អង្គការលីកាដូ ទទូចជាថ្មីទៀតដល់ស្ថាប័នពាក់ព័ន្ធ ឱ្យដោះស្រាយបញ្ហាស្ត្រីកំពុងជាប់ឃុំ ពិសេសស្ត្រីមានកូនតូច និងមានផ្ទៃពោះឱ្យបានឆាប់រហ័ស ដើម្បីបញ្ចៀសបញ្ហាប្រឈមកើតឡើងទៅលើពួកគេបន្តទៀត។
ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួននៅថ្ងៃនេះ លីកាដូបានលើកឡើងថា កុមារ និងម្ដាយរបស់ពួកគេ ព្រមទាំងស្ត្រីមានផ្ទៃពោះកំពុងជាប់ឃុំ ត្រូវប្រឈមនឹងបញ្ហាជាច្រើន ដូចជា ខ្វះខាតរបបអាហារសម្រាប់បរិភោគ ទឹកប្រើប្រាស់ និងសម្លៀកបំពាក់ ព្រមទាំងគ្រឿងសម្អាតអនាម័យផ្សេងៗ។
អង្គការលីកាដូ បានលើកឡើងទៀតថា បញ្ហាទាំងនេះ គឺមានស្ថានភាពអាក្រក់ខ្លាំង ដោយសារការប្រើប្រាស់នីតិវិធីឃុំខ្លួនបណ្ដោះអាសន្នច្រើនហួសហេតុពេក និងកង្វះខាតនៃការអនុវត្តនីតិវិធីផ្លូវច្បាប់ដែលមានស្រាប់ ដូចជា ពាក្យបណ្ដឹងសុំនៅក្រៅឃុំបណ្ដោះអាសន្ន ជាដើម។
ប្រធានការិយាល័យផ្នែកអង្កេតនៃការអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បានឲ្យដឹងថា ស្ថាប័នរបស់លោកបានជំរុញជាថ្មីទៅស្ថាប័នពាក់ព័ន្ធឲ្យពន្លឿនការងារនេះ បន្ទាប់ពីមើលឃើញថា ដំណើរការនីតិវិធីនៅភាពយឺតយ៉ាវ។
លោក អំ សំអាត មានប្រសាសន៍ថា៖ «អីចឹង គឺស្ត្រីដែលមានកូនតាមម្តាយ ឬស្ត្រីដែលមានផ្ទៃពោះ គឺមានជួបបញ្ហាទាក់ទងបញ្ហាសុខភាពហ្នឹងខ្លាំង។ ហើយមួយទៀត ស្ត្រីដែលជាប់ពន្ធនាគារ ហើយមានកូននៅខាងក្រៅហ្នឹង គ្មានអ្នកនៅថែទាំទៅលើកូនរបស់គាត់ដែលនៅខាងក្រៅ ហើយស្ត្រីភាគច្រើនទៀតក៏មានការប្រឈមមុខជាមួយការបែកបាក់គ្រួសារដែលខ្លួនជាប់ពន្ធនាគារ»។
លីកាដូក៏បានសរសេរលិខិតទៅក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ និងក្រសួងកិច្ចការនារី ដោយស្នើឱ្យក្រសួងពាក់ព័ន្ធទាំងនេះ ឆ្លើយតបទៅនឹងការអំពាវនាវរបស់លោកនាយរដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីចាត់វិធានការ និងស្វែងរកដំណោះស្រាយឱ្យបានឆាប់រហ័ស ចំពោះស្ថានភាពស្រ្តីជាប់ពន្ធនាគារក្នុងដំណាក់កាលឃុំខ្លួនបណ្ដោះអាសន្ន ដោយប្រើប្រាស់វិធានការផ្លូវច្បាប់ដែលមានស្រាប់។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ឱ្យ វី.អូ.ឌី ដឹងនៅថ្ងៃនេះថា ខាងក្រសួងបានសហការជាមួយភាគីតុលាការ និងក្រសួងផ្សេងទៀត ធ្វើការងារនេះបានច្រើនដោយផ្អែកទៅលើគោលការណ៍មនុស្សធម៌។
មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌រូបនេះ នៅមិនទាន់អាចសរុបតួលេខរឿងក្តីទាំងនោះបាននៅឡើយទេ ដោយថា ត្រូវដោះស្រាយទៅតាមភាពជាក់ស្តែងនៃសំណុំរឿងនីមួយៗ ផ្អែកលើមូលដ្ឋានច្បាប់។
លោក ជិន ម៉ាលីន មានប្រសាសន៍ថា៖ «ធ្វើម៉េចពន្លឿននីតិវិធីពាក់ព័ន្ធនឹងស្ត្រីហ្នឹងឱ្យបានឆាប់ ឈានដល់សាលក្រមស្ថាពរទៅ គាត់អាចទទួលបានប្រកាសនៃការលើកលែងទោស និងបន្ធូរបន្ថយទោស។ ប្រសិនបើគាត់នៅជាប់ក្នុងដំណើរការនីតិវិធី មិនទាន់មានសាលក្រមស្ថាពរទេ ប្រហែលជាអាចមានការធានាពីមេធាវីដើម្បីឱ្យនៅក្រៅឃុំបណ្តោះអាសន្ន ទៅតាមនីតិវិធីច្បាប់។ អាហ្នឹងជាអ្វីដែលយើងបានធ្វើដោយ ធ្វើម៉េចដើម្បីដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារ»។
កាលពីខែកុម្ភៈ កិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឱ្យក្រសួងកិច្ចការនារី និងក្រសួងយុត្តិធម៌ ត្រូវពិនិត្យពន្លឿននីតិវិធី និងសម្រួលទោសដល់អ្នកជាប់ឃុំជាស្ត្រីនៅក្នុងពន្ធនាគារទាំងអស់ ដោយថា ដើម្បីឈានទៅដោះលែងពួកគាត់ឱ្យមានសេរីភាពឡើងវិញ ប្រកបដោយការយោគយល់ និងអធ្យាស្រ័យដល់ស្រ្តីទាំងនោះ។
ទំព័រហ្វេសប៊ុកលោក ហ៊ុន សែន រៀបរាប់ថា៖ «គឺត្រូវដោះស្រាយ លើកលែង និងសម្រួលទោស ដោយមិនបាច់រង់ចាំតែថ្ងៃបុណ្យទានឡើយ ជាពិសេសមុនពេលចូលឆ្នាំខ្មែរ ២០១៩នេះ គឺត្រូវរៀបចំកាត់ទោសផ្តល់សេរីភាពឲ្យពួកគាត់បានទៅផ្ទះវិញ»។
កាលពីខែកុម្ភៈដដែល លោក ស ខេង ធ្លាប់បានបង្ហាញក្តីកង្វល់នៃភាពចង្អៀតណែនក្នុងពន្ធនាគារ ដោយថា បច្ចុប្បន្ន ចំនួនអ្នកជាប់ឃុំនៅពន្ធនាគារទាំងអស់មានចំនួនជាង ៣ម៉ឺននាក់។ លោកថា អ្នកជាប់ឃុំប្រមាណ ២ ភាគ ៣ គឺពាក់ព័ន្ធបញ្ហាគ្រឿងញៀន ដោយថា ក្នុងនោះ មានអ្នកជាប់ឃុំយ៉ាងច្រើន មិនទាន់ជម្រះក្តីទេ។
របាយការណ៍របស់អង្គការលីកាដូ កាលពីចុងឆ្នាំ២០១៨ មានចំណងជើងថា «ពេលដែលត្រូវដោះលែងឲ្យនៅក្រៅឃុំ៖ បញ្ឈប់ការឃុំខ្លួនបណ្ដោះអាសន្នមិនចាំបាច់» ដោយធ្វើការងារទៅលើពន្ធនាគារចំនួន ១៨កន្លែងក្នុងចំណោមពន្ធនាគារចំនួន ២៨កន្លែង នៅទូទាំងប្រទេស បានរកឃើញថា ក្នុងចំណោមជនជាប់ឃុំចំនួនជាង ២ម៉ឺននាក់(២៥ ៩២៦) មានអ្នកជាប់ឃុំជាស្ត្រីចំនួនជាង ២ពាន់នាក់(២ ២៤៣) ហើយប្រហែលពាក់កណ្តាលនៃស្ត្រីដែលបានជាប់ឃុំទាំងអស់នោះ តុលាការមិនទាន់សម្រេចផ្តន្ទាទោសពីបទល្មើសជាក់លាក់ណាមួយនៅឡើយទេ។
លីកាដូអះអាងថា ការឃុំខ្លួនបណ្តោះអាសន្នរង់ចាំសវនាការច្រើនហួសហេតុ ធ្វើឲ្យស្ថានភាពពន្ធនាគារដែលចង្អៀតណែនស្រាប់ កាន់តែធ្ងន់ធ្ងរឡើង ហើយផ្តល់ផលប៉ះពាល់ដល់ជនងាយរងគ្រោះមួយចំនួន ដូចជា កុមារដែលរស់នៅជាមួយម្តាយក្នុងពន្ធនាគារ ឬស្រ្តីមានផ្ទៃពោះដែលសម្រាលកូនក្នុងពន្ធនាគារ។
សេចក្តីថ្លែងការណ៍ដដែល បញ្ជាក់ថា បច្ចុប្បន្នក្នុងចំណោមពន្ធនាគារ១៨ ដែលលីកាដូបានឃ្លាំមើល មានកុមារចំនួន១១៣នាក់ និងស្ដ្រីមានផ្ទៃពោះចំនួន ៣៨នាក់ កំពុងជាប់ឃុំ។ វិបត្តិនេះធ្វើឱ្យមានស្ថានភាពកាន់តែអាក្រក់ឡើង ខណៈចំនួនកុមារដែលនៅជាមួយម្ដាយក្នុងពន្ធនាគារ បានកើនឡើងស្ទើរតែទ្វេដងចាប់តាំងពី ខែមករា ឆ្នាំ២០១៧មក៕