លោក ហ៊ុន សែន បញ្ជាឱ្យក្រសួងពង្រឹងវិជ្ជាជីវៈអ្នកសារព័ត៌មានអនឡាញក្រោយមានការរិះគន់

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៃសាកលវិទ្យាល័យវេស្ទើន សរុបចំនួន ៣២៣២នាក់ ដែលបានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០១៩-២០២០ ឆ្នាំសិក្សា២០២០-២០២១ និងឆ្នាំសិក្សា២០២១-២០២២ នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ(OCIC) ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាទៅរដ្ឋមន្ត្រីក្រសួងព័ត៌មាន ពង្រឹងវិជ្ជាជីវៈអ្នកសារព័ត៌មានអនឡា​​ញ ក្រោ​​​​​​​យពីមានការរិះគន់ឥរិយាបថលោក សុវណ្ណ រិទ្ធី ចាងហ្វាងសារព័ត៌មាន TVFB ដែលបានស្ដីបន្ទោសអ្ន​​ក​ជួយលើ​ក​​​ម៉ូតូជនរងគ្រោះក្នុងគ្រោះថ្នាក់ចរាចរណ៍មួយនៅលើស្ពានជ្រោយចង្វារ កាលពីពេលថ្មីៗនេះ។

នៅដើមសប្ដាហ៍នេះ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅលើស្ពានជ្រោយចង្វារ ដោយម៉ូតូមួយគ្រឿងជិះគ្នាពីរនាក់ ទៅបុកម៉ូតូកង់៣ ដែលធ្វើដំណើរស្របទិសគ្នា។

គ្រោះថ្នាក់នេះបណ្ដាលឱ្យអ្នកបើកបរម៉ូតូម្នាក់សន្លប់ ដោយឡែកបុរសម្នាក់ដែលឃើញហេតុការណ៍បានឈប់ម៉ូតូ ទម្លាក់កូននិងប្រពន្ធចុះ ហើយស្ទុះទៅលើកម៉ូតូជនរងគ្រោះចេញពីគន្លងផ្លូវដែលកំពុងមានចរាចរណ៍ឆ្លងកាត់។

ប៉ុន្តែក្នុងហេតុការណ៍នោះ ក្រុមលោក សុវណ្ណ រិទ្ធី ដែលចុះផ្សាយផ្ទាល់ បានស្តីបន្ទោសបុរសនោះថា ការលើកម៉ូតូជនរងគ្រោះចេញពីកន្លែងកើតហេតុ ខណៈមន្ត្រីជំនាញមិនទាន់វាស់វែងជាទង្វើខុសច្បាប់ ព្រោះធ្វើឱ្យ​​បា​​​​ត់​ដាននៅកន្លែ​​ងកើតហេតុ បង្កជាផលលំបាកដល់មន្ត្រីជំនាញក្នុងការវាស់វែង សម្រាប់ធ្វើកំណ​ត់ហេតុ ដើម្បីផ្តល់យុត្តិធម៌ដល់ភាគីពាក់ព័ន្ធ។

ជា​ការកត់សម្គាល់ បើទោះបីបុរសលើកម៉ូតូជនរងគ្រោះនោះបានលើកដៃសំពះសុំទោសជាច្រើនដងក៏ដោយ តែក្រុមលោក សុ​វណ្ណ​ រិទ្ធី នៅតែបន្តស្តីបន្ទោស និងបានចោទសួរថាតើការសុំទោសនោះចេញពីចិត្តពិតប្រាកដឬក៏អត់។

សំ​ឡេងជជែកគ្នា៖ «បងឯងទៅលើកម៉ូតូគាត់ វាខុសច្បាប់! បងឯងយល់ខ្ញុំនិយាយអត់? ប៉ុន្តែបើខ្ញុំខុសច្បាប់ ខ្ញុំសុំទោសបងឯងហើយតើ! […] ខ្ញុំអត់ខ្មាសគេទេ ព្រោះខ្ញុំជួយមនុស្ស»។

ក្នុងពិធីចែកសញ្ញាបត្រនៅសាកលវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍នេះ លោកនាយករដ្ឋមន្ត្រីហាក់បង្ហាញការហួសចិត្តចំពោះឥរិយាបថរបស់ក្រុមអ្នកសារព័ត៌មានដែលបានចុះផ្សាយផ្ទាល់នៅកន្លែងកើតហេតុនេះ ដោយថា អ្នកកាសែតគ្មានសិទ្ធិអីទៅគំរាមកំហែងដូចសកម្មភាពដែលបានកើតឡើងនោះទេ។

លោកគូសបញ្ជាក់ថា អ្នកសារព័ត៌មានមិនមែនជានគរបាលយុត្តិធម៌ទេ ហើយមួយវិញទៀត លោកថា នៅលើស្ពាន រឿងខុសត្រូវទុកនៅពេលក្រោយ តែថារឿងសង្គ្រោះមនុស្ស និងបញ្ចៀសការកកស្ទះលើស្ពាន ជារឿងចាំបាច់មុនគេ ដើម្បីបញ្ចៀសបញ្ហាធ្ងន់ធរនៅលើស្ពាន ដែលបញ្ហានេះ លោកបញ្ជាទៅរដ្ឋមន្ត្រីក្រសួងព័ត៌មា​ន ​​លោក ខៀវ កាញារីទ្ធ ពង្រឹងវិជ្ជាជីវៈពួកគេឡើងវិញ។

លោកថា៖ «ឥលូវ [រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ] កាញារីទ្ធ ហៅអ្នកអនឡាញទាំងប៉ុន្មានទៅចូលអប់រំ ខុសម្នាក់ឱ្យទៅទទួលបទពិ​​​​​​សោធទាំងអស់គ្នា លោកឯងជាមេ […] ត្រូវមើល! តែខ្ញុំសូមស្នើថ្ងៃក្រោយ កុំឱ្យមានរឿងរបៀបហ្នឹងកើតឡើ​​​ងទៀត»។

លោក ហ៊ុន សែន បន្ថែមថា ករណីនេះក៏មានការរិះគន់ច្រើនពីមន្ត្រី ដែលខ្លះទាមទារឱ្យដកអាជ្ញាបណ្ណអ្នកសារព័ត៌មានអនឡាញរូបនោះ និងខ្លះឱ្យចាត់វិធានការច្បាប់ ប៉ុន្តែលោកថា បញ្ហាត្រូវបិទបញ្ចប់ត្រឹមការអប់រំ។

លោកថា៖ «អ្នកណាដែលធ្វើសកម្មភាពបែបនេះ គួរតែត្រូវពង្រឹង [វិជ្ជាជីវៈ] កុំបណ្ដោយពេក។ កន្លងទៅ យើង[ក្រសួង]បណ្ដោយជ្រុល។ យើងមិនបិទសិទ្ធិទេ ប៉ុន្តែអ្នកត្រូវគោរពសិទ្ធិគេផងបានទេ? […] គ្នាលើកដៃសុំទោស ហើយថាសុំទោសអស់ពីចិត្តអត់! ន៎ែ! វាទៅអញ្ចេះវិញ! ន៎ែ! វាឆ្ងាញ់អាហ្នឹងៗ វាពេកទេដឹង»។

អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ផុស សុវណ្ណ អះអាងថា ក្រសួងបានធ្វើកិច្ចការនេះជាបន្តបន្ទាប់ ទាំងការ​​ងា​រអប់រំ និងវគ្គបណ្តុះបណ្តាល ហើយថានឹងបន្តធ្វើទៀតនៅខែក្រោយ បន្ទាប់ពីទទួលបានអនុសា​សន៍​ពីប្រ​មុ​ខ​រដ្ឋាភិបាល។

លោកថា៖ «យើង​នឹង​គ្រោង​ធ្វើ​ទៀត​នៅ​ឆ្នាំ២០២៣នេះ ថា​អាច​នឹង​ជា​វគ្គបណ្តុះបណ្តាលមួយ​ទំហំ​តូចៗដែល​អាច​ម្តង​ពី ៥០នាក់​ ទៅ ១០០នាក់ នឹងចាប់ផ្តើមពីខែកុម្ភៈ ឆ្នាំ២០២៣នេះ»។

នាយកប្រតិបត្តិ​សមាគមសម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (CamboJa) លោក ណុប វី យល់ថា ការហៅអ្នក​សារ​ព័ត៌មាន​​ដោ​យ​​ស្ថាប័ន​រដ្ឋា​ភិ​បាល ទោះ​​ក្នុង​​ន័យ​អប់រំ ឬណែនាំ ជាការព្រួយបារម្ភរបស់អ្នកសារព័ត៌មាន​ បើទោះបីជា​អ្នកសារព័ត៌មាននោះ​ បានប្រព្រឹត្តឥរិយាបថឆ្គាំឆ្គងក្ដី។ លោកថា ការហៅអ្នកសារព័ត៌មាន​ទៅអប់រំ ឬណែនាំ​ដោយសមត្ថកិច្ចរបស់រដ្ឋាភិបាល នឹង​ធ្វើឱ្យប៉ះពាល់ដល់​សេរីភាពអ្នកសារព័ត៌មាន។

លោកថា៖ «ការពង្រឹងក្រមសីលធម៌ យើងគួរតែបន្តធ្វើតាមរយៈការរៀបចំឱ្យមានយន្តការឯករាជ្យមួយដែល​បង្កើត​ឡើង​ដោយ​អ្នក​សារព័ត៌​មាន ហើយអ្នកសារព័ត៌មានខ្លួនឯង​ហ្នឹង គឺជាអ្នកត្រួតពិនិត្យតាមដានចំពោះការអនុវត្តក្រមសីលធម៌នេះ»។

ជុំវិញបញ្ហានេះ លោក ខៀវ កាញារីទ្ធ ធ្លាប់លើកឡើង​ក្នុងពិធីបើកសិក្ខាសាលាស្ដីពី «ការអនុវត្តវិជ្ជាជីវៈនិងសេរីភាពសា​រព័​ត៌​មាន ក្នុងក្របខណ្ឌច្បាប់នៃព្រះរាជាណាចក្រកម្ពុជា» កាលពីថ្ងៃទី១៦ ខែ​វិច្ឆិកា ឆ្នាំ២០២១​ ថា អ្នកសា​​រព័​​ត៌​មាន​​នៅកម្ពុជាប្រមាណជា ៨០ភាគរយ មិន​បានរៀន​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន និងឈ្វេ​​ងយ​​ល់​​​ទៅលើ​​ច្បា​​​ប់ស្ដីពីរបបសារព័ត៌មាន និងច្បាប់ព្រហ្មទណ្ឌទេ ដោយ​​ពួកគេចាប់ផ្ដើមប្រកបអាជីពនេះតែម្តង។

លោក ​សុវណ្ណ រិទ្ធី អ្នករាយការណ៍ព័ត៌មានអនឡាញ ធ្លាប់ជាប់ពន្ធនាគារកាលពីឆ្នាំ២០២០ ដោយតុលាការចោទពីបទ ញុះញង់ ក្រោយពីលោកបាន​ដកស្រង់សម្តីលោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​ថ្លែង​អំឡុងកម្ពុជា​ជួប​វិបត្តិ​កូវីដ-១៩​ ថា​ «​បើ​អ្នករត់ម៉ូតូឌុប​ក្ស័យ​ធន លក់​​ម៉ូតូ​​ចាយ​សិន​​ទៅ រដ្ឋាភិបាល​គ្មាន​លទ្ធភាព​ជួយ​​នោះ​ទេ​»។

បទ​ចោទ​នេះធ្វើឱ្យលោក រិទ្ធី ជាប់ពន្ធនាគារប្រមាណជា៦ខែ ក្នុងចំណោមទោស១៨ខែ ក្រោយពីតុលាការផ្តន្ទាទោសដោយកាត់តម្រឹម ក្រោយពីលោក​ត្រូវបាន​ចាប់ខ្លួននៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ