ទំពាំងស្នងឫស្សី អ្នកក្រោយស្នងអ្នកមុន ជាសុភាសិតដែលខ្មែរភាគច្រើនយល់ តែខ្មែរភាគតិចប៉ុណ្ណោះដែលអនុវត្តបាន។ ដីមានជីជាតិមិនមែនទំពាំងទាំងអស់សុទ្ធតែមានវាសនាមានដុះតាំងទីនោះទេ ក៏រឹតតែមិនមែនចេះតែមានដីទំនេរចោលនោះដែរ មានឫស្សីជាច្រើនរស់អាស្រ័យមុន សឹងមិនមានកន្លែងសល់សម្រាប់ទំពាំងខ្ចីអាចលេចត្រួយបាន។ ល្មមដល់ពេលទស្សនៈ ទំពាំងស្នងឫស្សីត្រូវបានប្រជែងនិងកែលម្អហើយ។
ទីមួយ គឺសុភាសិតនេះសាមញ្ញាពេកដែលមិនឆ្លុះបញ្ចាំងពីតថភាពជាស្តែង។ មិនមែនឫស្សីឬទំពាំងជាប្រភេទតែមួយឬមានប្រភេទតែមួយនោះទេ។ ទំពាំងដែលជាពន្លកចេញពីឫស្សីដែលដុះនៅកន្លែងមានជីជាតិ ប្រាកដណាស់ពួកគេនឹងបានស្នងកន្លែងឫស្សីមេរបស់ពួកគេ ទោះបីមានឧបសគ្គឬអ្នករារាំងដូចម្តេច ក៏ឫស្សីចេះទុកដាក់កូនទំពាំងរបស់ខ្លួនដែរ។ តែចំណែកឯទំពាំងឫស្សីចាស់ទ្រុឌទ្រោមដុះនៅដីដែលមិនត្រូវប៉ាន់វិញ នឹងមិនងាយបានស្នងឫស្សីនៅដីជីជាតិឡើយ ផ្ទុយទៅវិញឫស្សីធំៗទាំងនោះនឹងពង្រីកដែនអំណាចមិនឲ្យមានចន្លោះសល់ដល់ទំពាំងក្រៅខោនោះឡើយ។ ដីល្អតែងមានអ្នកកក់ទុក!
ទីពីរ ទំពាំងស្នងឫស្សី បង្កប់លាក់ខ្លឹមសារត្រួតត្រាមួយគឺ មានតែឫស្សីប៉ុណ្ណោះដែលទំពាំងត្រូវតែស្នងឬធ្វើតាម ពោលគឺអ្នកជំនាន់ក្រោយត្រូវតែជាទំពាំង មិនអាចជារុក្ខជាតិផ្សេងៗជាច្រើនទៀត ដែលមានប្រយោជន៍ ខុសពីនេះឡើយ ហើយក៏ត្រូវជំនួសឫស្សីឬធ្វើតាមអ្វីដែលឫស្សីបង្គាប់ដែរ។ គ្មានទេអត្តសញ្ញាណខ្លួនឯង ទំពាំងត្រូវតែដើរតាមស្មារតីឫស្សីមិនអាចជំទាស់បានជាដាច់ខាត។ ដូច្នេះ ទំពាំងកើតមកគ្រាន់តែដើម្បីស្នងប៉ុណ្ណោះ!
ទីបី ទំពាំងនិងឫស្សីមិនមែនសុទ្ធតែល្អទាំងអស់ទេ អាចមានមិនត្រឹមតែទំពាំងរលួយនោះទេ មានទាំងឫស្សីពុកផុយផងដែរដែលទាំងនេះបង្កើតពុម្ពផ្សេងគ្នា។ ក្នុងករណីឫស្សីពុម្ពមិនល្អផង គេពុំអាចបន្ទោសថាទំពាំងមិនកើតឡើយ។ ពាក្យស្នងគ្រាន់តែជំនួសកន្លែងមែនទេ? វាមិនបានបញ្ជាក់ច្បាស់ថាចំណុចណាគួរចម្លង ចំណុចណាមិនគួរទេ។ ស្នងដូចម្តេចបើគ្មានចំណុចល្អឲ្យស្នងផងនោះ? ឫស្សីមានបក្សពួកចែកគុម្ព រើសអើងក្រុម បង្កើតខ្សែស្រឡាយ បំពុលទំពាំង ស្រូបយកជីជាតិមិនបន្សល់ឲ្យទំពាំងក្រោយ…មានគំរូល្អតិចណាស់ដែលទំពាំងគួរស្នង ឬក៏តម្រូវឲ្យទំពាំងចម្លងឲ្យដូចបេះបិទឬ?
បីចំណុចយ៉ាងសង្ខេបនេះពុំអាចឱបក្រសោបអស់សេចក្តីឡើយ តែហោចណាស់មានខ្លឹមសារដ៏សំខាន់មួយដែលយើងមិនគួរភ្លេច៖ ពិចារណាថ្លឹងថ្លែងអំពីគំនិតណាមួយឲ្យបានច្បាស់លាស់ ចៀសវាងការចេះតែយល់ស្របមិនហ៊ានប្រជែងឬប្រឆាំងនឹងគំនិតឆ្គាំឆ្គងណាមួយ ទោះបីគំនិតនោះជាគំនិតដែលគេទទួលស្គាល់យល់ស្របទាំងអស់គ្នាក៏ដោយ។ ដល់ពេលហើយដែលគេគួរផ្លាស់ប្តូរអ្នកស្នង។ ទន្ទឹមនឹងឫស្សីមានស្នាមពុកផុយច្រើន គេពិបាកនឹងរំពឹងថាអាចបង្កើតទំពាំងល្អណាស់។ បើទំពាំងពន្លាគុម្ពថ្មី សាងអ្វីល្អៗ ពន្លាតដីមានជីជាតិ បង្កើតការវិវត្តថ្មីស្រឡាងវិញ នោះទើបលំនាំផ្សេងអាចលេចឡើង។ ក្នុងលំនាំនេះក៏អាចនាំឲ្យមានសេរីភាពក្នុងជ្រើសរើសប្រភេទផ្សេងដែរ ពោលគឺមិនមែនធ្វើជាទំពាំងរហូតនោះឡើយ។ ទំពាំងអាចជម្នះបាន គឺប្រហែលឫស្សីដែលត្រូវស្នងទំពាំង!
អត្ថបទដោយនិស្សិតបញ្ចប់ការសិក្សាផ្នែកវិទ្យាសាស្ត្រសង្គម