ពលរដ្ឋខ្មែរ​ធ្វើ​បាតុកម្ម​នៅ​អាមេរិក​ទាមទារ​ឱ្យ​ដោះលែង​អ្នក​ទោស​នយោបាយ​នៅ​កម្ពុជា​

ពលរដ្ឋខ្មែរនៅក្រៅប្រទេសបាតុកម្ម​ទាមទារឱ្យ​ដោះលែងអ្នកទោសនយោបាយ​ និងកញ្ញា​ សេង​ ធារី​ នៅទីក្រុង Lowell រដ្ឋ Massachusetts។ (ហ្វេសប៊ុក លោកស្រី មូរ សុខហួ)

ពលរដ្ឋ​ខ្មែរ និង​អ្នក​នយោបាយ​ប្រឆាំង​នៅ​អាមេរិក​ធ្វើ​បាតុកម្ម​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​អ្នក​ទោស​នយោបាយ​ដែល​កំពុង​ជាប់​ពន្ធនាគារ ខណៈ​មន្រ្ដី​រដ្ឋាភិបាល​ថា ការ​ទាមទារ​នេះ​ជា​រូបភាព​បំភ័ន្ដ​ភ្នែក​។

​អនុ​ប្រ​ធាន​​គណបក្សសង្គ្រោះជាតិ​ដែល​ត្រូវ​តុលាការ​កំពូល​រំលាយលោកស្រី មូរ សុខហួ ប្រាប់ វីអូឌី នៅថ្ងៃចន្ទ​នេះ​ថា ពលរដ្ឋខ្មែរ​នៅ​ក្រៅ​ប្រទេស​ ចាប់​ផ្ដើម​ធ្វើ​យុទ្ធការ​ឱ្យ​ដោះលែង​អ្នកទោស​មនសិការ​​ដែល​កំពុង​ជាប់​ពន្ធនាគារ​នៅ​កម្ពុជា។

លោកស្រី មូរ សុខហួ បន្ដថា យុទ្ធនាការនេះ​ចាប់ផ្ដើម​បានពីរ​ទីក្រុង​រួចមកហើយ គឺទីក្រុងឡុងប៉ិច រដ្ឋ​ California និងទីក្រុង Lowell រដ្ឋ​Massachusetts ជារដ្ឋ​ដែលមានពលរដ្ឋខ្មែរ​រស់នៅ​ច្រើនជាងគេ​នៅ​សហរដ្ឋអាមេរិក។ លោកស្រីថា សកម្មភា​ព​នេះ​នឹង​នៅតែ​បន្ដ​រហូត​ដល់​មាន​ការដោះលែង​អ្នកទោស​នយោបាយ​នៅ​កម្ពុជា​។

លោកស្រី មូរ សុខហួ ថ្លែងថា៖ «យើង​នឹង​បន្ដ… បន្ដ​នូវយុទ្ធនាការ​នេះ​រហូត​ដល់​ការ​ដោះលែង សេង ធារី និង​អ្នកទោស​មនសិការ​ដទៃ​ទៀត​»។

​អនុប្រ​ធាន​​គណបក្សសង្គ្រោះជាតិ​ដែល​ត្រូវតុលាការរំលាយ​រូបនេះ បន្ថែមថា ការធ្វើយុទ្ធនាការនេះ ក៏មាន​ការជួបជុំ​គ្នាតាម​ប្រព័ន្ធអនឡាន​ផងដែរ ដើម្បីឱ្យ​រដ្ឋពលខ្មែរ​ទូទាំង​សកលលោក​អាច​ចូលរួម​ក្នុងយុទ្ធនាការនេះ​បាន។ បន្ថែមពីនេះ លោកស្រីថា ការ​ធ្វើ​យុទ្ធនាការ​នេះ​ដើម្បី​បង្ហាញពី​ការសាមគ្គីភាព​រវាង​ខ្មែ​រ​តែមួយ និង​បង្ហាញពីការ​មិន​ពេញចិត្ត​ចំពោះការ​ដាក់ទោស​អ្នកនយោបាយ និង​សកម្មជន​ផ្សេងទៀត។

លោកស្រី មូរ សុខហួរ បន្ដថា ការ​ធ្វើយុទ្ធនាការ​នេះធ្វើឡើង​ដើម្បី​ឱ្យពលរដ្ឋខ្មែរ​មាន​សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញមតិ​និង​ដើម្បីទាមទារ​ឱ្យ​មាន​ការ​ដោះលែង​អ្នកទោស​មនសិការ​ដែល​កំពុងជាប់ឃុំនៅ​កម្ពុជា​ឱ្យមាន​សេរីភាពឡើងវិញ​ដោយ​ឥតលក្ខខណ្ឌ។ ​​​​

លោកស្រី មូរ សុខហូរ បញ្ជាក់ថា៖ «យើង​ទាមទារឱ្យមាន​ការដោះលែង​ជាប​ន្ទាន់ ដោយអត់​លក្ខខណ្ឌ​នូវអ្នកទោសនយោបាយ​ទាំងអស់ ហើយ​អ្នកទោស​នយោបាយ យើងមិន​សំដៅទៅតែ​សកម្មជន ឬសមាជិក​គណបក្សសង្គ្រោះ​ជាតិទេ អ្នកទោស​នយោបាយ​គឺ អ្នកទោស​ដែល​ជាប់ពន្ធនាគារ​ដោយ​អយុត្តិធម៌ ដោយសារ​របបលោក ហ៊ុន សែន គឺបញ្ចប់​សំឡេងបំបាត់សំឡេង អ្នក​ដែលហ៊ាន​តស៊ូ​ ការពារ​សិទ្ធិសេរីភាព ហ៊ាន​និយាយ​ការពិត​ទៅលើ​សភាពការណ៍​ទាំងឡាយ​ដែលប៉ះពាល់​ផលប្រយោជន៍ពលរដ្ឋ ដល់សិទ្ធិពលរដ្ឋ ​​ប៉ះពាល់ដល់​ធនធានធម្មជាតិ»។

បន្ថែមពីនេះ លោកស្រី ឱ្យដឹងទៀតថា ការធ្វើយុទ្ធនាការនេះ ដើម្បីឱ្យពលរដ្ឋខ្មែរ​នៅក្រៅប្រទេសដឹង​ពី​ស្ថានភាពពិតនៅ​ប្រទេសកម្ពុជានិង ដើម្បីយក​ញត្តិដាក់​ទៅ​អភិបាលក្រុងនីមួយៗ​ដែល​ពលរដ្ឋខ្មែរ​រស់នៅ។

អ្នកនាំពាក្យគណបក្សប្រជាជន លោក សុខ ឥសាន បានប្រាប់ វីអូឌី នៅថ្ងៃចន្ទ​នេះថា ការ​ធ្វើបាតុកម្មទាមទារ​ឱ្យមាន​ការដោះលែង​មន្ត្រីគណបក្សប្រឆាំងនេះ ជា​រូបភាពបំភ័ន្តតែ​ប៉ុណ្ណោះ។ ក្នុងន័យនេះ លោកថា ការចាប់ខ្លួន​អ្នកទោសទាំងនោះ តុលាការ​មានហេតុផល​និងសំណុំរឿងច្បាស់លាស់ មិនមែន​ចេះតែ​កាត់​សេចក្ដីនោះ​ទេ។

លោក សុខ ឥសាន ថ្លែងថា៖ «អាហ្នឹង វាគ្រាន់​តែរូបភាព​នយោបាយ ធ្វើឱ្យវា​គគ្រឹកគគ្រេង​តែប៉ុណ្ណោះទេ រឿងវា​កើតឡើង​នៅស្រុកខ្មែរទេ ហើយវា​មាន​ពិរុទ្ធភាព​ហើយ បាន​ជាត្រូវ​ជាប់គុក អាហ្នឹងវាអ៊ីចឹង! តុលាការ​គេមានហេតុផល គេមាន​សំណុំរឿងច្បាស់លាស់ មានភស្តុតាង​អីបាន​គេកាត់​សេចក្ដី ហើយ​កាត់សេចក្ដីវា​ចូលជាស្ថាពរហើយ សាលក្រមហ្នឹង! ហើយរហូតទៅ​ដល់ទោសពន្ធនាគារហើយ។អ៊ីចឹង​ចូលតាមណា វាត្រូវចេញតាមហ្នឹង!​ ឥឡូវ​ចូលគុក ដោយសារ​តុលាការកាត់ក្ដី ហើយចង់ចេញពីគុក លុះត្រាតែតុលាការហ្នឹង កាត់សេចក្ដីយ៉ាងណាទៀត បានជា​ចេញបាន មិនមែន​ចូលគុក ដោយសារការ​ធ្វើបាតុកម្មបាន​ចូលគុក ហើយ​បន្ទាប់មកចេញពីគុក​ធ្វើបាតុកម្មនោះទេ»។

ទាក់ទិននឹងករណីនេះលោក សុខ ឥសាន បន្ថែមថា ទោះបីជាមានការធ្វើបាតុកម្មទាមទារយ៉ាងណា ក៏មិនអាចមានការលើកលែងទោសបានដែរ។ លោក​បញ្ជាក់ថា កាលណា​ប្រព្រឹត្តល្មើសច្បាប់ តុលាការ​នឹងកាត់ក្ដីសម្រេចតាមនោះ​ហើយ។

លោក សុខ ឥសាន មានប្រសាសន៍ថា ៖ «វាអត់មានទេ! កុំជឿតាម​អ្នកនយោបាយ​អគតិមួយចំនួន​កាលណាធ្វើ ប្រព្រឹត្តល្មើស​ច្បាប់ហើយ មាន​ពិរុទ្ធភាពហើយ តុលាការគេ​កាត់អស់ហើយ ទោះបីបាតុកម្មយ៉ាងណា​ក៏ដោយ ក៏វាអត់រួចដែរ ហើយកុំចង់យកបញ្ហាដែលអ​ត់រួចនោះ ធ្វើជា​សភាពការ​នយោបាយអាប់អួរ​ឆ្ពោះទៅ​រកការបោះឆ្នោតអី អត់ទេ»។

នាយកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ដំណោះស្រាយ​ដ៏ល្អសម្រាប់រឿងនេះ​គឺ ការចរចា ឬប្រកាន់​យក​នូវវប្បធម៌​នៃការ​សន្ទនាដូច​ដែលអ្នកន​យោបាយជើងចាស់​បានធ្វើកន្លងមក នៅ​ពេលមានការជាប់គាំង​វិបត្តិនយោបាយ។ ក្នុងន័យនេះ លោកថា ការចរចា​នឹងធ្វើឱ្យ​កាន់តែ​មានភាពប្រសើរឡើង​រវាងភាគីពាក់ព័ន្ធទាំងអស់ផងដែរ។

លោក អំ សំអាត ថ្លែងថា៖ «អ៊ីចឹង​ចំណុចទាំងអស់ហ្នឹង យើងយល់ហើយថា ដែល​អង្គការសង្គមស៊ីវិលយើង​មើលឃើញហ្នឹង! វាមាន​តែ​ដំណោះស្រាយ​ផ្នែកនយោបាយ បានន័យថា ការចរចា ឬក៏បន្តនូវវ​​ប្បធម៌នៃការសន្ទនា ដូចប​ទពិ​សោធន៍ដូចអ្នកនយោបាយជើងចាស់ ធ្លាប់ធ្វើកន្លងៗ​មក​ នៅពេល​ដែលមាន​ការគាំងវិបត្តិនយោបាយ​អីជាដើមនោះ ហើយ​មានការ​ដោះស្រាយ​អីគ្នាទៅ។ យើងឃើញថា សកម្មជន​ឬក៏សមាជិក​នៃ​គណបក្ស​នយោបាយ​អី​មិន​ត្រូវបាន​ដោះលែង​អីអីចឹងទៅ ដែលវា​មានតែងាកទៅរកថា ធ្វើយ៉ាងម៉េច អ្នកនយោបាយទាំងអស់​អាចបន្តនូវការចរចា និងការ​សន្ទនាហ្នឹងបាន ហ្នឹងវា​ជារឿង​ល្អមួយ​សម្រាប់អ្នកនយោបាយ ហើយក៏វាជារឿងល្អ​សម្រាប់សកម្មជន​ដែលជាប់​ពន្ធនាគារនោះដែរ»។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ