ក្រសួងមហាផ្ទៃបានឲ្យដឹងថាចំនួនប្រជាពលរដ្ឋដែលសុំធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីថយចុះគួរឲ្យកត់សម្គាល់ ខណៈចំនួនប្រជាពលរដ្ឋសេសសល់ដែលត្រូវទៅធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មីមានជាង៣លាននាក់។
នៅក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី២៩ខែកុម្ភៈ ក្រសួងមហាផ្ទៃបានលើកឡើងថាអាជ្ញាធរមានសមត្ថកិច្ចនៅទូទាំងប្រទេសបានយកចិត្តទុកដាក់ធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មីជូនប្រជាពលរដ្ឋខែ្មរបានចំនួនជាង៧,២លាននាក់ ក្នុងផែនការ១០,៩លាននាក់។ សេចក្តីជូនដំណឹងបន្តថាក្រសួងមហាផ្ទៃសង្កេតឃើញថាចំនួនអ្នកចូលរួមបំពេញបែបបទសុំផ្តល់អត្តសញ្ញាណប័ណ្ណគំរូថ្មីរបស់ប្រជាពលរដ្ឋ មានការថយចុះ។ យ៉ាងណាក៏ដោយ ក្នុងសេចក្តីជូនដំណឹងនោះ ក្រសួងមហាផ្ទៃមិនបានបញ្ជាក់ពីមូលហេតុដែលនាំឲ្យមានការថយចុះចំនួនពលរដ្ឋដែលទៅសុំបំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណនោះទេ។
អ្នកនាំពាក្យរងរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ លោក តុប នេត ប្រាប់VODនៅថ្ងៃអង្គារនេះថាក្រុមការងាររបស់លោកបានចុះស្រាវជ្រាវនៅក្នុងភូមិ ឃុំ មួយចំនួន ដោយរកឃើញថាប្រជាពលរដ្ឋដែលទៅធ្វើអត្តសញ្ញាណប័ណ្ណក្នុង១ថ្ងៃ ថយចុះមកត្រឹមពី២០ទៅ៤០នាក់ក្នុងមួយកន្លែង ដោយ កន្លងទៅអ្នកទៅធ្វើមានចន្លោះពី៥០ទៅ៦០នាក់។ លោកបញ្ជាក់ថាប្រជាពលរដ្ឋប្រហែល១លាននាក់ក្នុងចំណោមអ្នកសេសសល់ជាង៣លាននាក់ដែលទំនងមិនអាចធ្វើអត្តសញ្ញាណប័ណ្ណបាន ដោយថាពួកគាត់ភាគីច្រើនធ្វើការនៅក្រៅប្រទេសនិងចាស់ជរាជាដើម។
លោកមានប្រសាសន៍ថា៖ “ថ្ងៃមុនយើងបានគណនាទៅប្រហាក់ប្រហែលជា៣លាននាក់ ប៉ុន្តែយើងមិនទាន់ដកចំណាកស្រុកនិងចាស់ជរា ហើយនិងជនមួយចំនួនដែលគាត់អត់ត្រូវទទួល ដូចជាជនវិកលចរិកឬក៏គាត់ជាប់ពិរុទ្ធ គាត់អត់ត្រូវទទួល យើងអត់ទាន់បានដកចេញអញ្ចឹងយើងមើលទៅនៅសល់ប្រហាក់ប្រហែលជា២លាននាក់ បើអញ្ចឹងបានឃើញចំនួនប្រជាជនចូលរួមថយចុះ”។
លោក តុប នេត បញ្ជាក់ថាតាមការស្រាវជ្រាវប្រជាពលរដ្ឋខ្មែរ ដែលចំណាកស្រុកធ្វើការនៅប្រទេសថៃ ទំាងស្របច្បាប់និងមិនស្របច្បាប់មានប្រមាណប្រហែល១លាននាក់។ លោកអំពាវនាវឲ្យប្រជាពលរដ្ឋទំាងនោះ ត្រូវចំណាយពេលសមស្របណាមួយមកធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មីឲ្យបានមុនការបោះឆ្នោត។
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្តីបន្ទោសមន្រ្តីដែលលោកថាមិនបានដោះស្រាយសេវាតម្រូវការរបស់ប្រជាពលរដ្ឋ ដែលរួមមានការធ្វើសៀវភៅគ្រួសារនិងអត្តសញ្ញាណប័ណ្ណជាដើម។ លោកបញ្ជាឲ្យអាជ្ញាធរត្រូវតែដោះស្រាយសេវាតម្រូវរបស់ប្រជាពលរដ្ឋឲ្យបានឆាប់រហ័សនិងមានតម្លាភាព។
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាលោក សន ជ័យ យល់ថាដើម្បីដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋចាស់ជរា ជនពិការ រដ្ឋាភិបាលត្រូវបង្កើតក្រុមការងារមួយចុះទៅដល់មូលដ្ឋានផ្ទាល់ដើម្បីធ្វើឲ្យពួកគេ ជាពិសេសកន្លែងប្តូរលំនៅថ្មី។ ដោយឡែកលោកថាករណីអ្នកចំណាកស្រុក រដ្ឋាភិបាលក៏ត្រូវបង្កើតកន្លែងធ្វើអត្តសញ្ញាណប័ណ្ណនៅតាមជាយដែន ដើម្បីបង្កលក្ខណៈងាយស្រួលឲ្យប្រជាពលរដ្ឋទំាងនោះបានទៅធ្វើទំាងអស់គ្នា។ លោកមានប្រសាសន៍ថា៖ ”បើមានមជ្ឈមណ្ឌលធ្វើអត្តសញ្ញាណប័ណ្ណនៅតាមព្រំដែន នៅតាមជាយដែននៅក្នុងទឹកដីខ្មែរ ខ្ញុំគិតថាអាចជាជម្រើសមួយ ដែលរដ្ឋសិក្សាមើលទៀតទៅ កន្ណាដែលមានប្រជាពលរដ្ឋឆ្លងកាត់នៅច្រើន យើងអាចដាក់នៅទីប្រជុំជនហ្នឹងមើលទៅ ហើយឲ្យពួកគេមានឯកសារគ្រប់គ្រាន់ធ្វើអីខ្លះ ត្រូវធ្វើអ្វីដែលខ្លះដើម្បីអាចចុះឈ្មោះបាន អាហ្នឹងចំណុចសំខាន់ដែលអាចដោះស្រាយបញ្ហានេះបាន”។
គួរបញ្ជាក់ថាកាលពីពេលថ្មីៗនេះ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានប្តេជ្ញាជំរុញមន្រ្តីថ្នាក់ក្រោមឲ្យធ្វើអត្តសញ្ញាណកម្មគំរូថ្មីដល់ប្រជាពលរដ្ឋឲ្យបានចប់សព្វគ្រប់មុនការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨៕