គណៈមេធាវីទាមទារឲ្យលោកស្រី ទ្រី ឈូន ជាមេធាវីនៅសមាគមអាដហុកបំភ្លឺករណីដែលលោកស្រីឈប់ការពារក្តីជូន កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ។
ក្នុងលិខិតចុះថ្ងៃទី២៦ខែមេសា គណៈមេធាវីកម្ពុជាបានសរសេរថា “បន្ទាប់ពីសមាគមអាដហុកចេញសេចក្តីប្រកាសព័ត៌មានស្តីពីការមិនបន្តផ្តល់មេធាវីការពារក្តីចំពោះកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំនោះ គណៈមេធាវីបានសង្កេតឃើញបណ្តាសារព័ត៌មាននានាបានផ្សាយនូវព័ត៌មានផ្សេងៗគ្នាដែលធ្វើឲ្យមានមន្ទិលសង្ស័យថា មានការបំពានលើឯករាជ្យភាពនិងសេរីភាពនៃវិជ្ជាជីវៈមេធាវី”។
ដោយយោងលើករណីនេះ គណៈមេធាវីស្នើឲ្យលោកស្រី ទ្រី ឈូន ជាមេធាវីនៅសមាគមអាដហុក “ធ្វើរបាយការណ៍មកគណៈមេធាវីឲ្យបានឆាប់ ដើម្បីឲ្យគណៈមេធាវីចាត់វិធានការស្របតាមច្បាប់និងបទបញ្ញត្តិជាធរមាន”។
លោកស្រី ទ្រី ឈូន មានប្រសាសន៍ថា លោកស្រីទើបបានទទួលលិខិតពីគណៈមេធាវីហើយ ប៉ុន្តែលោកស្រីមិនទាន់សម្រេចថានឹងត្រូវឆ្លើយតបបែបណាឬក៏មិនត្រូវឆ្លើយតបនោះទេ៕