រដ្ឋមន្រ្តីក្រសួងព័ត៌មានបានជំរុញឲ្យមន្ត្រីក្រោមឱវាទរបស់ខ្លួនយកចិត្តទុកដាក់ធ្វើការងារនិងត្រូវពង្រឹង សមត្ថភាពបន្ថែម ខណៈលោករកឃើញថាមន្រ្តីមួយចំនួនបានអសកម្មការងារនិងកង្វះជំនាញការងារ។
ក្នុងកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០១៥និងយុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០១៦ដែលធ្វើឡើងនៅថ្ងៃពុធនេះ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ មានប្រសាសន៍ថាកន្លងទៅមានមន្រ្តីក្នុងក្របខណ្ឌក្រសួងមួយចំនួន អសកម្មការងារនិងមន្រ្តីមួយចំនួនទៀតបានខិតខំរកគ្រប់មធ្យោបាយដើម្បីស្វែងរកតួនាទីនិងមុខតំណែងខ្ពស់ តែលោកថាមិនខិតខំធ្វើការងារនិងមិនខិតខំពង្រឹងពង្រីកសមត្ថភាពដឹកនាំគ្រប់គ្រងនិងសមត្ថភាពជំនាញរបស់ខ្លួន។
លោក ខៀវ កាញារីទ្ធ បានក្រើនរំឭកឲ្យមន្រ្តីពាក់ព័ន្ធរបស់ក្រសួងទាំងអស់ត្រូវពង្រឹងសមត្ថភាពនិងមានឆន្ទៈ អនុវត្តការងារឲ្យបានពិតប្រាកស្របតាមកម្មវិធីកំណែទម្រង់នៃការគ្រប់គ្រងរដ្ឋបាលសាធារណៈរបស់រដ្ឋាភិបាល។ លោកមានប្រសាសន៍ថា៖ “យើងខ្វះមន្រ្តីដែលមានឆន្ទៈនិងជំនាញការងារ តែយើងក៏លើសមន្រ្តី ដែលខ្វះសមត្ថភាពនិងមិនទាន់មានជំនាញពិតប្រាកដ។ មន្រ្តីក្មេងៗមួយចំនួនដែលបានតាំងស៊ុបក្នុងក្របខណ្ឌក្រសួងហើយ ហាក់ដូចជាគ្រាន់តែមកផ្ញើសាំនៅក្នុងក្របខណ្ឌក្រសួងតែទៅធ្វើការកន្លែងផ្សេងទៅវិញ”។
បើតាមផែនការយុទ្ធសាស្រ្តការងាររបស់ក្រសួងសម្រាប់ឆ្នាំ២០១៦នេះ ក្រសួងនឹងពង្រឹង សមត្ថភាពស្ថាប័នទាំងលើការងារដឹកនាំ គ្រប់គ្រងនិងជំនាញបច្ចេកទេសដល់បុគ្គលិក ដោយអនុវត្តគោល នយោបាយយុវភាវូបនីយកម្មយេនឌ័រនិងទំនើបកម្មមូលដ្ឋានសម្ភារៈបច្ចេកទេស ដើម្បីធានាបាននូវនិរន្តរភាពនិងប្រសិទ្ធភាពការងារខ្ពស់។
លោកមានប្រសាសន៍ថា៖ “ពេញមួយឆ្នាំ២០១៥ កន្លងទៅនេះ ថ្នាក់ដឹកនាំ មន្រ្តីរាជការទាំងអស់ ក្នុងក្របខណ្ឌក្រសួងព័ត៌មានទាំងមូល ទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ សម្រេចបានលទ្ធផលការងារច្រើន ស្របតាមទិសដៅនិងភារកិច្ចដែលបានដាក់ចេញកាលពីសន្និបាតបូកសរុបការងារឆ្នាំមុន តែយើងក៏នៅតែមានបញ្ហាប្រឈមមួយដែលត្រូវបន្តដោះស្រាយ ធ្វើយ៉ាងណាឲ្យវិស័យព័ត៌មាននិងសោតទស្សន៍របស់យើង កាន់តែមានការវិវឌ្ឍរីកចម្រើនបន្ថែមទៀត”។
លោក ខៀវ កាញារីទ្ធ បានឲ្យដឹងថាក្នុងឆ្នាំ២០១៥ ក្រសួងបានរៀបចំជ្រើសរើសក្របខណ្ឌថ្មីចំនួន៧១នាក់បន្ថែមទៀត តែលោកថាក្រសួងនៅតែខ្វះមន្រ្តីសម្រាប់បម្រើការងារដដែល។
គួរបញ្ជាក់ថាលោក ខៀវ កាញារីទ្ធ ធ្លាប់ប្រកាសថាខ្លួននឹងចូលនិវត្តន៍ឈប់ធ្វើជារដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅអាណត្តិក្រោយ គឺឆ្នាំ២០១៨ខាងមុខនេះ៕