កម្លាំងនគរបាលខេត្តកំពង់ចាម បានធ្វើការឃាត់ខ្លួនមន្ត្រីស៊ីវិលផ្នែកស៊ើបអង្កេតម្នាក់នៅក្រសួងមហាផ្ទៃ បន្ទាប់ពីថតបង្ហោះអាវុធលើបណ្តាញសង្គមហ្វេសប៊ុក កាលពីយប់មិញ។ យោងតាមគេហទំព័ររបស់អគ្គស្នងការនគរបាលជាតិ នៅថ្ងៃនេះ បានឲ្យដឹងថា នគរបាលខេត្តកំពង់ចាម បានឃាត់ខ្លួនបុរសម្នាក់ឈ្មោះ លី វណ្ណៈ អាយុ២៧ឆ្នាំ ដែលធ្វើការនៅក្រសួងមហាផ្ទៃផ្នែកស៊ីវិលខាងស៊ើបអង្កេត នៅវេលាម៉ោង១០យប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ ក្រោយពីមន្រ្តីរូបនេះបានថតបង្ហោះកាំភ្លើងលើបណ្តាញសង្គម។ ប្រភពដដែលបានឲ្យដឹងថា កម្លាំងនគរបាលខេត្តកំពង់ចាមបានធ្វើការចែកឆេររថយន្តមួយគ្រឿង ក្រោយពីទទួលព័ត៌មានថា មានបុរសម្នាក់ថតបង្ហោះកាំភ្លើងលើតាប្លូរថយន្ត នៅលើគណនេយ្យហ្វេសប៊ុកឈ្មោះ Kongkia VS។ ក្រោយឆែកឆេរ សមត្ថកិច្ចរកឃើញ កាំភ្លើងអាកាស្វាយវែងមួយដើម កាំភ្លើងខ្លីម៉ាក Pak មួយដើម និងគ្រាប់មួយចំនួន។ គួរបញ្ជាក់ផងដែរថា អាវុធទាំងនេះមិនមានលិខិតសម្គាល់ណាមួយអះអាងថាជាកម្មសិទ្ធិរបស់ឈ្មោះ លី វណ្ណៈ នោះឡើយ ប៉ុន្តែជនសង្ស័យអះអាងថា គឺជារបស់បងឈ្មោះ ហាក់ ប៉េងឃីម អាយុ៣៤ឆ្នាំ ដែលមានមុខរបរនគរបាលក្រសួងមហាផ្ទៃ ។ នៅព្រឹកនេះ សមត្ថកិច្ចខេត្តកំពង់ចាម កំពុងធ្វើការសាកសួរជនសង្ស័យរូបនេះបន្ថែមទៀត។