ពលរដ្ឋមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនOCICតវ៉ាជាថ្មីស្នើឲ្យស្ថាប័នពាក់ព័ន្ធផ្ដល់ដំណោះស្រាយ

ប្រជាពលរដ្ឋនៅក្នុងសង្កាត់ជ្រោយចង្វារដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ទីក្រុងរណបរបស់ក្រុមហ៊ុន OCIC បាននាំគ្នាដាក់ញត្តិជាថ្មីនៅសាលារាជធានីភ្នំពេញ ស្ថានទូតកាណាដា និងធនាគារពិភពលោក ដើម្បីជំរុញឲ្សស្ថាប័នទាំងនោះជួយដោះស្រាយបញ្ហារបស់ពួកគេ។

នៅព្រឹកថ្ងៃព្រហស្បត៍នេះ ពលរដ្ឋជាង៥០នាក់បាននាំគ្នាធ្វើការតវ៉ា និងដាក់ញត្តិទៅស្ថាប័នទាំង៣ជាថ្មីទៀត ដោយពួកគេអះអាងថា ការតវ៉ា និងការដាក់ញត្តិកន្លងមកច្រើនសារនៅតែពុំទាន់មានដំណោះស្រាយ។

តំណាងពលរដ្ឋមកពីភូមិគរខាងត្បូង សង្កាត់ជ្រោយចង្វារ លោក ជា សុផាត បានឲ្យអ្នកសារព័ត៌មានដឹងថា កន្លងមកសាលារាជធានីបានហៅពួកលោកទៅដោះស្រាយចំនួន២លើកមកហើយ ដោយលោកថា សាលារាជធានីបានផ្តល់ជម្រើសដែលលោកថាពលរដ្ឋមិនអាចទទួលយកបាន។

លោកថា៖ “កន្លងមក សាលាក្រុងបានហៅពួកយើងខ្ញុំដោះស្រាយពីរដងហើយ គឺថាទិញ(តម្លៃ)ប៉ុន្មានឲ្យប៉ុណ្ណឹងវិញ ទិញតម្លៃប៉ុន្មាន យកឯកសារមកសាលាក្រុងឲ្យប៉ុណ្ណឹងវិញ។ មួយទៀតបើមិនអីចឹងទេ គេឲ្យ១៥ដុល្លារក្នុង១(ម៉ែត្រ)ការ៉េ ហើយមួយទៀតបើយកដីឲ្យ១០% … អីចឹង តើការបែងចែករបស់សាលាក្រុងដែលសាលាក្រុងបានបែងចែកនោះមានសមភាពជាមួយសង្គមបរិយាកាស និងមានយុត្តិធម៌សម្រាប់ប្រជាជនដែលរងគ្រោះដែរអត់?”

លោកបន្តថា ក្រុមប្រជាពលរដ្ឋនឹងធ្វើការតវ៉ាទាល់តែមានដំណោះស្រាយលើករណីនេះ។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ឡុង ឌីម៉ង់ មានប្រសាសន៍ថា សាលារាជធានីកំពុងពិនិត្យ និងដោះស្រាយបញ្ហានេះ។

មន្ត្រីផ្នែកច្បាប់នៃអង្គការ NGOs Forum លោក ណន អូនី ដែលបានតាមដានលើករណីនេះ ប្រាប់អ្នកសារព័ត៌មានថា ដើម្បីដោះស្រាយលើបញ្ហានេះក្រុមហ៊ុនOCIC គួរតែបញ្ឈប់សកម្មភាពរបស់ខ្លួននៅលើដីមានទំនាស់ ហើយធ្វើការដោះស្រាយជាមុន។

លោកថា “ងាកមករកការចរចាបញ្ចប់នូវដំណោះស្រាយជាមួយប្រជាពលរដ្ឋសិន ទើបយើងបន្តអភិវឌ្ឍន៍ទៀត បើសិនយើងនៅតែបន្តធ្វើរបៀបនេះមានន័យថា យើងទុកឲ្យបញ្ហាប្រជាពលរដ្ឋកាន់តែរីកធំឡើងៗ ធ្វើឲ្យប្រជាពលរដ្ឋកាន់តែឈឺចាប់កាន់តែក្រីក្រកាន់តែបាត់បង់ឪកាសនៅក្នុងការធ្វើការងារបម្រើជូនរដ្ឋ”

វីអូឌីមិនទាន់អាចសុំការឆ្លើយតបពីតំណាងក្រុមហ៊ុន OCIC បាននៅឡើយទេ។

បើតាមញត្តិរបស់ពលរដ្ឋដែលបានដាក់ជូនស្ថាប័នទាំង៣ ពលរដ្ឋរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍសរុប៣៥៩គ្រួសារ លើផ្ទៃដីសរុបទំហំជាង១៨៥ហិកតា៕

ចែករំលែកព័ត៌មាន
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ

ចុះឈ្មោះទទួលព្រឹត្តិបត្រព័ត៌មានវីអូឌី
តាមដានព័ត៌មាន វីអូឌី

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered