រដ្ឋមន្រ្តី​បរិស្ថានថា​ពិត​ជា​មានការ​កាប់ឈើ​នៅ​​ព្រៃឡង់

លោក សាយ សំអាល់ (ស្ដាំ) និង​លោក William A. Heidt ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន​ក្រោយត្រឡប់​ពី​​ជិះឧទ្ធម្ភាគចក្រមើលព្រៃឡង់ (រូបភាព​៖ ឃុត សុគន្ធ)

រដ្ឋមន្រ្តីក្រសួងបរិស្ថានលោក សាយ សំអាល់ នៅរសៀលថ្ងៃចន្ទនេះបានប្រាប់អ្នកសារព័ត៌មានក្រោយត្រឡប់ពីជិះឧទ្ធម្ភាគចក្រមើលព្រៃឡង់ថា លោកបានឃើញការកាប់ព្រៃឈើនៅទីនោះ ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិតបន្ថែមទៀតពីបញ្ហានេះទេ។

នៅព្រឹកថ្ងៃចន្ទនេះ រដ្ឋមន្រ្តីក្រសួងបរិស្ថានលោក សាយ សំអាល់ បានជិះឧទ្ធម្ភាគចក្រមើលព្រៃឡង់ជាមួយឯកអគ្គរដ្ឋទូតអាមេរិក លោក William A. Heidt និងមន្ត្រីក្រសួងពាក់ព័ន្ធ ដោយការជិះឧត្ថម្ភាគចក្រមើលព្រៃឡង់នេះត្រូវគេអះអាងថាធ្វើឡើងដើម្បីលើកកម្ពស់ការយល់ដឹងលើការបំផ្លាញព្រៃឈើ និងបង្កើនការគាំទ្ររបស់រដ្ឋាភិបាលក្នុងការការពារព្រៃឈើ។

បន្ទាប់ពីចុះចតនៅរាជធានីភ្នំពេញ លោក សាយ សំអាល់ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា រដ្ឋាភិបាលកំពុងចុះបញ្ជីដីធ្លី និងរៀបចំអនុក្រឹត្យដើម្បីដាក់ព្រៃឡង់ជាតំបន់អភិរក្ស ដោយបញ្ឈប់ការផ្តល់ដីសម្បទាន។ លោកបន្ថែមថា ព្រៃឡង់នៅកម្ពុជាសព្វថ្ងៃមានទំហំប្រហែលជា៣០ម៉ឺនហិកតា ហើយលោកបានឃើញថាកំពុងមានការកាប់ព្រៃឈើនៅទីនោះ។ ទោះយ៉ាងណា លោកមិនបានបកស្រាយលម្អិតជុំវិញសំណួរដែលអ្នកសារព័ត៌មានបានសួរនោះទេ ដោយលោកគ្រាន់តែប្រាប់ថារងចាំការធ្វើសន្និសីទសារព័ត៌មាននាពេលខាងមុខ។

លោក សាយ សំអាល់ មានប្រសាសន៍ថា៖ យើងបានសិក្សាហើយយើងបានធ្វើការជាមួយនឹងអាជ្ញាធរមូលដ្ឋាន ហើយការធ្វើការនេះគឺរដ្ឋបាលព្រៃឈើបានធ្វើជាច្រើនឆ្នាំកន្លងមកហើយ។ ឥឡូវហ្នឹងខ្ញុំមិនចង់និយាយពីទំហំទេ ដោយសារថានៅក្នុងប៉ុន្មានថ្ងៃខាងមុខទៀតយើងនឹងរៀបចំឲ្យមានសិក្ខាសាលាពិគ្រោះយោបល់ចុងក្រោយនូវអ្វីដែលរដ្ឋបាលព្រៃឈើលោកបានធ្វើកន្លងមកជាមួយដៃគូពាក់ព័ន្ធជាមួយនឹងសហគមន៍ព្រៃឡង់អីទាំងអស់ហ្នឹង ដើម្បីយើងកំណត់យកទំហំចុងក្រោយ។  ឥឡូវហ្នឹងទំហំចុងក្រោយគឺល្បាក់៣០ម៉ឺនជាងហ្នឹង ក៏ប៉ុន្តែខ្ញុំមិនទាន់ចង់ថាយកតួលេខនេះជាផ្លូវការទេ ចង់សុខចិត្តឲ្យមានការពិគ្រោះយោបល់មួយចុងក្រោយសិន មុននឹងខ្ញុំរៀបចំអនុក្រឹត្យដាក់ទៅគណៈរដ្ឋមន្រ្តីដើម្បីសុំការអនុម័តតែម្តង”

ឯកអគ្គរដ្ឋទូតអាមេរិក លោក William A. Heidt មានប្រសាសន៍ថា អាមេរិកបាននិងកំពុងផ្តល់ការគាំទ្រការធ្វើការងារជាមួយក្រុមសហគមន៍ និងរដ្ឋាភិបាលកម្ពុជា លើការធ្វើឲ្យប្រសើរឡើងនូវដំណើរការអភិវឌ្ឍន៍គម្រោងការពារព្រៃឈើ។ លោកមានប្រសាសន៍ថា៖ ការការពារព្រៃឈើជាចំណុចស្នូលនៃកម្មវិធីរបស់យើងជាច្រើនឆ្នាំមកហើយ។ ហើយយើងលើកទឹកចិត្តដល់ស្ថាប័នរដ្ឋាភិបាល ក្រសួងដែលធ្វើការពាក់ព័ន្ធនឹងតំបន់នោះធ្វើការឲ្យបានជិតស្និទ្ធទាំងអស់គ្នា ដូចជាការធ្វើការជាមួយអាជ្ញាធរថ្នាក់មូលដ្ឋាន អភិបាលខេត្ត អភិបាលស្រុក។ ដូច្នេះ យើងនឹងព្យាយាមធ្វើសហប្រតិបត្តិការ និងផ្តោតការធ្វើការងារជាមួយមន្ត្រីពាក់ព័ន្ធ”

យោងតាមរបាយការណ៍របស់សមាគមអាដហុកបានឲ្យដឹងថា យ៉ាងហោចណាស់មានក្រុមហ៊ុនចំនួន៣៣ដែលបានទទួលដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលដើម្បីធ្វើការវិនិយោគនៅក្នុងតំបន់ព្រៃឡង់ដែលសមាគមនេះអះអាងថាមានផ្ទៃដីសរុបជាង១លានហិកតា។

សេចក្តីព្រាងអនុក្រឹត្យស្តីពីការបង្កើតតំបន់ព្រៃការពារ និងអភិរក្សជីវចម្រុះ «ព្រៃឡង់» ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១១ ចំនួន៩មាត្រា មានគោលដៅបង្កើតតំបន់ព្រៃការពារសម្រាប់អភិរក្សជីវចម្រុះ “ព្រៃឡង់” ដែលស្ថិតនៅក្នុងខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង មានផ្ទៃក្រឡាសរុបទំហំ ៦១៥,៣០៦ ហិកតា។ ហើយនៅថ្ងៃទី៣១ ខែមីនា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា រដ្ឋាភិបាលសម្រេចដាក់ព្រៃឡង់ និងព្រៃភ្នំក្រវ៉ាញ ជាតំបន់ការពារ តាមសំណើរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងរដ្ឋមន្រ្តីក្រសួងកសិកម្ម។ លោកបញ្ជាក់ថាការសម្រេចនេះគឺដើម្បីការពារព្រៃឈើល្អៗសម្រាប់ប្រទេសកម្ពុជា។

វេបសាយផ្លូវការរបស់បណ្តាញសហគមន៍ព្រៃឡង់(www.preylang.net)បង្ហាញថា ព្រៃឡង់មានទំហំ៣៦០០គីឡូម៉ែត្រក្រឡា ស្មើនឹង៣៦០,០០០ហិកតា ជាប់នឹងខេត្តចំនួន៤គឺខេត្តព្រះវិហារ កំពង់ធំ ក្រចេះ និងខេត្តស្ទឹងត្រែង។ ព្រៃដ៏ធំមួយនៅកម្ពុជានេះមានប្រជាពលរដ្ឋរស់នៅប្រហែលជា២០ម៉ឺននាក់នៅជុំវិញនោះជាអ្នកពឹងអាស្រ័យអនុផលព្រៃឈើពីព្រៃឡង់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ