផងដែរទៅលើទំនុកចិត្តរបស់អ្នកវិនិយោគដែលកំពុងរកស៊ី និងអ្នកដែលចង់មកវិនិយោគនៅកម្ពុជា។
លោក ប៉ា ច័ន្ទរឿន មានប្រសាសន៍ថា៖ «ជាទូទៅ គេឲ្យសារៈសំខាន់ទៅលើការអនុវត្តច្បាប់ ជាជាងគ្រាន់តែពាក្យសម្ដីរបស់អ្នកនយោបាយ ដូចនៅក្នុងប្រទេសសិង្ហបុរី។ បើយើងបានសិក្សាលើសម័យលោក លី ក្វាន់យូ មក គឺគាត់បញ្ជាក់ថា ទំនុកចិត្តនៃប្រទេសសិង្ហបុរីដែលអាចផ្ដល់ឲ្យដល់អ្នកវិនិយោគនោះ គឺការអនុវត្តច្បាប់មានការតឹងរឹងរាល់ការសម្រេច ឬក៏ការផ្លាស់ប្ដូរណាមួយ មិនអាចស្រ័យលើមាត់របស់មេដឹកនាំទេ»។
ប្រធានក្រុមអ្នកវិភាគវ័យក្មេងកញ្ញា លី ស្រីស្រស់ លើកឡើងថា ការសម្រេចរបស់ថ្នាក់ដឹកនាំដោយពុំបានពិភាក្សាពីអ្នកបច្ចេកទេស មិនត្រឹមតែប៉ះពាល់ដល់អ្នកវិនិយោគនោះផ្ទាល់ទេ លើសពីនេះ វាអាចប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នកវិនិយោគផ្សេងទៀតផងដែរ ខណៈបញ្ហានយោបាយប្រទេសកម្ពុជាមិននឹងនរនោះ។
កញ្ញា ស្រីស្រស់ ប្រាប់ថា៖ «ប្រទេសកម្ពុជាយើង វាអាចមានស្ថានភាពនយោបាយមិនសូវនឹងនរ បើសិនជាយើងចេះតែប្រកាសដកសិទ្ធិរបស់ក្រុមហ៊ុនវិនិយោគមួយចំនួនតាមតែចិត្តចង់អញ្ចឹង។ មិនថា អ្នកកំពុងវិនិយោគទេ អ្នកដែលមានគម្រោងវិនិយោគក៏មើលទៅលើចរន្តនយោបាយបែបហ្នឹងដែរ។ ប្រសិនជាស្ថានការណ៍នយោបាយហាក់ដូចមិនទាន់មានលក្ខណៈនឹងនរ អញ្ចឹង វាអាចហានិភ័យចំពោះក្រុមហ៊ុនដែលគេគ្រោងមកវិនិយោគនៅកម្ពុជា»។
អ្នកវិភាគសេដ្ឋកិច្ច លោក យ៉ង ប៉ាក់ មានប្រសាសន៍ថា អ្នកវិនិយោគ គឺត្រូវការចាំបាច់ណាស់ក្នុងការធានាពីរដ្ឋដល់កិច្ចសន្យាវិនិយោគរបស់ខ្លួន ប៉ុន្តែ លោកយល់ថា ករណីក្រុមហ៊ុនផ្លូវដែករបស់លោក គិត ម៉េង អាចមានការពិភាក្សា និងត្រួតពិនិត្យពីអ្នកបច្ចេកទេសរួចហើយពីការដកនេះ។
លោក យ៉ង ប៉ាក់ ថា៖ «ខ្ញុំគិតថា យើងត្រូវតែកសាងទំនុកចិត្តជាមួយអ្នកវិនិយោគ ហើយយើងមិនអាចឃើញតែមួយភ្លែត ហើយវាយតម្លៃជារួមបានទេ។ វាមានចំណុចល្អជាច្រើន តែរឿងនេះ ខ្ញុំយល់ថា បានចរចាគ្នាច្រើនហើយ តែប្រហែលមានការយល់ច្រឡំច្រើន ជាការដែលមើលតែមួយភ្លែត។ […] ធម្មតាមិនថា នៅប្រទេសយើង ឬប្រទេសគេទេ បើយើងឲ្យគេហើយដកវិញភ្លាម គ្រាន់តែជូនដំណឹងតែមួយថ្ងៃ មិនថា ប្រទេសយើងឬប្រទេសណាទេ ការអនុវត្តច្បាប់របៀបហ្នឹង គ្មានអ្នកណាចង់រកស៊ីជាមួយទេ»។
គម្រោងវិនិយោគឯកជនមួយចំនួន ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចដកហូតជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៤មក ដូចជា គម្រោងវិនិយោគផ្លូវ២០០៤ និងផ្លូវវេងស្រេង គម្រោងវិនិយោគផ្លូវជាតិលេខ៤របស់ក្រុមហ៊ុន AZ របស់ឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ស្ពានព្រែកព្នៅ និងស្ពានឆ្លងដៃសមុទ្រខេត្តកោះកុង ដែលវិនិយោគដោយក្រុមហ៊ុនរបស់ឧកញ៉ា លី យ៉ុងផាត់។
ភាពងាយស្រួលក្នុងការធ្វើពាណិជ្ជកម្មក្នុងឆ្នាំ២០១៩របស់កម្ពុជា ត្រូវបានធនាគារពិភពលោកចាត់ថ្នាក់១៣៨ លើ១៩០ ដែលមានលំដាប់ពិន្ទុ៥៤,៨០ លើ១០០ពិន្ទុ ខណៈក្នុងចំណោមប្រទេសទាំង១០របស់អាស៊ាន ប្រទេសកម្ពុជាជាប់លេខ៧ ដែលបង្ហាញថា កម្ពុជានៅមានភាពភាពលំបាកក្នុងការធ្វើពាណិជ្ជកម្មនៅឡើយ៕