គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជានៃក្រសួងអប់រំឲ្យដឹងថា ខ្លួននឹងចាប់ផ្ដើមដំណើរការធ្វើការវាយតម្លៃទទួលស្គាល់គុណភាពអប់រំសម្រាប់គ្រឹះស្ថានឧត្ដមសិក្សាទាំងសាធារណៈ និងឯកជនចាប់ពីខែមិថុនាតទៅ។
ក្នុងលិខិតមួយចេញថ្ងៃទី៥ ខែឧសភា រដ្ឋមន្ត្រីក្រសួងអប់រំ និងជាប្រធានគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជាលោក ហង់ ជួន ណារ៉ុន បានប្រាប់ទៅសាកលវិទ្យាធិការ និងនាយកនាយិកានៃគ្រឹះស្ថានឧត្ដមសិក្សាថា ចាប់ពីខែមិថុនាតទៅ គណៈកម្មការនឹងចាប់ផ្ដើមដំណើរការវាយតម្លៃគុណភាពអប់រំនៃការបណ្ដុះបណ្ដាលរបស់គ្រឹះស្ថានឧត្ដមសិក្សាទាំងសាធារណៈ និងឯកជន។ គណៈកម្មការបញ្ជាក់ថា ការវាយតម្លៃនេះនឹងអនុវត្តតាមសៀវភៅណែនាំស្ដីពីដំណើរការទទួលស្គាល់គុណភាពអប់រំសម្រាប់គ្រឹះស្ថានឧត្ដមសិក្សា ដោយប្រើប្រាស់ស្ដង់ដាជាតិ និងក្រុមមន្ត្រីវាយតម្លៃគុណភាពអប់រំឧត្ដមសិក្សា។
ក្នុងលិខិតដដែល លោក ហង់ ជួន ណារ៉ុន ក៏បានណែនាំឲ្យសាកលវិទ្យាធិការ និងនាយក នាយិកានៃគ្រឹះស្ថានឧត្ដមសិក្សាឲ្យរៀបចំរបាយការណ៍ស្វ័យវាយតម្លៃ រួចបញ្ជូនទៅអគ្គលេខាធិការដ្ឋានគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំកម្ពុជាចាប់ពីថ្ងៃជូនដំណឹងផងដែរ។
អគ្គលេខាធិការរងគណៈកម្មាធិការទទួលស្គាល់គុណភាពនៃកម្ពុជា លោក ប៉ែន ស៊ីថុល បានឲ្យវីអូឌី(VOD)ដឹងបន្ថែមថា កាលពីឆ្នាំ២០១៥ ក្រសួងអប់រំបានធ្វើរការវាយតម្លៃគុណភាពនៃការបណ្ដុះបណ្ដាលលើគ្រឹះស្ថានឧត្ដមសិក្សាទាំងរដ្ឋ និងឯកជនចំនួន១១គ្រឹះស្ថានរួចមកហើយ។ លោកថា នៅឆ្នាំ១០១៦នេះ ក្រសួងគ្រោងនឹងធ្វើការវាយតម្លៃលើគ្រឹះស្ថានឧត្ដមសិក្សាចំនួន៣៦ តែពុំទាន់សម្រេចជ្រើសរើសសាកលវិទ្យាល័យឬគ្រឹះស្ថានអប់រំណាខ្លះនោះទេ។
លោកមានប្រសាសន៍៍ថា៖ “ឆ្នាំ២០១៥យើងវាយតម្លៃសាកល្បង១១សាលា ឥឡូវឆ្នាំ២០១៦នេះយើងមានគ្រោងវាយតម្លៃ៣៦សាលាបន្ដទៀត”។
លោក ប៉ែន ស៊ីថុល ឲ្យដឹងទៀតថា ក្នុងករណីគ្រឹះស្ថានណាដែលត្រូវបានវាយតម្លៃថាមិនទាន់មានលក្ខណៈសម្បត្តិគ្រាន់ទៅតាមស្ដង់ដានោះ គណៈកម្មការនឹងណែនាំឲ្យគ្រឹស្ថានទាំងនោះឲ្យពង្រឹងគុណភាពរបស់ខ្លួន តែលោកពុំបានបញ្ជាក់ពីវិធានការតទៀតនោះទេ ប្រសិនបើពុំមានការផ្លាស់ប្ដូរ៕