តំណាងបណ្ដាញសហគមន៍ព្រៃឡង់មកពី៤ខេត្តបានស្នើឲ្យរដ្ឋាភិបាលដាក់ពួកគេឲ្យចូលរួមការពារតំបន់ព្រៃឡង់ជាមួយអាជ្ញាធរនិងសា្ថប័នពាក់ព័ន្ធដើម្បីជួយទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនៅតំបន់នោះ។
ការស្នើចូលរួមការពារព្រៃឡង់ បន្ទាប់ពីក្រុមបណ្តាញសហគមន៍មិនមានជំនឿទៅលើអាជ្ញាធរក្នុងការទប់ស្កាត់បទល្មើសនាពេលកន្លងមក ហើយថាជនល្មើសកំពុងបន្តកាប់ព្រៃឈើយ៉ាងអនាធិបតេយ្យ ដោយមិនទាន់មានអាជ្ញាធរចុះបង្រ្កាបនិងទប់ស្កាត់នោះទេ។
កាលពីថ្ងៃទី៣១ ខែមីនា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថារដ្ឋាភិបាលសម្រេចដាក់ព្រៃឡង់និងព្រៃភ្នំក្រវ៉ាញជាតំបន់ការពារ ខណៈតំបន់ទាំងនេះត្រូវបានប្រជាសហគមន៍រាយការណ៍ជាបន្តបន្ទាប់ថារងការកាប់បំផ្លាញពីមួយថ្ងៃទៅមួយថ្ងៃ។
តំណាងបណ្ដាញសហគមន៍ព្រៃឡង់មកពីខេត្តកំពង់ធំ លោក ហឿន សុភាព លើកឡើងថាសកម្មភាពកាប់បំផ្លាញ់ព្រៃឈើនៅតំបន់ព្រៃឡង់នៅតែមានការកើនឡើងជារៀងរាល់ថ្ងៃ ទោះបីជារដ្ឋាភិបាលបានប្រកាសដាក់ព្រៃឡង់ជាតំបន់ការពារក៏ដោយ។ លោកមានប្រសាសន៍ថា៖ “ប្រសិនបើអត់មានការរួមគ្នាទេគឺ ខាងខ្ញុំមានការព្រួយបារម្ភមែនទែន ព្រោះយើងឃើញព្រៃការពារ ព្រៃអភិរក្សមួយចំនួនដែលយើងបានឃើញ គឺវាមានបរាជ័យជាច្រើន ដូចជាតំបន់ព្រៃបំពេញមួយកន្លែង ដែលយើងឃើញថាជាព្រៃមួយដែលរដ្ឋាភិបាលបានផ្ដល់ការវិនិយោគទៅឲ្យក្រុមហ៊ុនផ្សេងៗដែលដាំចម្ការកៅស៊ូឬក៏ដាំដំណាំកសិឧស្សាហកម្មផ្សេងទៀតដែលយើងបានឃើញ”។
តំណាងសហគមន៍ព្រៃឡង់មកពីព្រះវិហារម្នាក់ទៀតចង់ឲ្យរដ្ឋាភិបាលបង្ហាញព័ត៌មានពិតលើគម្រោងដាក់ព្រៃឡង់ជាតំបន់ការពារ ហើយស្នើឲ្យអាជ្ញាធរសហការការពារព្រៃឡង់ជាមួយពួកគាត់ដោយតម្លាភាពនិងចៀសវាងអាជ្ញាធរឃុបឃិតកាប់ព្រៃលក់ជាមួយឈ្មួញ។
ពេលកន្លងមកក្រុមបណ្តាញសហគមន៍ព្រៃឡង់ក៏ត្រូវបានជនមិនស្គាល់មុខគំរាមកំហែងខណៈពេលចុះល្បាតព្រៃ។
វីអូឌីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងបរិស្ថានលោក សៅ សុភាព ដើម្បីសុំការឆ្លើយបំភ្លឺបានទេជុំវិញបញ្ហានេះ។
កាលពីខែមីនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសដាក់ព្រៃឡង់និងព្រៃភ្នំក្រវ៉ាញជាតំបន់ការពារ ហើយបញ្ជាឲ្យរដ្ឋមន្រ្តីក្រសួងពាក់ព័ន្ធដកហូតព្រៃសម្បទានមកវិញទាំងអស់។
ដោយឡែកក្រសួងបរិសា្ថនក៏កំពុងរៀបចំសេចក្ដីព្រាងក្រមបរិស្ថានមួយដើម្បីការពារផលប៉ះពាល់លើធនធានធម្មជាតិឲ្យមានប្រសិទ្ធភាពខ្ពស់។
ការសម្រេចរបស់លោកនាយករដ្ឋមន្រ្តីក្នុងការដាក់ព្រៃឡង់ជាតំបន់ការពារ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលកាលពីថ្ងៃទី១៥ ខែមករា បានបង្កើតគណៈកម្មការចម្រុះមួយ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើព្រៃឈើនៅភាគឦសាននៃប្រទេស។ គណៈកម្មការនេះមានតួនាទីចុះទប់ស្កាត់និងបង្ក្រាបសកម្មភាពអនាធិបតេយ្យកាប់ព្រៃឈើ ការនាំចេញឈើខុសច្បាប់និងបទល្មើសព្រៃឈើនានា ស្រាវជ្រាវរកអ្នកដែលពាក់ព័ន្ធ ចាប់ជនល្មើសនិងវត្ថុតាងនៃបទល្មើស សហការជាមួយភាគីវៀតណាមនិងឡាវ៕