កូនប្រុសច្បងរបស់នាយករដ្ឋមន្រ្តី គឺលោក ហ៊ុន ម៉ាណែត បានសម្រេចថាលោកនឹងមិនចូលរួមការដង្ហែក្បួនវប្បធម៌ចូលឆ្នាំខ្មែរនៅទីក្រុងឡុងប៊ិច ក្រោយពីប្រជាពលរដ្ឋខ្មែរអាមេរិកកាំងមួយចំនួនបានប្រកាសថានឹងធ្វើបាតុកម្មប្រឆាំងរូបលោក។
លោក ហ៊ុន ម៉ាណែត ជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនក្រៅប្រទេសនិងជាមេបញ្ជាការរងកងទ័ពជើងគោក ត្រូវបានអញ្ជើញដោយគណៈកម្មាធិការបុរីកម្ពុជាទៅសហរដ្ឋអាមេរិក ដើម្បីចូលរួមពិធីក្បួនដង្ហែបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១០ ខែមេសាខាងមុខនេះ។
លោក ហ៊ុន ម៉ាណែត បានសរសេរនៅលើហ្វេសប៊ុករបស់លោកនៅព្រឹកថ្ងៃអាទិត្យនេះថាពីដើមឡើយ លោកបានយល់ព្រមតាមការអញ្ជើញ ដោយលោកថាដើម្បីលើកស្ទួយវប្បធម៌និងកិត្តយសជាតិកម្ពុជា។ លោកមានប្រសាន៍ថា៖ “ខ្ញុំសម្រេចចិត្តទទួលយល់ព្រមចូលរួមក្នុងពិធីនេះតាមការអញ្ជើញរបស់គណៈកម្មាធិការបុរីកម្ពុជា គឺដើម្បីបង្ហាញការគាំទ្រយ៉ាងពេញទំហឹងរបស់ខ្ញុំចំពោះគោលគំនិតដ៏ល្អរបស់គណៈកម្មាធិការ ដែលចង់ឃើញខ្មែររួបរួមគ្នា ដោយមិនប្រកាន់ទីកន្លែងរស់នៅ(នៅអាមេរិក នៅស្រុកខ្មែរឬនៅប្រទេសណាទេ) និន្នាការនយោបាយ សាសនា ដើម្បីលើកស្ទួយកិត្តិយសជាតិខ្មែរនៅលើឆាកអន្តរជាតិក្នុងឱកាសដ៏ពិសេសនេះ”។
លោក ហ៊ុន ម៉ាណែត បន្តថាដោយសារមានការរៀបចំនិងបំផុសប្រឆាំងការចូលរួមនេះ លោកសម្រេចឡើងវិញថាមិនចូលរួមតាមការអញ្ជើញនេះ។ លោកបញ្ជាក់ថា៖ “វាមិនមែនជាពេលវេលាសម្រាប់បង្ហាញសាច់ដុំដាក់គ្នារវាងអ្នកគាំទ្រនិងអ្នកមិនគាំទ្រទេ ដែលនេះបង្ហាញពីការបែកបាក់រវាងខ្មែរនិងខ្មែរ នាំឲ្យជាតិសាសន៍យើងអាប់អោន។ ក្នុងស្មារតីជាកូនខ្មែរមួយរូប ខ្ញុំមិនចង់ឃើញនូវភាពល្អក់កករនិងការបែកបាក់រវាងខ្មែរនិងខ្មែរ ជាពិសេសដើម្បីបញ្ចៀសអំពើហិង្សាដែលអាចកើតមានឡើងរវាងអ្នកគាំទ្រនិងអ្នកមិនគាំទ្រក្នុងពេលព្យុហយាត្រា ដែលនាំឲ្យខាតប្រយោជន៍ជាតិសាសន៍យើងទាំងមូល ខ្ញុំនិងក្រុមការងារបានសម្រេចចិត្តមិនចូលរួមក្នុងពិធីព្យុហយាត្រានោះទេ”។
ទោះជាយ៉ាងណា លោក ហ៊ុន ម៉ាណែត នឹងរួមកម្មវិធីដែលរៀបចំដោយពលរដ្ឋខ្មែរអាមេរិកកាំងនៅរដ្ឋផ្សេងៗ។
កន្លងទៅ លោក ហ៊ុន ម៉ាណែត ធ្លាប់បានលើកឡើងថាការចូលរួមចូលឆ្នាំខ្មែរនៅអាមេរិកមិនមែនជារឿងនយោបាយនោះទេ។ ចំណែកអង្គការសម្ព័ន្ធមិត្តខ្មែរអាមេរិកកាំងធ្លាប់បានចេញសេចក្តីថ្លែងការណ៍មួយ ដោយលើកឡើងថាភាពចម្រូងចម្រាសដែលកំពុងតែកើតមានទ្បើងនេះ គឺមិនមែនជារឿងនយោបាយនោះទេ ប៉ុន្តែជា”រឿងភាពថ្លៃថ្នូរជាមនុស្សនិងសេចក្តីគោរពចំពោះអ្នកដែលត្រូវបានបង្ខំឲ្យក្លាយជាជនរងគ្រោះដោយសាររបបឃោរឃៅនេះ”។ អង្គការបានបញ្ជាក់ថា៖ “សារដែលបងប្អូនយើងបានផ្ញើនោះគឺច្បាស់ណាស់ថាពលរដ្ឋខ្មែរ-អាមេរិកាំងនឹងមិនស្វាគមន៍ហើយទទួលយកកូនប្រុសនៃជនផ្តាច់ការដែលជាអ្នកគាំទ្រនូវគោលនយោបាយគាបសង្កត់របស់ឪពុកគាត់នោះបានទ្បើយ”៕
កែតម្រូវ៖ លោក ហ៊ុន ម៉ាណែត គ្រាន់តែមិនចូលរួមការដង្ហែក្បួនវប្បធម៌ចូលឆ្នាំខ្មែរនៅទីក្រុងឡុងប៊ិច តែលោកនឹងចូលរួមកម្មវិធីចូលឆ្នាំនៅរដ្ឋផ្សេងៗនៅអាមេរិក ដែលលោកត្រូវបានអញ្ជើញឲ្យចូលរួម។