ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានចាត់ទុកចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយ(ACU)លើករណី លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំង ជារឿងគ្មានប្រយោជន៍ដល់សាធារណៈនិងថាអង្គភាពនេះមិនស្គាល់ពីតួនាទីរបស់ខ្លួន។
កាលពីថ្ងៃទី២៤ខែមីនា ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង បានប្រកាសទទួលយកបណ្ដឹងរបស់ក្រុមយុវជនដែលបានប្ដឹងលោក កឹម សុខា ថាបានផ្ដល់លុយឲ្យស្រីស្នេហ៍ទិញផ្ទះនិងដី ហើយអាចជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ។
លោក សម រង្ស៊ី បានសរសេរនៅលើហ្វេសប៊ុករបស់លោកកាលពីថ្ងៃចន្ទថាអំពើពុករលួយគឺជាទង្វើរបស់អ្នកមានអំណាចក្នុងការកេងប្រវ័ញ្ចនិងលួចផលចំណេញពីការលក់ដូរឬការប្រើប្រាស់ទ្រព្យសម្បត្តិជាតិ ទ្រព្យសម្បត្តិរាស្ត្រនិងទ្រព្យសម្បត្តិរដ្ឋ ជាពិសេសតាមរយៈការគ្រប់គ្រងថវិកាជាតិ។ លោកបន្តថា៖ “មានតែមន្ត្រីគណបក្សកាន់អំណាច(CPP)ទេដែលអាចប្រព្រឹត្តទង្វើបែបនេះបាន ពីព្រោះវាជាការប្រើអំណាចរបស់រដ្ឋដោយខុសច្បាប់ ដើម្បីបំផ្លិចបំផ្លាញផលប្រយោជន៍សាធារណៈ”។ លោកបញ្ជាក់បន្ថែមថា៖ “មន្ត្រីគណបក្សប្រឆាំង (CNRP)មិនមានអំណាចអ្វីជាតំណាងរដ្ឋឬតំណាងរដ្ឋាភិបាលដើម្បីប្រព្រឹត្តអំពើពុករលួយ”។
លោក សម រង្ស៊ី បានឲ្យដឹងទៀតថាករណីលោក កឹម សុខា ដែលកំពុងរងការចោទប្រកាន់រឿងអាស្រូវស្នេហា គឺជារឿងឯកជនហើយថាគ្មានប៉ះពាល់ដល់ផលប្រយោជន៍ជាតិឬផលប្រយោជន៍សាធារណៈនោះទេ។ លោកបន្តថា៖ “ធនធាននិងលុយកាក់ដែលឯកជនគេចាយវាយហើយដែលមិនបានមកពីការកេងប្រវ័ញ្ចឬលួចកិបកេងទ្រព្យសម្បត្តិជាតិ ទ្រព្យសម្បត្តិរាស្ត្រនិងទ្រព្យសម្បត្តិរដ្ឋ គឺជារឿងឯកជនសុទ្ធសាធ ដែលអង្គភាពប្រឆាំងអំពើពុករលួយមិនត្រូវរវីរវល់ទេ”។
មេដឹកនាំបក្សប្រឆាំងរូបនោះបានលើកឡើងករណីមួយចំនួនដែលលោកថាអង្គភាពប្រឆាំងអំពើពុករលួយគួរតែចាត់ការ រួមមានការប្លន់ដីប្រជាពលរដ្ឋ ការកាប់បំផ្លាញព្រៃឈើ ការធ្វើអាជីវកម្មបំផ្លាញបរិស្ថានដូចជាការវាយកម្ទេចភ្នំនិងការបូមខ្សាច់ ការយកទ្រព្យសម្បត្តិរដ្ឋ ដូចជាអគារសាធារណៈទៅលក់ ដើម្បីប្រមូលលុយដាក់ចូលហោប៉ៅបុគ្គលឬបក្ខពួក ការកិបកេងថវិការដ្ឋយកទៅចាយវាយ ដើម្បីគ្រាន់តែបម្រើផលប្រយោជន៍បុគ្គលឬបក្ខពួក ការផ្តល់កិច្ចសន្យាជាមួយរដ្ឋឲ្យទៅតែបក្ខពួករបស់ខ្លួន ការស៊ីសំណូកសូកប៉ាន់ពីថៅកែរោងចក្រដើម្បីឲ្យថៅកែគាបសង្កត់កម្មករ ការបែងចែកឡូត៍នេសាទ តាមតែសំណូកសូកប៉ាន់ជាដើម។
វីអូឌីមិនទាន់អាចសុំការឆ្លើយតបភ្លាមៗពីលោក ឱម យ៉ិនទៀង បាននៅឡើយទេ។ កាលពីសប្តាហ៍មុន លោកបានថ្លែងថាអង្គភាពសម្រេចចិត្តទទួលយកពាក្យបណ្ដឹងរបស់ក្រុមយុវជន បន្ទាប់ពីមន្ត្រីជំនាញរបស់ខ្លួនបានរកឃើញថាសំឡេងខ្សែអាត់ដែលបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកកន្លងមកគឺជាសំឡេងរបស់លោក កឹម សុខា និងនារីម្នាក់ឈ្មោះស្រីមុំ ពិតមែន។ លោកបន្តថាអង្គភាពប្រឆាំងអំពើពុករលួយក៏បានសម្រេចថានឹងហែកសំបុត្រប្រកាសទ្រព្យសម្បត្តិរបស់លោក កឹម សុខា ផងដែរ។
លោកមានប្រសាសន៍ថា៖ “ខ្សែអាត់ដែលបានធ្វើកោសល្យវិច័យនេះចំនួន៣៤ឃ្លីប ៦៣ទំព័រនេះបញ្ជាក់ថា ជាសំឡេងពិតរបស់តួអង្គនីមួយៗ អ្នកណាគឺសំឡេងរបស់អ្នកហ្នឹងពិត ទី២ អ.ប.ព(អង្គភាពប្រឆាំងអំពើពុករលួយ)ទទួលយកពាក្យបណ្ដឹងរបស់ប្អូនយកមកមុខការ មុខការនេះធ្វើដល់ត្រឹមណាខ្ញុំធ្វើដល់ត្រឹមហ្នឹង ដោយគោរពគោលការណ៍អភ័យឯកសិទ្ធរដ្ឋសភា”។
ពាក់ព័ន្ធនឹងការចោទប្រកាន់អំពីរឿងអាស្រូវស្នេហានេះ លោក កឹម សុខា មិនបានបកស្រាយអ្វីនោះទេ ប៉ុន្តែលោកបានបញ្ជាក់នៅលើហ្វេសប៊ុករបស់លោកថា”យើងមិនត្រូវធ្វើតាមអារម្មណ៍ឬធ្វើអ្វីតាមតែគេចាក់ឲ្យយើងលោតនោះទេ” និងត្រូវប្រកាន់ខ្ជាប់នូវឃ្លាថា ”កុំឈ្លោះ កុំឆ្លើយ និងកុំឆ្លង”។ ចំណែករដ្ឋសភាបានចេញលិខិតមួយទៅរូបលោក ឲ្យបំភ្លឺតាមញត្តិរបស់យុវជនដែលបានដាក់ទៅរដ្ឋសភាឲ្យលោក កឹម សុខា បកស្រាយរឿងខ្សែអាត់សំឡេងដែលត្រូវបានទម្លាយតាមប្រព័ន្ធសង្គមហ្វេសប៊ុក៕