អ្នកមានជម្លោះដីធ្លីមួយក្រុមនៅខណ្ឌជ្រោយចង្វាររកអន្តរាគមន៍ពីស្ថាប័នជាតិធំៗឲ្យជួយទប់ស្កាត់កុំឲ្យអាជ្ញាធររឹបអូសយកដី ពួកគេជិត៣០០ហិកតាដោយអះអាងថាពួកគេបានកាន់កាប់និងអាស្រ័យផលដីនៅតំបន់នោះជាង៣០ឆ្នាំមកហើយ។
អ្នកតវ៉ាបានដង្ហែញត្តិដាក់ទៅរដ្ឋសភា ព្រឹទ្ធសភា និងក្រសួងមហាផ្ទៃនាព្រឹកថ្ងៃទី១០ខែមីនានេះ។
តំណាងសហគមន៍ដីធ្លីនៅសង្កាត់ជ្រោងចង្វារលោក ជា សុផាត អាយុ៦៣ឆ្នាំឲ្យអ្នកសារព័ត៌មានដឹងមុនដាក់ញត្តិទៅកាន់រដ្ឋសភាថាពួកគេជំទាស់នឹងការលើកឡើងរបស់អភិបាលរាជធានីភ្នំពេញលោក ប៉ា សុជាតិវង្ស ដែលគាត់ថាចង់ស្នើរដ្ឋាភិបាលឲ្យចេញអនុក្រិត្យកាត់ដីពួកគេ២៨០ហិកតាជួលឲ្យក្រុមហ៊ុនអភិវឌ្ឍន៍ទីក្រុងរណបមួយនៅតំបន់នោះឈ្មោះ (OCIC) ដោយមិនផ្តល់សំណងឲ្យពួកគាត់ជាម្ចាស់ដី។
លោក ជា សុផាត យល់ថាការរឹបអូសយកដីអ្នកភូមិដោយមិនផ្តល់សំណងនេះលោកថាជាការអនុវត្តផ្ទុយពីគោលនយោបាយរបស់រដ្ឋាភិបាល។ លោក ជា សុផាត ទទូចឲ្យប្រធានរដ្ឋសភាលោក ហេង សំរិន ជួយទប់ស្កាត់ករណីនេះ។
លោកថា៖ “បើចង់អភិវឌ្ឍសុំឲ្យមានតម្លាភាពសម្រាប់ទាំងអស់គ្នាទាំងម្ចាស់ដីទាំងសាលាក្រុងទាំងក្រុមហ៊ុន OCIC មិនមែនយកផលប្រយោជន៍តែម្នាក់ឯងឲ្យមានបានតែខ្លួនឯងម្ខាងៗឲ្យពលរដ្ឋរងទឹកភ្នែកទេ”។
ស្ត្រីតវ៉ាម្នាក់ទៀតឈ្មោះ អ៊ុំ សុផុន អះអាងដែរថាការលើកឡើងរបស់អភិបាលរាជធានីភ្នំពេញនេះស្ត្រីរូបនោះថាជារឿងអយុត្តិធម៌សម្រាប់ពួកគេ២៥៨គ្រួសារដែលអះអាងថាបានមករស់នៅតំបន់នោះច្រើនឆ្នាំមុនការអភិវឌ្ឍរបស់ក្រុមហ៊ុន(OCIC)។
ស្ត្រីរូបនោះថា៖ “បើសិនជាចង់បានដីពួកខ្ញុំធ្វើឲ្យម៉េចដោះស្រាយសំណងឲ្យពួកខ្ញុំអាចទទួលយកបានសុំកុំឲ្យចោទពួកខ្ញុំថាពួកខ្ញុំជាសំណង់អាណាធិបតេយ្យទៀតគឺពួកខ្ញុំអត់ទទួលស្កាល់ទេគឺខ្ញុំអត់ព្រមទេចា! បើគាត់នៅតែចោទទៀតខ្ញុំនៅតែតវ៉ាដល់ទីបំផុត”។
ញត្តិរបស់អ្នកតវ៉ាសរសេរថាដីពួកគេដែលរងផលប៉ះពាល់នោះជាដីលំនៅដ្ឋានរបស់ភូមិចាស់ ដីចំការ និងដីស្រែ។ ញត្តិបញ្ជាក់ថាដីនោះបានបន្សល់ទុកពីដូនតានិងពលរដ្ឋបន្តចូលទៅកាន់កាប់ឡើងវិញក្រោយពីរបបខ្មែរក្រហមដួលរលំ។
ញត្តិអ្នកភូមិឲ្យដឹងទៀតថាពួកគេមួយចំនួនបានមករស់នៅជាបន្តបន្ទាប់តាមរយៈការទិញដូរតាំងពីស្ពានជ្រោយចង្វារមិនទាន់តភ្ជាប់មានឯកសារបញ្ជាក់ដូចជាប្លង់រឹង បង្កាត់ដៃទទួលពាក្យ លិខិតផ្ទេរសិទ្ធិ លិខិតបង់ពន្ធអចលនវត្ថុ សៀវភៅគ្រួសារ ស្នាក់នៅ អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត ប័ណ្ណបោះឆ្នោត និងប័ណ្ណគណបក្សជាដើមដែលទទួលស្គាល់ពីអាជ្ញាធរពាក់ព័ន្ធ។
ក្រោយដាក់ញត្តិតំណាងអ្នកតវ៉ាអះអាងថារដ្ឋសភាបានទទួលរាក់ទាក់និងសន្យាបញ្ជូនសំណើនេះទៅរាជរដ្ឋាភិបាលដើម្បីពន្លឿនស្វែងរកដំណោះស្រាយ។
VODមិនអាចរកការបញ្ជាក់ពីអ្នកនាំពាក្យសាលារាជធានីភ្នំពេញពីលោក ឡុង ឌីម៉ង់ បានទេដោយលោកអះអាងថាជាប់ប្រជុំ។ ប៉ុន្តែកន្លងទៅមន្ត្រីសាលារាជធានីធ្លាប់អះអាងពលរដ្ឋដែលរស់នៅខណ្ឌជ្រោយចង្វារតាមបណ្តោយផ្លូវជាតិលេខ៦Aជិតតំបន់អភិវឌ្ឍន៍ OCIC នោះអាជ្ញាធរថាពួកគេគ្មានប័ណ្ណកម្មសិទ្ធិដែលទទួលស្គាល់ពីស្ថាប័នពាក់ព័ន្ធទេ។
ក្រុមអ្នកតវ៉ាអះអាងថាជម្លោះដីនៅតំបន់នោះបានកើតឡើងតាំងពីឆ្នាំ២០១១ចាប់ពីក្រុមហ៊ុន(OCIC)ទទួលបានសិទ្ធិវិនិយោគធ្វើក្រុងរណបនៅខណ្ឌជ្រោយចង្វារនោះ។
ប៉ុន្តែពួកគេថាការដែលពលរដ្ឋនៅតែតវ៉ាដោយសាតែសាលារាជធានីតម្រូវឲ្យពលរដ្ឋទទួលយកគោលនយោបាយសំណងត្រឹម១៥ដុល្លារក្នុងដីមួយម៉ែត្រការ៉េខណៈតម្លៃទីផ្សារដីនៅតំបន់នោះពួកគេថាមានតម្លៃចាប់ពី៣៥០ទៅ៩០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់សិទ្ធិដីធ្លីរបស់សមាគមអាដហុកលោក យី សុខសាន្ត លើកឡើងថាជម្លោះដីធ្លីនៅតំបន់នោះ អាចរកច្រកចេញរួចលុះណាមានការសម្រេចពីអាជ្ញាធរថ្នាក់ជាតិ។ មន្ត្រីសង្គមស៊ីវិលរូបនោះជំរុញឲ្យរដ្ឋាភិបាល បង្ហាញតម្លាភាពនៃការដោះស្រាយសំណងជូនអ្នកដែលរងផលប៉ះពាល់តាមតម្លៃទីផ្សារទើបអាចជួយលប់បំបាត់ភាពក្រីក្របាន។
លោកថា៖ “រដ្ឋាភិបាលចូលចិត្តណាស់យករបស់គេឲ្យគោលនយោបាយដល់គ្នាទៅទិញវិញតាមទីផ្សារសេរីអាហ្នឹងខ្ញុំស្នើឲ្យលប់ចោលទៅអាទង្វើរបៀបនេះនោះ”។
មន្រ្តីសង្គមស៊ីវិលអះអាងថារដ្ឋាភិបាលគួរប្រែក្លាយតំបន់អភិវឌ្ឍន៍នោះទៅជាប្រភពរកចំណូលរបស់ពលរដ្ឋនៅទីនោះជាជាងធ្វើឲ្យពលរដ្ឋភ័យខ្លាចនិងបាត់បង់ជម្រកនៅពេលដែលតំបន់អភិវឌ្ឍន៍ទៅដល់៕