ក្រសួងមហាផ្ទៃព្រមានចាត់វិធានការច្បាប់លើសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ក្រោយពីប្រកាសអនុញ្ញាតឱ្យដង្ហែធម្មយាត្រា

ប្រធាន​សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នក​ស្រី អ៊ុក ឆា​យ៉ាវី ផ្តល់សម្ភាសជាមួយ វីអូឌី ក្នុងឱកាស «ទិវាគ្រូបង្រៀនពិភពលោក» ​នៅ​ទីលានប្រជាធិបតេយ្យ​ ដើម្បីទាមទារឱ្យរដ្ឋាភិបាលលើកកម្ពស់លក្ខខណ្ឌការងារគ្រូបង្រៀនឱ្យប្រសើរ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

ក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការច្បាប់លើសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ប្រសិនបើសមាគមមួយនេះមិនផ្ញើរបាយការណ៍សកម្មភាពរបស់ខ្លួនដាក់ជូនក្រសួងមហាផ្ទៃ នៅត្រឹមដំណាច់ខែកុម្ភៈ ឆ្នាំ២០២៣។

លិខិតក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ផ្ញើទៅកាន់លោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បញ្ជាក់ថា សមាគមត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរអំពីព័ត៌មានរាល់គណនីដែលត្រូវបើក សម្រាប់កិច្ចប្រតិបត្តិការរបស់ខ្លួននៅធនាគារ និងផ្តល់នូវរបាយការណ៍បូកសរុបសកម្មភាពការងារ និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២២ ជូនមកក្រសួងមហាផ្ទៃ ឱ្យបានមុនដំណាច់ខែកុម្ភៈ ឆ្នាំ២០២៣ ជាកំណត់។

ក្រសួងព្រមានថា៖ «ក្នុងករណីសមាគមមិនអនុវត្តតាមស្មារតីនៃលិខិតនេះ ក្រសួងមហាផ្ទៃនឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន»។

ក្នុងពេលជាមួយគ្នានោះ ក្រសួងក៏បានរំលឹកដល់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ត្រូវធ្វើសកម្មភាពឱ្យបានត្រឹមត្រូវតាមការកំណត់ក្នុងលក្ខន្តិកៈដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ ព្រមទាំងបទប្បញ្ញត្តិនៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានាជាធរមានផងដែរ។

គួរកត់សម្គាល់ដែរថា មុននឹងធ្វើការព្រមានចាត់វិធានការច្បាប់ នៅក្នុងលិខិតដែលផ្ញើទៅកាន់លោកស្រី អ៊ុក ឆាយ៉ាវី នោះ ក្រសួងមហាផ្ទៃក៏បានរំលឹកឡើងវិញពីសកម្មភាពរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដែលកាលពីពេលកន្លងទៅថ្មីៗនេះ បានដឹកនាំគ្រូបង្រៀនធ្វើបាតុកម្មនៅក្បែរទីលានប្រជាធិបតេយ្យ ក្នុងគោលបំណងទាមទារឱ្យរដ្ឋាភិបាលដោះលែងអ្នកជាប់ឃុំមនសិការ ប៉ុន្តែត្រូវបានក្រសួងមហាផ្ទៃ ចាត់ទុកសកម្មភាពរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ នៅពេលនោះ ថាជាសកម្មភាពបាតុកម្មខុសច្បាប់ ដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។

ក្រសួងលើកឡើងថា៖ «ក្រសួងមហាផ្ទៃបានពិនិត្យឃើញថា សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានដឹកនាំក្រុមបាតុករធ្វើបាតុកម្មខុសច្បាប់លើទ្រូងផ្លូវសាធារណៈ ក្បែរទីលានប្រជាធិបតេយ្យ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ ដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងបានធ្វើការដង្ហែក្បួនដោយថ្មើរជើង ដើម្បីទៅដាក់ញត្តិនៅសាលាដំបូងរាជធានីភ្នំពេញ និងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលជាសកម្មភាពបំពាននឹងស្មារតី នៃកិច្ចប្រជុំជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដូចបញ្ជាក់ក្នុងកំណត់ហេតុកិច្ចប្រជុំ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ និងកំណត់ហេតុកិច្ចប្រជុំ ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២»។

ការចេញមកព្រមានរបស់ក្រសួងមហាផ្ទៃនេះ គឺតែប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយពីក្រសួងដដែលនេះបានប្រកាសឱ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដង្ហែធម្មយាត្រាដើម្បីលើកកម្ពស់សីលធម៌សង្គមទៅតាមបណ្តាខេត្តមួយចំនួន ដែលចាប់ផ្តើមពីរាជធានីភ្នំពេញ នៅថ្ងៃទី១ ខែកុម្ភៈ ខាងមុខនេះ។

ឆ្លើយតបចំពោះការព្រមានរបស់ក្រសួងមហាផ្ទៃនេះ ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោកស្រី អ៊ុក ឆាយ៉ាវី លើកឡើងថា ​ចាប់តាំងពីមានវិបត្តិជំងឺកូវីដ-១៩មក សមាគម​មិន​​មានជំនួយឧបត្ថម្ភ​ពី​ស្ថាប័ន​ ឬ​ប្រទេស​ណានោះទេ ហើយបុគ្គលិក​របស់​សមាគមធ្វើការងារដោយស្ម័គ្រចិត្តប៉ុណ្ណោះ​ ​ជាហេតុធ្វើឱ្យ​សមាគម​មិន​ទាន់​បាន​ដាក់របាយការណ៍​ដូចអ្វីដែល​ក្រសួងលើកឡើង។​

​អ្នកស្រី អ៊ុក ឆាយ៉ាវី ថា​ជុំវិញ​ករណី​ដែលសមាគមមិនបានដាក់លិខិត​ទៅក្រសួងមហាផ្ទៃ​នេះ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ក៏​ធ្លាប់​ផ្ញើលិខិតជម្រាបក្រសួងពីមូលហេតុ​​នៃការ​ឧបត្ថម្ភទៅក្រសួងរួចរាល់ហើយ​ តែមិនដែលឃើញក្រសួង​ឆ្លើយតប​វិញនៅឡើយទេ​។ ​

អ្នកស្រីថា​៖​ « គ្រប់បែបយ៉ាងក្នុងការចំណាយទៅលើ​ទាំងស្នាក់ការ ទាំងចំណាយរបស់សមាគម ព្រោះយើងអត់មាន​ថាអ្នកណាជាអ្នកផ្ដល់ថវិកាឱ្យយើងកន្លងមក​ ហើយយើងធ្លាប់ដាក់លិខិត​មើល​ហើយ​ថាយើងអត់មានថវិកា ឬធ្វើរបាយការណ៍​ឱ្យក្រសួងមែន​មួយរយៈកន្លងមក ​ដោយសារតែយើងអត់មានថវិកាអីទាល់តែសោះ​»។​

ជាការ​ឆ្លើយតបចំពោះការព្រមានចាត់វិធានការរបស់ក្រសួង​មហាផ្ទៃ​ ថាប្រសិនសមាគមមិន​​​ដាក់របាយការណ៍មុន​ដំណាច់​ខែកុម្ភៈនោះ​ ​អ្នកស្រី អ៊ុក ឆាយ៉ាវី ថ្លែងថានឹង​ពិនិត្យលិខិតឱ្យបានជាក់លាក់ជាមុន​សិន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ