ប្រធានសហភាពសហជីពកម្ពុជា (CCU) លោក រ៉ុង ឈុន បង្ហាញការសោកស្ដាយ ដែលសាលាដំបូងរាជធានីភ្នំពេញ មិនអនុញ្ញាតឱ្យលោកទៅចួលរួមសមាជសហភាពសហជីពអន្តរជាតិ(ITUC) នៅប្រទេសអូស្រ្ដាលី។
កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ លោក រ៉ុង ឈុន តាមរយៈមេធាវីរបស់លោក គឺលោក សំ សុគង់ បានដាក់លិខិតមួយច្បាប់ទៅសាលាដំបូងរាជធានីភ្នំពេញ ស្នើសុំការអនុញ្ញាតធ្វើដំណើរទៅបរទេស ដើម្បីចូលរួមសមាជលើកទី៥ របស់សហភាពសហជីពអន្តរជាតិ ដែលប្រព្រឹត្តទៅនៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។
តែយ៉ាងណា ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ លោក ច្រឹង ខ្មៅ បានចារ «មិនឯកភាព» លើសំណើរនោះ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយពុំមានបញ្ជាក់ពីមូលហេតុ។
ពាក់ព័ន្ធនឹងករណីនេះ សហភាពសហជីពកម្ពុជា (CCU) នៅថ្ងៃព្រហស្បតិ៍នេះ បានចេញសេចក្តីថ្លែងការណ៍មួយ បង្ហាញការសោកស្ដាយដែលសាលាដំបូងរាជធានីភ្នំពេញ បដិសេធការស្នើសុំរបស់មេធាវីការពារក្តីឱ្យ លោក រ៉ុង ឈុន និងបានចាត់ទុកការសម្រេចរបស់សាលាដំបូង ថាជាការគាបសង្កត់សេរីភាពការធ្វើដំណើរទៅលើ លោក រ៉ុង ឈុន និងមិនបានផ្តល់តម្លៃដល់ស្ថាប័ន ITUC ដែលជាស្ថាប័នអន្តរជាតិធំមួយ។ សហជីពនេះ បានស្នើដល់តុលាការពិចារណាឡើងវិញនូវសេចក្តីសម្រេចបដិសេធមិនឱ្យ លោក រ៉ុង ឈុន ទៅចូលរួមមហាសន្និបាតនោះ ដើម្បីតម្កល់ផលប្រយោជន៍ជាតិជាធំ។
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន មានប្រសាសន៍បន្ថែមលើសេចក្តីថ្លែងការណ៍ថា ITUC គឺជាស្ថាប័នអន្តរជាតិមួយដែលមានសមាជិកចំនួនជាង ៤០០លាននាក់ និងមានអង្គការជាសមាជិកចំនួន៣០០ ហើយគោលបំណងដែលលោកទៅចូលរួមសមាជនេះ គឺដើម្បីជ្រើសរើសមេដឹកនាំ និងកំណត់គោលនយោបាយអាណត្តិថ្មី។
លោកបន្ថែមថា សហភាពសហជីពកម្ពុជា ក៏ជាសមាជិករបស់អង្គការអន្តរជាតិមួយនេះ ហើយការស្នើសុំទៅចូលរួមនេះ ទាំងរូបលោក និងមេធាវី សុទ្ធតែបានធានាអះអាងថា លោកនឹងត្រលប់មកប្រទេសកម្ពុជាវិញក្រោយកិច្ចប្រជុំ ប៉ុន្តែតុលាការនៅតែបដិសេធដោយគ្មានមូលហេតុ។
លោកថា៖ «យើងមើលឃើញថា ទង្វើបែបនេះគឺជាទង្វើរឹតត្បិត គាបសង្កត់មកលើសេរីភាពក្នុងការធ្វើដំណើររបស់ខ្ញុំ ពីព្រោះខ្ញុំមានលិខិតអញ្ជើញត្រឹមត្រូវ ហើយខ្ញុំមានការធានាអះអាងទាំងមេធាវី និងស្ថាប័ន(ITUC) ថានឹងត្រឡប់មកវិញ»។
លោក រ៉ុង ឈុន បន្ថែមថា ការបិទសិទ្ធិសេរីភាពរបស់លោកមិនឱ្យទៅប្រជុំនៅក្រៅប្រទេសនេះ មិនបានផ្ដល់ផលចំណេញដល់កម្ពុជានោះទេ ប៉ុន្តែផ្ទុយទៅវិញ កម្ពុជាអាចរងនូវការរិះគន់ និងការថ្កោលទោសពីសហគមន៍អន្តរជាតិ។
លោកថា៖ «អង្គការធំៗមានILO មានអង្គការផ្សេងៗដែលមានវត្តមានមកចូលរួមនៅក្នុងហ្នឹង គេនឹងជ្រាបអំពីបញ្ហាករណីដែលតុលាការមិនអនុញ្ញាតឱ្យខ្ញុំចូលរួម ដូច្នេះគេនឹងធ្វើការថ្កោលទោស ហើយគេនឹងកត់សម្គាល់ថា កម្ពុជាយើងហ្នឹងវាអត់សេរីភាព មានលក្ខណៈអាក្រក់ត្បិតក្បៀតលើមេសហជីព»។
អ្នកនាំពាក្យអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល មិនឆ្លើយតបជុំវិញមូលហេតុនៃការបដិសេធនេះទេ ដោយថា នេះគឺជាការសម្រេចរបស់ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ លោក ច្រឹង ខ្មៅ។
វីអូឌី មិនអាចសុំបញ្ជាក់ពីលោក ច្រឹង ខ្មៅ បានទេ នៅថ្ងៃនេះ។
កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោស លោក រ៉ុង ឈុន ឱ្យជាប់ពន្ធនាគារ ២ឆ្នាំ ពីបទ «ញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» បន្ទាប់ពីលោកចុះទៅពិនិត្យព្រំដែនកម្ពុជា-វៀតណាម នៅខេត្តត្បូងឃ្មុំ កាលខែកក្កដា ឆ្នាំ២០២០។
ប៉ុន្តែកាលពីថ្ងៃទី១២ ខែវិឆ្ឆិកា ឆ្នាំ២០២១ ប្រធានក្រុមប្រឹក្សានៃសាលាឧទ្ធរណ៍ លោក យន់ ណារ៉ុង បានប្រកាសសាលដីកាដោយសម្រេចកាត់តម្រឹមទោសឱ្យលោក រ៉ុង ឈុន ជាប់ពន្ធនាគារ ១ឆ្នាំ ៣ខែ ១១ថ្ងៃ ខណៈទោសដែលនៅសល់ត្រូវព្យួរ និងដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការរយៈពេល៣ឆ្នាំ ដោយអំឡុងពេល៣ឆ្នាំនេះ បើសិនជាលោកត្រូវផ្លាស់ប្ដូរលំនៅ ចេញទៅក្រៅប្រទេស ត្រូវជូនដំណឹង ដោយមានការឯកភាពពីតុលាការជាដើម។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា បានលើកថាករណីលោក រ៉ុង ឈុន គឺស្ថិតក្នុងដំណើរការនៃការស៊ើបអង្គេតបន្ថែមរបស់តុលាការ តែដំណើរការនេះមានរយៈពេលយូរខែមកហើយ។ ករណីនេះ លោកយល់ថា តុលាការគួរតែសម្របសម្រួលយ៉ាងណាឱ្យលោក រ៉ុង ឈុន អាចទៅចូលរួមកិច្ចប្រជុំជាលក្ខណៈអន្តរជាតិនេះ ខណៈកន្លងមក លោក រ៉ុង ឈុន តែងអនុវត្តគ្រប់នីតិវិធីរបស់តុលាការ។
លោកថា៖ «ករណីនេះ សម្រាប់ដើម្បីជាផលប្រយោជន៍ដល់ខាងគាត់ផ្ទាល់ គួរតែមានការសម្របសម្រួលឱ្យគាត់បានទៅចូលរួម ព្រោះមើលទៅប្រសិនបើគាត់មានឆន្ទៈ បើគាត់មិនគេចខ្លួន ហើយត្រលប់មកវិញ ហើយគាត់តែងតែអនុវត្តតាមបំពេញតាមនីតិវិធីតាមតុលាការ»។
បើតាមលោក រ៉ុង ឈុន នេះជាលើកទី២ហើយ ដែលសាលាដំបូងរាជធានីភ្នំពេញ សម្រេចមិនអនុញ្ញាតឱ្យលោកធ្វើដំណើរទៅក្រៅប្រទេស ខណៈការបដិសេធលើកទី១ គឺនៅពេលដែលលោកស្នើសុំចេញទៅពិនិត្យនិងព្យាបាលជំងឺនៅប្រទេសថៃ កាលពីពាក់កណ្តាលខែមករា ឆ្នាំ២០២២៕